មកដល់ពេលនេះ មន្ត្រីដែលប្រឡូកប្រឡាក់នឹងរឿងអាស្រូវផ្លូវភេទនៅកន្លែងធ្វើការ ដែលដំណាលតាមរឿងដែលគេតែងតែនិយាយលេងថា “ ស៊ីមាន់វត្ត កើតស្រែង” នោះគឺមានច្រើននៅក្នុងសង្គមយើងឥឡូវ។ គ្រាន់តែខ្លះនៅមិនបែកធ្លាយ ប៉ុន្តែបើបែកធ្លាយគឺមានតែការខូចខាតកិត្តិយសនិងអាស្រូវកេរ្តិ៍អសោច ហើយអាចអស់តំណែងថែមទៀត…
មកដល់ពេលនេះ មន្ត្រីដែលប្រឡូកប្រឡាក់នឹងរឿងអាស្រូវផ្លូវភេទនៅកន្លែងធ្វើការ ដែលដំណាលតាមរឿងដែលគេតែងតែនិយាយលេងថា “ ស៊ីមាន់វត្ត កើតស្រែង” នោះគឺមានច្រើននៅក្នុងសង្គមយើងឥឡូវ។ គ្រាន់តែខ្លះនៅមិនបែកធ្លាយ ប៉ុន្តែបើបែកធ្លាយគឺមានតែការខូចខាតកិត្តិយសនិងអាស្រូវកេរ្តិ៍អសោច ហើយអាចអស់តំណែងថែមទៀត ។
រឿងទំនាក់ទំនងផ្លូវភេទនេះ វាពិតជាពិបាកចាប់ហើយក៏វាពិបាករកកំហុសណាស់ដែរ ប្រសិនបើភាគីទាំងសងខាងស្រុះស្រួលគ្នា ហើយគ្មាននរណាតាមទាន់។ ពេលខ្លះគេតាមទាន់ហើយគេក៏ដឹងដែរ ប៉ុន្តែគេខ្ជិលនិយាយ គេខិ្ជលថា ទុកតាមដំណើរ។ ប៉ុន្តែ ប្រសិន រឿងនោះបែកវិញ ដឹងតែត្រូវគេចែករំលែកតាមបណ្តាញសង្គម គេនិយាយដើមពីមុខពីក្រោយយ៉ាងឆ្ងាញ់មាត់មិនខានឡើយ ។
ជាក់ស្តែងរឿងកំពុងតែល្បីសុះសាយនៅលើបណ្តាញសង្គមគឺករណីមន្ត្រីជាន់ខ្ពស់ម្នាក់នៅស្រុកត្បែងមានជ័យនៅក្នុងខេត្តព្រះវិហារ។ ក្រោយពេលដែលស្ត្រីជាមន្ត្រីម្នាក់នៅសាលាស្រុកនេះផ្ទាល់បានស្នើឲ្យតុលាការរកយុត្តិធម៌ដល់ខ្លួន ក្រោយពេលដែលស្ត្រីរូបនោះ បានរងនូវការបៀតបៀនផ្លូវភេទពីសំណាក់ថ្នាក់ដឹកនាំរបស់ខ្លួន ។
រឿងនេះបានចែករំលែកនៅលើបណ្តាញសង្គមនៅក្នុងរយៈពេលមួយសប្តាហ៍មកនេះ ហើយក៏ត្រូវបានសារព័ត៌មានខ្លះធ្វើសេចក្តីរាយាការណ៍ផងដែរ។
តាមដំណើរសាច់រឿងដែលគេបានចែករំលែក គឺថា ស្ត្រីដែលជាអ្នកបម្រើការ នៅស្រុកត្បែងមានជ័យ អះអាងថា មន្ត្រីថ្នាក់លើ បានបៀតបៀនផ្លូវភេទលើខ្លួនជាច្រើនដងអំឡុងពេលបំពេញភារកិច្ច។ ស្ត្រីដែលជាជនរងគ្រោះទទូចឱ្យរដ្ឋាភិបាលកម្ពុជា ពិសេសតុលាការស្វែងរកយុត្តិធម៌ដល់ខ្លួន ខណៈជនបង្កគំរាមដកតួនាទីស្ត្រីរូបនោះចេញពីក្របខ័ណ្ឌ។
តាមការចែករំលែកគេដឹងថា ស្ត្រីដែលពាក់ព័ន្ធនឹងករណីនេះ មិនមែនជាមន្ត្រីថ្មីទេ។ លោកស្រីបាន ចូលបម្រើការងារនេះរយៈពេលជាង ១០ឆ្នាំមកហើយ ពោលតាំងពីឆ្នាំ ២០១៤មក ប៉ុន្តែរឿងបៀតបៀនផ្លូវភេទតាមសកម្មភាពសកម្មភាពលូកលាន់ ព្រមទាំងប្រើប្រាស់ភាសាលេបខាយ និងបំពានរាងកាយ នេះបានកើតមានឡើងនៅក្នុងអំឡុងរយៈពេល៣ ឆ្នាំចុងក្រោយ រហូតដល់លោកស្រីទ្រាំមិនបានក៏បានបើក ទំលាយរឿងនេះតែម្តង ។
តាមការចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយកន្លងមក បានឲ្យដឹងថា ស្ត្រីដែលបានចោទប្រកាន់មន្ត្រីថ្នាក់លើបានលូកលាន់ខ្លួនលោកស្រីនេះបានកើតមានឡើង នៅក្នុងអំឡុង តាំងពីឆ្នាំ២០២២មក ហើយវាកាន់តែញឹកញាប់ ចាប់ពីឆ្នាំ ២០២៤ ។
ស្ត្រីដែលបានចោទប្រកាន់ករណីនេះបានលើកឡើងថា សកម្មភាពបៀតបៀនបានកើតកាន់តែមានភាព ញឹកញយ ដែលធ្វើឱ្យលោកស្រីទ្រាំលែងបានតទៅទៀតក៏បានទម្លាយរឿងនេះឲ្យសាធារណៈជនដឹងតែម្តងទៅ។
លោកស្រីបានបន្តទៀតថា លោកស្រីបានរៀបចំពាក្យបណ្តឹងហើយ ប៉ុន្តែពុំទាន់មានដំណោះស្រាយណាមួយឡើយមកទល់ពេលនេះ ហើយលោកស្រីនៅតែបន្តអត់ទ្រាំ ទម្រាំដល់ហ៊ានប្រកាសជាធារណៈឡើងដោយសារតែបារម្ភថា ខ្លាចបាត់បង់ការងារ ដែលមានអតីតភាពយូរក៏ចេះតែទ្រាំ រហូតដល់ផ្ទុះឡើងបែបនេះ។
គេនៅមិនទាន់ដឹងថាមកដល់ពេលនេះមន្ត្រីដែលរងនៅការចោទប្រកាន់នឹងមានវាសនាយ៉ាងណានៅឡើយទេ គ្រាន់តែមានព័ត៌មានថា ករណីនេះអាចកំពុងតែស្ថិតនៅក្រោមការសើបអង្តេតដោយស្ថាប័នជំនាញរបស់ក្រសួងមហារផ្ទៃ។
ដូចដែលបានលើកឡើងរួចហើយថា រឿងអាស្រូវផ្លូវភេទនៅក្នុងចំណោមមន្ត្រីគឺមានច្រើន ហើយករណីដែលផ្ទុះក៏មានច្រើនដែរ រីឯមន្ត្រីដែលអស់បុណ្យសក្តិក៏មានជាបន្តបន្ទាប់ ដែរ ។
ដូច្នេះអ្នកដែលកំពុងតែមានទំនាក់ទំនងផ្លូវភេទនៅកន្លែងធ្វើការស្រដៀងគ្នានេះគួរតែរកផ្លូវបញ្ចប់ ហើយសម្អាតបញ្ហាឫរៀបចំដាក់សម្រាស់នៃបញ្ហាឲ្យហើយដើម្បីកុំអោយវាបែកធ្លាយ ។ តែបែកធ្លាយហើយ គឺវាគឺជារឿងដ៏ពេញនិយម សម្រាប់គេចែករំលែកនិងរិះគន់ ដែលអាចនឹងប៉ះពាល់ដល់កិត្តិយសមិនត្រឹមតែផ្ទាល់ខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែគឺកន្លែងធ្វើការនិងស្តាប័នទាំងមូល ។ សូមយកចិត្តទុកដាក់នៅក្នុងបង្ការនិងការពាររឿងនេះ វាគឺជារឿងដ៏រសើបបំផុត តែបែកគឺមានតែរឿងអាស្រូវតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ