រាជធានីភ្នំពេញ៖ កូនខ្មែរទាំងអស់ត្រូវចងចាំទង្វើថៃឈ្លានពានលើកម្ពុជា។ នេះជាការអំពាវនាវរបស់
មន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌។
ថ្លែងក្នុងពិធីមួយនាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ស្តីពី“ តួនាទីយុវវ័យ ក្នុងការរួមចំណែកការពារ ថែរក្សាវប្បធម៌ប្រពៃណីដូនតា “លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងពីព្រឹត្តិការណ៍នៃឈ្លានពានរបស់យោធាថៃលើបូរណភាពទឹកដីកម្ពុជា ហើយផ្តាំកូនខ្មែរទាំងអស់ឲ្យចងចាំទង្វើនេះ និងប្រែក្លាយកំហឹង នេះទៅជាការខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាសរសរទ្រូងនៃប្រទេសជាតិ និងជាអ្នកបន្តវេន្តប្រកបដោយថាមពល ដែលមានតួនាទីសំខាន់ ក្នុងការងារថែរក្សា ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានសុខសន្តិភាព និងវិបុលភាពរុងរឿង។
ជាមួយគ្នានេះ លោកជំទាវ នេត្រ ភូម៉ារី បានថ្លែងថាការងារថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ជាតិ ក៏ជាចំណែកមួយ ទាមទារឲ្យមានការយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មពីសំណាក់យុវជនកម្ពុជាគ្រប់រូប។
សូមជម្រាបជូនថា ការរៀបចំសិក្ខាសាលាស្តីពី «តួនាទីយុវវ័យ ក្នុងការរួមចំណែក ការពារ ថែរក្សា វប្បធម៌ ប្រពៃណីដូនតា» បានឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ក្មួយៗយុវជន យុវនារី ដែលជា កុលបុត្រ កុលធីតាខ្មែរ ប្រកបដោយសក្កានុពល និងជាទំពាំងស្នងឫស្សីដ៏រឹងម៉ាំ ដែលត្រូវចូលរួមថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់និងកិច្ចប្រតិបត្តិផ្សេងៗ របស់ដូនតាខ្មែរ ដែលជាអត្តសញ្ញាណវប្បធម៌ជាតិ និងចូលរួមលើកកម្ពស់វប្បធម៌ជាតិ ដោយក្តីមោទកភាព នៅលើឆាកអន្តរជាតិ៕
ចែករំលែកព័តមាននេះ