ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​អតីត​ចៅសង្កាត់​ចោម​ចៅ​ទី​២ ពី​បទ​គំរាមកំហែង​យក​ប្រាក់​១​លាន​រៀល​ពី​ស្ត្រី​លក់​គ្រឿងញៀ.ន

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៥ ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​អតីត​ចៅសង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ មក​បើក​សវនាការ​ជុំ​ជម្រះ​ទោស ដែល​ជាប់​ពាក់​ពន្ធ​ពី​បទ​.​គំរាមកំហែង…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៥ ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​អតីត​ចៅសង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ មក​បើក​សវនាការ​ជុំ​ជម្រះ​ទោស ដែល​ជាប់​ពាក់​ពន្ធ​ពី​បទ​.​គំរាមកំហែង ​ដោយ​មាន​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ និង​បទ​មិន​ប្តឹង​បរិហារ​ពី​បទ​ឧ​ក្រិដ្ឋ ឬ​បទមជ្ឈិម​ដោយ​អ្នករាជការ​សាធារណៈ (​ពោល​គឺ​គំរាមកំហែងយក​ប្រាក់​១លាន​រៀល​ពី​ស្ត្រី​លក់​គ្រឿងញៀន​) ដែល​បទល្មើស​មាន​ចែង​តាម​បញ្ញត្តិ​មាត្រា ២៣២ និង​មាត្រា ៥២៨ នៃ​ក្រមព្រហ្មទណ្ឌ​ ។

ជន​ត្រូវ​ចោទ​២នាក់ ម្នាក់​ឈ្មោះ វ៉ា សា​រ៉​ង ភេទ​ប្រុស អតីត​ចៅសង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ និង​ម្នាក់ទៀត ​ឈ្មោះ ស៊ុ​យ ជីវ៉ា ភេទ​ស្រី ជាប់​ពាក់​ពន្ធ​ពី​បទ ប៉ុនប៉ង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន តាម​មាត្រា ២៧ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៤០ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿង ញៀន​ ។

ក្រោយ​ពី​បញ្ចា​ប់​ការ​សាកសួរ​ដេញដោល តុលាការ​បាន​សម្រេច​លើក​ពេល​ប្រកា​ល​សាលក្រម ដោយ​កំណត់​យក​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២៥ ដើម្បី​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ​។

សូម​ជម្រាប​ថា ៖ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក ប៉េង ម៉េ​ង​គ័ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ​បុគ្គល ​២ រូប ៖
១.​ឈ្មោះ វ៉ា សា​រ៉​ង ភេទ​ប្រុស ជា​ចៅសង្កាត់​ចោម​ចៅ​ទី​២ ពី​បទ​.​គំរាមកំហែង​ដោយ​មាន​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ និង​បទ​.​មិន​ប្តឹង​បរិហារ​ពី​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​ដោយ​អ្នករាជការ​សាធារ​ណៈ តាម​មាត្រា ២៣២ និង​មាត្រា ៥២៨ នៃ​ក្រមព្រហ្មទណ្ឌ ។
២.​ចោទ​ប្រាន់​ឈ្មោះ ស៊ុ​យ ជីវ៉ា ភេទ​ស្រី ពី​បទ​.​ប៉ុនប៉ង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន តាម​មាត្រា ២៧ នៃ​ក្រម​ព្រហ្ម ទណ្ឌ និង​មាត្រា ៤០ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។

ក្រោយ​ពី​តំណាង​អយ្យការ​ចោទប្រកាន់​បុគ្គល​ទាំង​២ រួច​មក សំណុំរឿង​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​នីតិវិធី និង​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ ។

សូម​ជម្រាប​ទៀត​ថា ឈ្មោះ វ៉ា សា​រ៉​ង ចៅសង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌពោធិ៍​សែន​ជ័យ និង​ស្ត្រី​ម្នាក់​ឈ្មោះ ស៊ុ​យ ជីវ៉ា ហៅ​កុ​ត ដែល​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ បន្ទាប់​ពី​បែកធ្លាយ​សារសំឡេង​ចរចា​ទារប្រាក់​ចំនួន​១ លាន​រៀល ជា​ថ្នូរ នឹង​ការ​មិន​ចាប់ខ្លួន ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ ។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរ បាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់ ត្រូវ បាន​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ ឃាត់ ខ្លួន កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។ លោក វរសេនីយ៍ ឯក សំ វិច្ឆិកា បន្ត​ទៀត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់ គឺ​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​ឃាត់ខ្លួន​លោក វ៉ា សា​រ៉​ង ចៅសង្កាត់​ចោម​ចៅ​ទី​២ បានសារភាព​កំហុស និង​បញ្ជាក់​ថា សារ​សំឡេង​នោះ​ពិតជា​សំឡេងរបស់​លោក​ប្រាកដ​មែន​។ ចំណែក​ស្ត្រី​ជា​ម្ចាស់​សំឡេង ដែលនិយាយ​ចរចា​ជាមួយ​ចៅសង្កាត់​ចោម​ចៅ​ទី​២ ក៏​បាន​សារភាព​ដែរ​ថា ខ្លួន​ធ្លាប់​ចែកចាយ​គ្រឿងញៀន​ចំនួន​ពីរ​លើក​មក​ហើយ​ ។

ជនសង្ស័យ​ឈ្មោះ ស៊ុ​យ ជីវ៉ា បាន​បំភ្លឺ​ថា កាលពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២៤ ខ្លួន​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់ខ្លួន ​និង​ដោះ​លែង​វិញ ដោយសារ​មិន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​។ ប៉ុន្តែ​បន្ទាប់​ពី​ដោះ​លែង បើជា​ចៅសង្កាត់​ចោម​ចៅ​ទី​២ បាន​ទូរសព្ទ​មក​គំរាម​កំហែង​ទារប្រាក់​ពី​ខ្លួន​ ចំនួន​១លាន​រៀល ជា​ច្រើន​លើក​ច្រើន​សារ ហើយ​ខ្លួន​មានការ​ភិតភ័យ ក៏​លួច​ថត​សំឡេង​លោក​ចៅសង្កាត់​ទុក​ រួច​ផ្ញើ​ទៅ​អ្នក​ស្គាល់គ្នា ហើយ​គេ​ក៏​យក​ទៅ​បង្ហោះ​លើ​បណ្តាញ​សង្គម​TikToK​ ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក៏​បាន​បែក​ធ្លាយ​វី​ឌី​អូរ​សារ​សម្លេង​ឆ្លង​ឆ្លើយ​គ្នា​តាម​ទូរសព្ទរវាង​លោក វ៉ា សា​វ៉ង ចៅសង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាមួយ​ស្ត្រី​ម្នាក់​ចរចា​គ្នា​រឿង​លុយកាក់​ពាក់ព័ន្ធ​និង​គ្រឿងញៀន​។ នៅ​ក្នុង​សារ​សំ​ឡេង​នោះ លោក​ចៅសង្កាត់​ចោម​ចៅ​២ បាន​ចរចា​ទារប្រាក់​ពី​ស្ត្រី​ជា​មុខសញ្ញា​គ្រឿងញៀន​ជា​ច្រើន​ ​ហើយ​ស្ត្រី​រូប​នោះ​ថា​មាន​តែ​១០, ២០ម៉ឺន​រៀល​ទេ ក្រោយមក​លោក​ចៅសង្កាត់​បង្ខំ​ឱ្យ​យក​១០០ ដុល្លារ​សិន ដែល​គាត់​នឹង​ចេញ​ឲ្យ​គេ​ហូប​បាយ​១៥០ដុល្លារ ជា​ថ្នូរនឹង​ការ​មិន​ចាប់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ​។

បន្ទាប់​ពី​បែកធ្លាយ​សារ​សម្លេង​នោះ ត្រូវ​បាន​អ្នកលេង​បណ្តាញ​សង្គម​បង្ហោះ​ចែកចាយ​បន្ត​គ្នា​ព្រោងព្រាត​។ ទន្ទឹម​នឹង​នោះ​លោក​ចៅសង្កាត់​ចោម​ចៅ​ទី​២ ក៏​បាន​ធ្វើការ​បំភ្លឺ​ដែរ​ថា ជា​សារ​សំឡេង​របស់​គាត់​ពិតប្រាកដ​មែន​។ តែ​នៅ​ក្នុង​សារ​សំឡេង​នោះ លោក ចៅសង្កាត់​បញ្ជាក់​ថា ទំនង​លោក​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ