ទីក្រុងម៉ូស្គូ៖ ថ្ងៃនេះ លោកពូទីនមានសារនយោបាយផ្ដាំទៅលោកត្រាំដែលទើបតែបង្រួញឱសានវាទពីរយៈពេល៥០ថ្ងៃមកត្រឹម១០ថ្ងៃ។ លោកត្រាំថាបើត្រឹមថ្ងៃទី៨ ខែសីហាខាងមុខនេះគ្មានបទឈប់បាញ់ទេ លោកនឹងសំពងរុស្ស៊ីឱ្យណាណីម្ដង (ដាក់ទណ្ឌកម្ម)។ រឿងទណ្ឌកម្មបើចង់ដាក់គឺអាចដាក់បាន។ គ្រាន់តែថាតើមានប្រសិទ្ធភាពដែរឬទេ? លោកត្រាំទើបតែនិយាយរួចពីមាត់ថាក្រោយពេលដាក់ទណ្ឌកម្ម លោកមិនច្បាស់ថាតើរុស្ស៊ីសុខចិត្តបញ្ឈប់ការវាយប្រហារឬយ៉ាងណា។
លោកពូទីនសង្ឃឹមថាការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែននឹងបន្តទៅមុខទៀត។ លោកថាក្រុមការងារទាំងសងខាងអាចពិនិត្យមើលថាតើចំណុចណាខ្លះគួរបន្ធូរបន្ថយ។ ប៉ុន្តែជាថ្មីម្ដងទៀត លោកនៅតែប្រកាន់ជំហររឹងមាំដដែលថារុស្ស៊ីមិនកែប្រែគោលដៅរបស់ខ្លួនជាដាច់ខាត។ គេនៅចាំបានថាគោលដៅសំខាន់ៗមានដូចជាអ៊ុយក្រែនត្រូវប្រគល់ទឹកដី២០%ទៅឱ្យរុស្ស៊ី, អ៊ុយក្រែនមិនត្រូវចូលអង្គការណាតូ, អ៊ុយក្រែនមិនត្រូវគ្រប់គ្រងដោយរបបណាហ្ស៊ីជំនាន់ថ្មី។
សារនយោបាយរបស់លោកពូទីនលើកនេះកើតឡើង១សប្ដាហ៍មុនឱសានវាទរបស់លោកត្រាំ។ លើកនេះ ត្រាំលេងធ្ងន់ដៃជាងរាល់ដង។ មិនត្រឹមតែរុស្ស៊ីទេដែលអាចនឹងរងទណ្ឌកម្ម សូម្បីតែប្រទេសដែលរកស៊ីជាមួយរុស្ស៊ី ឬទិញទំនិញពីរុស្ស៊ីក៏រងទណ្ឌកម្មដូចគ្នា។ ប៉ុន្តែនៅពេលថ្លែងទៅកាន់អ្នកសារព័ត៌មាននោះ លោកពូទីនហាក់ដូចជាមិនខ្លាចការគំរាមដាក់ទណ្ឌកម្មឡើយ។
លោកមិនបានបញ្ចេញឈ្មោះលោកត្រាំទេ។ លោកបញ្ចេញប្រតិកម្មដោយប្រយោលថាបើនរណាម្នាក់ខកចិត្តនឹងលទ្ធផលចរចាសន្តិភាព មកពីអ្នកនោះរំពឹងទុកខ្ពស់ពេកតែប៉ុណ្ណោះ។ លោកពូទីនផ្ដល់បទសម្ភាសជូនអ្នកសារព័ត៌មាននៅក្នុងកិច្ចជំនួបជាមួយប្រធានាធិបតីបេឡារូស លោកលូកាសឹនកូ (Lukashenko) នៅប្រទេសរុស្ស៊ីភាគខាងជើង។ លោកថាការចរចាគ្នារកដំណោះស្រាយមិនត្រូវមានកាមេរ៉ាថតរូប ឬថតសំឡេងយ៉ាងគគ្រឹកគគ្រេងនោះទេ។ គួរណាស់ធ្វើឡើងនៅក្នុងបរិយាកាសស្ងប់ស្ងាត់។
លោកថាកងទ័ពរុស្ស៊ីនៅតែបន្តវាយប្រហារអ៊ុយក្រែននៅតាមបណ្ដោយខ្សែត្រៀមជួរមុខ។ ពួកគេកំពុងមានប្រៀបនៅលើសមរភូមិ។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិកាលពីម្សិលមិញ កងទ័ពរុស្ស៊ីទើបតែវាយយកបានទីក្រុងរបស់អ៊ុយក្រែនឈ្មោះឆាស៊ីវយ៉ា (Chsiv Yar) បន្ទាប់ពីឆ្លងកាត់ការប្រយុទ្ធគ្នារយៈពេល១៦ខែ។ ប៉ុន្តែអ៊ុយក្រែនចេញមុខច្រានចោលការអះអាងនេះ។ អ៊ុយក្រែនទទួលស្គាល់ថារុស្ស៊ីចូលកាន់កាប់ទីក្រុងនេះមែន ប៉ុន្តែមិនទាន់កាន់កាប់ទាំងស្រុងទេ៕
ចែករំលែកព័តមាននេះ