រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (គឺថយចុះ ៣០% ប្រៀបធៀបជាមួយអត្រាពន្ធពីដំបូង ៤៩%)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។
សម្តេចបវរធិបតីបានសរសេលើបណ្តាញសង្គមនៅថ្ងៃទី១ សីហា ឆ្នាំ២០២៥យ៉ាងដូច្នេះថា៖
«ខ្ញុំសូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។
សម្តេចបន្តថាបន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។
សម្តេចក៏បានឲ្យដឹងថានៅក្នុងអំឡុងពេលដែលសម្តេចបានសន្ទនាតាមទូរសព្ទជាមួយឯកឧត្តមធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដាកន្លងទៅនេះ សម្តេចបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពនិងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមកហើយ។
សម្តេចបានបញ្ជាក់បន្ថែមថា៖នៅក្នុងឱកាសនោះ ខ្ញុំក៏បានស្នើសុំឲ្យឯកឧត្តមប្រធានាធិបតីផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា អោយនៅត្រឹមអត្រាទាបណាមួយដែលជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
សម្តេចបានលើកឡើងថាជាឆ្លើយតបឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាអោយមានសន្តិភាព ក៏ដូចជាជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី ២៨ កក្កដា ថានឹងពិនិត្យសម្រេច ដោយឯកឧត្តមបានប្រាប់ខ្ញុំថានឹងធ្វើឲ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ ថ្ងៃនេះគឺឯកឧត្តមបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩%។
សម្តេចបានគូសបញ្ជាក់ថា៖«ខ្ញុំសុំយកឱកាសនេះធ្វើការកោតសរសើរចំពោះក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ»៕
ចែករំលែកព័តមាននេះ