ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហ្វ្រិក​ជា​ទ្វីប​ធំ និង​មាន​ប្រជាជន​ច្រើន​ទី​២ នៅ​លើ​ពិភពលោក​បន្ទាប់​ពី​អាស៊ី ប៉ុន្តែ​ដោយសារ​តែ​វា​មាន​ចម្ងាយ​ឆ្ងាយ ហើយ​កម្ពុជា​មិនសូវ​មាន​ទំនាក់ទំនង​ទើប​ពាណិជ្ជករ​កម្ពុជា​ហាក់​មិនសូវ​ចាប់អារម្មណ៍​នឹង​ទីផ្សារ​មួយ​នេះ ។ តាម​ស្ថិតិ​ពាណិជ្ជកម្ម ដែល​កម្ពុជា​សម្រេច​បាន​នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៥ ពាណិជ្ជកម្ម​កម្ពុជា…

អាហ្វ្រិក​ជា​ទ្វីប​ធំ និង​មាន​ប្រជាជន​ច្រើន​ទី​២ នៅ​លើ​ពិភពលោក​បន្ទាប់​ពី​អាស៊ី ប៉ុន្តែ​ដោយសារ​តែ​វា​មាន​ចម្ងាយ​ឆ្ងាយ ហើយ​កម្ពុជា​មិនសូវ​មាន​ទំនាក់ទំនង​ទើប​ពាណិជ្ជករ​កម្ពុជា​ហាក់​មិនសូវ​ចាប់អារម្មណ៍​នឹង​ទីផ្សារ​មួយ​នេះ ។

តាម​ស្ថិតិ​ពាណិជ្ជកម្ម ដែល​កម្ពុជា​សម្រេច​បាន​នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៥ ពាណិជ្ជកម្ម​កម្ពុជា មាន​តម្លៃ​សរុប​ដល់​ទៅ​៣១​ពាន់​លាន​ដុល្លារ ដោយ​ការ​នាំ​ចេញ​បាន​១៤,៧២​ពាន់​លាន​ដុល្លារ និង​នាំ​ចូល​មក​វិញ គឺ​ប្រមាណ​ជា​១៦,២៨ ពាន់​លាន​ដុល្លារ ប៉ុន្តែ​មិន​មាន​កំណត់​ត្រា​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយនឹង​ទ្វីប​នេះ​នៅឡើយ​ទេ ។

មក​ដល់​ពេល​នេះ ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា គឺ​មាន​ប្រទេស​នៅ​អាស៊ាន​ក្រៅពី​នោះ គឺ​មាន​អូស្ត្រាលី ចិន ជប៉ុន កូរ៉េ​ខាងត្បូង នូ​វែ​ល​ហ្សេ​ឡង់ សហភាព​អឺរ៉ុប អង់គ្លេស សហរដ្ឋអាមេរិក កា​ណា​ដា សហភាព​អា​រ៉ាប់​អេ​មី​រ៉ា​ដ ឥណ្ឌា ខណៈ​ប្រទេស​ផ្សេង​ៗ គឺ​អាច​មាន​អាហ្វ្រិក​នៅ​ក្នុង​នោះ​ដែរ ។

គោលដៅ​នៃ​ប្រទេស​ផ្សេង​ៗ​ដែល​កត់ត្រា​សរុប គឺ​មាន​ទំហំ​សរុប​ប្រមាណ​ជា​១,៤៣​ពាន់​លាន​ដុល្លារ នៅ​ក្នុង​នោះ​ការ​នាំ​ចូល​មាន​៨៧៩​លាន​ដុល្លារ និង​នាំ​ចេញ​ប្រមាណ​ជា​៥៦០​លាន​ដុល្លារ ។

អ្នកវិភាគ​បាន​លើក​ឡើង​ថា តាម​ពិត​ទៅ​មិនមែន​កម្ពុជា​មិន​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​នឹង​ទ្វីប​នេះ​ទេ គឺ​មាន​គ្រាន់តែ​ស្ថិតិ​វា​នៅ​តិច ហើយ​អាច​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ចំណែក​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​គេ​បញ្ជាក់​ថា​ផ្សេង​ៗ ។

អ្នកវិភាគ​ដដែល​បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​អាហ្វ្រិក គឺជា​ទីផ្សារ​ធំ​មែន ប៉ុន្តែ​ជា​ទូទៅ​វា​ឆ្ងាយ​ពី​កម្ពុជា ពោល គឺ​ប្រមាណ​ជា​១​ម៉ឺន​គីឡូម៉ែត្រ​ពី​គ្នា ។ ការ​ធ្វើ​ពាណិជ្ជកម្ម ត្រូវ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​ថ្លៃ ហើយ​យូរណាស់​មួយទៀត ផលិតផល​ដែល​អាហ្វ្រិក និង​កម្ពុជា​ផលិត​វា​អាច​ប្រហាក់ប្រហែល​គ្នា​ដូច្នេះ​ហើយ​ទើប​នាំ​ឲ្យ​ពាណិជ្ជករ​កម្ពុជា និង​អាហ្វ្រិក​ពិបាក​នឹង​រក​ឱកាស​ចំណេញ​ទើប​អាច​មានការ​ឆក​ល្វែង​លើ​បញ្ហា​នេះ ។

អ្នកវិភាគ​រូប​នោះ​បាន​បន្ត​ថា ឱកាស​វា​ចេះ​តែ​មាន​ហើយ ប្រសិនបើ​មានការ​សិក្សា​លម្អិត​ពីព្រោះ​ប្រទេស​ខ្លះ​នៅ​អាហ្វ្រិក​គាត់​ជា​ប្រទេស​កសិកម្ម​ដែរ ។ ប៉ុន្តែ​រឿង​ស្រូវ​អង្ករ​គាត់​មិន​ផលិត​ទេ គាត់​ផលិត​អ្វី​ផ្សេង ដែល​នោះ​ហើយ គឺជា​ឱកាស​ខណៈ​ដែល​យើង​មាន​អង្ករ ។

ជា​ការ​ពិត​មក​ដល់​ពេល​នេះ អាហ្វ្រិក​មាន​ទឹកដី​សរុប​រហូត​ដល់​ទៅ​៣០,៣​លាន​គីឡូ​ម៉ែត្រការ៉េ និង​មាន​ប្រជាជន​សរុប​ប្រមាណ​ជា​១,៤​ពាន់​លាន​នាក់ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ពលរដ្ឋ​អាហ្វ្រិក​ជា​រួម​មាន​មធ្យម​ភាព​ប្រាក់​ចំណូល គឺ​ប្រមាណ​ជា​១.៩០០​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ​នៅ​ក្នុង​ម្នាក់ ។

សរុប​ទៅ គម្លាត​ចម្ងាយ​ពី​កម្ពុជា​ទៅ​អាហ្វ្រិក ហើយ​និង​ភាព​ប្រហាក់ប្រហែល​គ្នា​នៃ​ផលិតកម្ម គឺជា​ឧបសគ្គ​នៃ​ការ​ពង្រីក​សក្តានុពល​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាហ្វ្រិក ។ ប៉ុន្តែ​ពាណិជ្ជករ​ធំ​ៗ​អាច​សិ​ក្ស​ទីផ្សារ​ដែល​មាន​សក្តានុពល ។

មក​ដល់​ពេល​នេះ អាហ្វ្រិក​មាន​ប្រទេស​ទាំងអស់​ប្រមាណ​ជា​៥៤ ប្រទេស ។ ដូច្នេះ ប្រសិនជា​អាច​ថ្ពក់​ទំនាក់ទំនង​យើង​អាច​សាកល្បង​កំណត់​ទីផ្សារ​ដែល​មាន​សក្តានុពល ។ ឧទាហរណ៍​ដូច​ជា សាក​សិក្សា​ទីផ្សារ​នៅ​ប្រទេស ដែល​មាន​ជាងគេ​នៅ​អាហ្វ្រិក​មួយ​ចំនួន ជាក់ស្តែង​ដូច​ជា អាហ្វ្រិក​ខាងត្បូង​ដែល​មាន​ប្រជាជន​៦៤​លាន​នាក់ ហើយ​ប្រជាជន​នៅ​ក្នុង​ប្រទេស​នេះ មាន​ប្រាក់​ចំណូល​ខ្ពស់​គឺ​រហូត​ដល់​ទៅ​ជាង ៦.៤០០​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ ។

ប្រទេស​អាល់​ហ្សេ​រី មាន​ប្រជាជន​ប្រមាណ​ជា​៤៧​លាន​នាក់ ប៉ុន្តែ​ពលរដ្ឋ​មាន​ប្រាក់​ចំណូល នៅ​ក្នុង​មួយ​ឆ្នាំ​ជិត​៦.០០០​ដុល្លារ​ដែរ នៅ​ក្នុង​មួយ​ឆ្នាំ ស្រប​ពេល​ដែល​ម៉ូ​រ៉ូ​កូ ដែល​មាន​ប្រជាជន​៣៧​លាន​នាក់ តែ​ពលរដ្ឋ​គេ​ក៏​មាន​ប្រាក់​ចំណូល​ក្នុង​មួយ​ឆ្នាំ​ជាង​៤.៣០០​ដុល្លារ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ