បុរសម្នាក់ជិះម៉ូតូបុ.កពីក្រោយម៉ូតូកង់បីប្រមូលសំរាមរបស់សាលាសង្កាត់ជើងឯក បណ្តាលឱ្យស្លា.ប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូ១គ្រឿងជ្រុលទៅបុកពីក្រោយម៉ូតូកង់បីប្រមូលសំរាមរបស់រដ្ឋបាលសង្កាត់ជើងឯក បណ្តាលឲ្យរងរបួសធ្ងន់ដាច់ជើងឆ្វេងត្រឹមស្មងជើង បន្ទាប់មកបានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យរុស្ស៊ី ។
ឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសរងគ្រោះខាងលើឈ្មោះឡេង ស៊ីណា អាយុ៤៣ឆ្នាំ មុខរបរបើកបររថយន្តស្នាក់នៅក្នុងភូមិបឹងក្អែក ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុក្រុមសន្តិសុខនិងប្រជាការពាររបស់រដ្ឋបាលសាលាសង្កាត់ជើងឯក១ក្រុម បានបើកម៉ូតូកង់បី១គ្រឿងចេញប្រមូលសំរាមនៅតាមបណ្តាយផ្លូវលេខ២១៧ ម្ដុំជិតសាលាសង្កាត់នោះដែរ ដោយបើកម៉ូតូកង់បីនោះយឺតៗក្នុងទិសដៅពីត្បូងទៅជើង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបុរសរងគ្រោះខាងលើជិះម៉ូតូ១គ្រឿងម៉ាក Honda PCXព៍ណប្រផេះ ពាក់ស្លាកលេខភ្នំពេញ1KK-2392 ធ្វើដំណើរក្នុងទិសដៅស្របគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿនទៅដល់ បុកពីក្រោយរ៉ឺមកម៉ូតូប្រមូលសំរាមពេញទំហឹង បណ្តាលឲ្យបោកទៅផ្លូវរងរបួសយ៉ាងធ្ងន់ធ្ងរដាច់ជើងឆ្វេងត្រឹមស្មងជើង ។
ប្រភពដដែលបានប្រាប់ទៀតថា ក្រោយពេលកើតហេតុ រថយន្តពេទ្យបានដឹកយកបុរសរងគ្រោះខាងលើទៅទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែជាអកុសលរបួសធ្ងន់ពេក ទើបគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ហើយបុរសនោះក៏បានស្លាប់បាត់បង់ជិវិតនៅក្នុងមន្ទីរពេទ្យ ។ ចំណែកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជើង៉ឯក សហការជាមួយកម្លាំងនគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះទៅធ្វើការវាស់វែងរួចនាំយកម៉ូតូនិងម៉ូតីកង់បីទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ យន់ សុីថា












ចែករំលែកព័តមាននេះ