ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២​ថ្ងៃ រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​​ថវិកា​ពី​សប្បុរសជន​ ជាង​១៣​ម៉ឺន​ដុល្លារ និង​៥០០​លាន​រៀល រួម​ទាំង​គ្រឿង​ឧបភោគ សម្រាប់​ជូន​វីរ​កងទ័ព​ជួរ​មុខ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃ ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥ ទឹកប្រាក់​សុទ្ធ​ជាង ១៣​ម៉ឺន​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃ ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥ ទឹកប្រាក់​សុទ្ធ​ជាង ១៣​ម៉ឺន​ដុល្លារ ប្រាក់​រៀល​ជាង​៥០០​លាន​រៀល និង​ស្បៀង អាហារ គ្រឿង​ឧបភោគ បរិភោគ សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ ព្រមទាំង​ថ្នាំពេទ្យ ត្រូវ​បាន​សប្បុរសជន​ប្រគល់​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​វីរ​កងទ័ព​ជួរ​មុខ និង​ពលរដ្ឋ​កំពុង​ជម្លៀស​ខ្លួន បន្ទាប់​ពី​មាន​ជម្លោះ​ប្រដាប់​អាវុធ ដែល​បង្ក​ឡើង ដោយ​ទាហាន​ថៃ​ឈ្លានពាន​មក​លើ​ដែន អធិបតេយ្យភាព​របស់​កម្ពុជា ។

សម្រាប់​ថ្ងៃ​ទី​២ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​តែ​បង្ហាញ​ក្នុង​វត្តមាន​ចាំ​ទទួល​អំណោយ​នានា ពី​ប្រជាពលរដ្ឋ​និង​សប្បុរសជន នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា គិត​ត្រឹម​ម៉ោង​១១​និង ២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​បាន​ថវិកា​ពី​សប្បុរសជន ជា​ប្រាក់​ដុល្លារ​សរុប​ចំនួន​១៣០,៧០១​ដុល្លារ និង​ប្រាក់​រៀល​សរុប​ចំនួន​៥៣២,៨៩២,៦២៥.០០​រៀល រួម​ទាំង​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ ថ្នាំពេទ្យ និង​សម្ភារៈ​ផ្សេង​ៗ​មួយ​ចំនួន​ធំ​ទៀត ។

លោកស្រី បន្ត​ថា សកម្មភាព​នេះ​បាន បង្ហាញ​ឱ្យ​ឃើញ​ពី​ស្មារតី​ស្នេហា​ជាតិ ជា​ធ្លុង​មួយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ នៅ​សមូរ​ភូមិ​ក្រោយ គាំទ្រ​និង​លើកទឹកចិត្ត​ដល់​វីរ​កងទ័ព​ជួរ​មុខ ដែល​បាន​និង​កំពុង​ខិតខំ​តស៊ូ​ការពារ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ប្រកបដោយ​ភាព​ក្លាហាន មុះ​មុត ប្រឆាំង​នឹង​សត្រូវ​ឈ្លានពាន ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​និង​បន្ត​មក​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជានា​យក​ដ្ឋ​មន្ត្រី​នា​ពេល​បច្ចុប្បន្ន ។

លោកស្រី ដោ សម្ផស្ស បានឱ្យ​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​ខឿន​ការពារ​ជាតិ​ប្រជាជន​នេះ បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ ជាមួយ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជា​កិច្ច​ឆ្លើយ​តប​ជាមួយនឹង​ការ​លះបង់ សាច់​ស្រស់​ឈាម​ស្រស់ របស់​វីរ​កងទ័ព​ជួរ​មុខ ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ពី​ចោរ​ឈ្លានពាន​ថៃ ជាមួយនឹង​ការ​ចូលរួម​រំលែក ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​ជនភៀសសឹក ដែល​កំពុង​តែ​ជ្រកកោន​នៅ​តាម​ទីតាំង​សុវត្ថិភាព​នានា​។ ទាំង​អស់នេះ គឺជា​ទឹកចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ស្មារតី​សមរភូមិ​ក្រោយ ជួយ​សមរភូមិ​មុខ​,​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ។

លោកស្រី សូម​ជម្រាប​បងប្អូន​សប្បុរសជន​នានា អាច​បន្ត​ចូលរួម​បរិច្ចាគ​ជា​បន្តបន្ទាប់​ទៀត បាន​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាត់តាំង​ក្រុមការងារ​ចាំ​ទទួល​សម្ភារៈ និង​ថវិកា​តាម​រយៈ QR Code ។

ឆ្លៀត​ក្នុង​ឱកាស​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ទឹកចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ផុសផុល មក​ចូលរួម​ឧបត្ថម្ភ​ដល់​វីរ​កងទ័ព​ជួរ​មុខ និង​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ ដែល​កំពុង​ជម្លៀស​ចេញ​មក​ទីកន្លែង​សុវត្ថិភាព ដែល​នេះ​ពិតជា​បាន​បង្ហាញ ពី​សាមគ្គីភាព​ជា​ធ្លុង​មួយ ខ្មែរ​ស្រឡាញ់​ខ្មែរ​។ បងប្អូន​អាច​បន្ត​ចូលរួម​បរិច្ចាគ ជា​បន្តបន្ទាប់​ទៀត​បាន​។ សូម​គោរព​អរគុណ នូវ​ទឹកចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ