ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការងារនៅប្រទេសថៃ បានហក់ឡើងរហូតជាង១០ម៉ឺននាក់ បាននិងកំពុងសម្រុកវិលត្រឡប់ចូលប្រទេសកំណើតវិញ នៅថ្ងៃទី ២៧ កក្កដា តាមច្រកទ្វារព្រំដែនអន្តរជាតិ«ដូង»ក្នុងស្រុកកំរៀង។ នេះបើតាម លោកអភិបាលខេត្ត បានផ្ដល់ព៏ត័មានបឋមតាមបណ្ដាញសង្គមរបស់លោកផ្ទាល់នៅពេលរសៀលថ្ងៃដដែល។ គួររំលឹកថា ថ្ងៃនេះ! ពលរដ្ឋខ្មែរយ៉ាងតិច៧ម៉ឺននាក់នឹងវិលពីថៃចូលប្រទេសកំណើតវិញ តាមច្រកទ្វារអន្តរជាតិ«ដូង»
នៅព្រឹកព្រលឹមថ្ងៃទី ២៧ កក្កដា អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានប្រកាសជូនដំណឹងនៅខាងមុខច្រកទ្វារព្រំដែនអន្តរជាតិ«ដូង» ដោយផ្ទាល់ថា «ពលរដ្ឋខ្មែរប្រហែល០៧ម៉ឺននាក់ នឹងវិលត្រឡប់មកពីប្រទេសថៃ ចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី ២៧ កក្កដា នេះ ហើយអាចនឹងមានមកជាបន្តបន្ទាប់ទៀត មុនពេលទ្វារព្រំដែនត្រូវបានបិទ»។ ប៉ុន្តែដូចការរំពឹងទុក បើគិតត្រិមម៉ោង១រសៀលថ្ងៃដដែលនេះ លោកអភិបាលខេត្ត បានជូនដំណឹងបឋមជាថ្មី តាមបណ្ដាញសង្គមរបស់លោកផ្ទាល់ថា «ពលរដ្ឋខ្មែរដែលវិលចូលស្រុក បានហក់ឡើងរហូតដល់ទៅជាង១០ម៉ឺននាក់ហើយ»។
សូមបញ្ជាក់ថា រយៈពេល០៣ថ្ងៃចុងក្រោយនេះ គិតចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ កក្កដា នេះពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃ បានសម្រុកវិលត្រឡប់ចូលប្រទេសខ្លួនវិញ យ៉ាងច្រើនកកកុញ ដែលមិនធ្លាប់មានពូមុខមក តាមច្រកទ្វារព្រំដែនអន្តរជាតិ«ដូង» ស្រុកកំរៀង។
បើតាមការតក់សម្គាល់ ពលករខ្មែរសម្រុកវិលចូលស្រុកវិញដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាននេះ គឺ ក្រោយពីមានការប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា ជាមួយកងទ័ពថៃ កាលពីថ្ងៃទី ២៤ កក្កដា នៅតាមបន្ទាត់ព្រំដែន ប៉ែកខាងជើង និង ភាគពាយ័ព្យ នៃប្រទេសកម្ពុជា។ ការផ្លាសប្ដូរគ្រាប់កាំភ្លើងគ្នារវាងកងទ័ព នៃប្រទេសទាំងពីរ មានរយៈពេល០៤ថ្ងៃរហូតមកទល់ថ្ងៃនេះ។ រីឯពលករខ្មែរ ដែលបានសម្រុកវិលចូលស្រុកវិញ ក្នុងរយៈ០៣ថ្ងៃជាប់ៗគ្នានេះ បើតាមទូរលេខបឋម អាចមានចំនួនកើនឡើងរហូតដល់ជិត២០ម៉ឺននាក់ហើយ។
ពាក់ព័ន្ធនឹងកិច្ចការងារទទូលស្វាគមន៏ពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ ចូលស្រុកកំណើតវិញ នាប៉ុន្មានថ្ងៃកន្លងមកនេះ រដ្ឋបាលខេត្ត រួមជាមួយមន្ត្រីពាក់ព័ន្ធគ្រប់ស្ថាប័ន បានចុះស្វាគមន៏ពលករដល់មាត់ច្រកទ្វារព្រំដែនតែម្ដង ជាមួយនឹងរថយន្តរាប់រយគ្រឿង ដើម្បីជួយដឹកជញ្ជូនបងប្អូនពលករខ្មែរ ទៅកាន់ស្រុកកំណើត។ នៅថ្ងៃទី ២៧ កក្កដា នេះ គេឃើញអភិបាលខេត្តបាត់ដំបង លោក សុខ លូ បានដឹកនាំមន្ត្រីក្រោមឪវាទ រួមជាមួយនឹងរថយន្តរាប់រយគ្រឿង តម្រៀបចាំនៅក្បែរមាត់ច្រកទ្វារព្រំដែនអន្តរជាតិ«ដូង» ដើម្បីរង់ចាំដឹកពលករខ្មែរទៅកាន់ផ្ទះសម្បែងរបស់ពួកគេ នៅតាមបណ្ដាស្រុក ឬ តាមបណ្ដាខេត្ត រាជធានី។ មុនពេលទ្វារព្រំដែនត្រូវបានបើកឲ្យដំណើរការ នៅម៉ោង៩ព្រឹក លោក សុខ លូ បានឈ្លៀតពេលប្រកាសជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលកំពុងឈរត្រៀបត្រា ណែនណាន់ តាន់តាប់ នៅត្រើយម្ខាង នៃច្រកទ្វារព្រំដែន (ខាងថៃ) ដើម្បីបញ្ជាក់ប្រាប់ពីផែនការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទូលស្វាគមន៏ពលរដ្ឋវិលចូលស្រុក និង និយាយពីមធ្យោបាយនានា ដែលត្រូវជួយដឹកជញ្ជូនពលរដ្ឋខ្មែរទៅកាន់លំនៅឋាន។
បើតាមលោកអភិបាលខេត្ត បានបញ្ជាក់ដូច្នេះថា «ដើម្បីជួយសម្រូលដល់ការធ្វើដំណើររបស់ពលរដ្ឋយើង ថ្ងៃនេះរដ្ឋបាលខេត្ត មានរថយន្តសម្រាប់ដឹកជញ្ជូនប្រមាណ៧០០គ្រឿង។ រថយន្តភាគច្រើនត្រូវបានប្រមុខរាជរដ្ឋាភិបាល បញ្ជូនមកពីរាជធានីភ្នំពេញ មួយចំនួនបញ្ជូនមកពីតាមបណ្ដាខេត្តនានា និង រថយន្តរបស់រដ្ឋបាលខេត្តបាត់ដំបងជាច្រើនគ្រឿងទៀត មិនតែប៉ុណ្ណោះក៏មានរថយន្តយោធាជាច្រើនគ្រឿងផង បានចូលរួមជួយដឹកជញ្ជូនពលរដ្ឋទៅកាន់ស្រុកកំណើត។ ក្រៅពីមានរថយន្តរាប់រយគ្រឿង សំចតត្រៀបត្រាក្បែរច្រកទ្វារព្រំដែន រង់ចាំដឹកជញ្ជូនពលរដ្ឋខ្មែរទៅស្រុកកំណើត នៅទីនោះ គេក៏ឃើញមានកម្លាំងសមត្ថកិច្ច និង មន្ត្រីពាក់ព័ន្ធច្រើនស្ថាប័នទៀតចាំទទូលពលករខ្មែរ។ ហើយក៏មានក្រុមគ្រួពេទ្យជាច្រើនរូប អមដោយរថយន្តសង្គ្រោះជាច្រើនគ្រឿងផង ប្រចាំការនៅមាត់ច្រកព្រំដែននោះ ដើម្បីចាំជួយសង្គ្រោះពលរដ្ឋទាំងឡាយណា ដែលមានបញ្ហាសុខភាព៕




ចែករំលែកព័តមាននេះ