ខេត្តបាត់ដំបង ៖ ប្រពលរដ្ឋខ្មែរដែលធ្វើការងារនៅប្រទេសថៃ យ៉ាងតិច៧០.០០០នាក់ នឹងវិលត្រឡប់ពីប្រទេសថៃ ចូលមកកាន់ប្រទេសកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិ«ដូង» ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី ២៧ កក្កដា ឆ្នាំ២០២៥នេះ។ នេះបើតាមការប្រកាសឲ្យដឹងជាមុនរបស់អភិបាលខេត្តបាត់ដំបង លោក សុខ លូ នៅព្រឹកនេះ។
ស្ថិតនៅចំពោះមុខច្រកទ្វារព្រំដែនអន្តរជាតិ«ដូង» ផ្ទាល់នាព្រឹកព្រលឹមថ្ងៃទី ២៧ កក្កដា នេះ ជាមួយនឹងសហការរីគ្រប់ស្ថាប័ន រង់ចាំត្រៀមត្រា ស្វាគមន៍ពលរដ្ឋខ្មែរវិលត្រឡប់ចូលស្រកកំណើតវិញ លោក សុខ លូ បានឆ្លៀតឱកាសប្រកាសព័ត៌មានទៅកាន់ជនរួមជាតិដូច្នេះថា «ថ្ងៃនេះរូបលោកនឹងសហការបានមកដល់ច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ដើម្បីរង់ចាំទទូលពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកំណើតវិញ»។
លោកអភិបាលខេត្តបានមានប្រសាសន៏ថា«ម្សិលមិញ (២៦.០៧.២៥) មានពលរដ្ឋខ្មែរជាង៦៥.០០០នាក់ បានវិលចូលស្រុកវិញ។ ប៉ុន្តែថ្ងៃនេះ (២៧.០៧.២៥) បើតាមលោកទទូលបានព័ត៌មាន អាចមានប្រហែល៧០.០០០នាក់ ឬ លើសពីនេះ ដែលអាចមកជាបន្តបន្ទាប់»។ ជាមួយនឹងការកើនឡើងខ្លាំង នៃលំហូរពលរដ្ឋខ្មែរវិលត្រឡប់ចូលប្រទេសវិញនេះ លោក សុខ លូ ក៏បានបញ្ជាក់ប្រាប់ផងដែរពីមធ្យោបាយសម្រាប់ជួយសម្រូលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់ស្រុកកំណើត។
លោកថា «ដើម្បីជួយសម្រូលដល់ការធ្វើដំណើរដល់ពលរដ្ឋ ថ្ងៃនេះ យើងមានរថយន្តជាង៧០០គ្រឿង ដើម្បីរង់ចាំដឹកជញ្ជូនបងប្អូនពលរដ្ឋទៅកាន់លំនៅឋាន។ រថយន្តទាំងនេះ ជំនួយមកពីរាជធានីភ្នំពេញ តាមបណ្ដាខេត្តនានាមួយចំនួនផង និង រថយន្តរបស់រដ្ឋបាលខេត្តបាត់ដំបងផង»។ ក្រៅពីរថយន្តរាប់រយគ្រឿងរង់ចាំទទូលពលរដ្ឋខ្មែរ នៅខាងមុខច្រកទ្វារព្រំដែនអន្តរជាតិ ដូង ក៏នៅមានក្រុមគ្រូពេទ្យនិងរថយន្តសង្គ្រោះចាំជួយអន្តរាគមន៏នៅមាត់ច្រកទ្វារជាប្រចាំផងដែរ ដើម្បីចាំជួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋដែលមានបញ្ហាសុខភាព។ នេះបើតាមប្រសាសន៏លោកអភិបាលខេត្ត ដែលបាននិយាយមុនពេលបើកទ្វារច្រកទទូលពលរដ្ឋខ្មែររាប់ម៉ឺននាក់ ដែលកំពុងឈរត្រៀបត្រានៅម្ខាងអូរព្រំដែនកម្ពុជា.ថៃ នៅច្រកទ្វារអន្តរជាតិ«ដូង-ឡែម»ក្នុងស្រុកកំរៀង៕









ចែករំលែកព័តមាននេះ