ខេត្តស្ទឹងត្រែង ៖ គ្រឿងញៀនជាង១ពាន់គីឡូក្រាម ត្រូវបានរៀបចំដុតបំផ្លាញចោល ក្រោមប្រធានបទ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀន នៅកម្ពុជា» ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៥ ដែលប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី២៤ កក្កដា២០២៥ ស្ថិតនៅទីតាំងអាកាសយានដ្ឋានស្ទឹងត្រែង ក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ។

លោក កែវ សុធា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងបានលើកឡើងថា ចាប់ពីថ្ងៃ ទី២៦ ខែមិថុនា ២០២៤ ដល់ថ្ងៃទី២៦ មិថុនា ២០២៥ រយៈពេលមួយឆ្នាំពេញករណីដឹកជញ្ជូនគ្រឿងញៀន ដោយខុសច្បាប់មានចំនួន ១១ សំណុំរឿង ២.ករណីដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមានចំនួន ១៧ សំណុំរឿង ៣.ករណីរក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀនមាន ៨ សំណុំរឿងនិង ៤.ករណីជួយដូរនិងចាត់ចែងឲ្យប្រើប្រាស់មានចំនួន ៣ រឿង។

ដូច្នេះ ពាក់ព័ន្ធករណីសំណុំរឿងគ្រឿងញៀនដែលសតម្ថកិច្ច និងបងប្អូនទាំងអស់ រួមសហការបង្ក្រាបបានរយៈពេលមួយឆ្នាំកន្លងទៅនេះ មានចំនួនសរុប៣៩សំណុំរឿង ក្នុងនោះយើងបាន ដកហូតនិងរឹបអូសគ្រឿងញៀនសរុបទម្ងន់១.០១២ គីឡូក្រាមនិង និង៥១៣,៤៤ក្រាម គ្រឿងញៀនទាំងអស់នេះ យើងបានរឹបអូសតាមអំណាចសាលក្រមមានចំនួន៣៤រឿង តាមសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរចំនួន៥សំណុំរឿងព្រមទាំងធ្វើរដ្ឋបាលនៅតាមក្លឹបកំសាន្តមួយចំនួនរឹបអូសបានបារីអេឡិចត្រូនិចបានចំនួន៣៤០ប្រអប់ ដែលតម្រូវយកមកដុតបំផ្លាញចោលនាពេលផង
ដែរ។

ដោយឡែក ក្នុងឆមាសទី១ ឆ្នាំ២០២៥ មន្ត្រីអនុវត្តច្បាប់ បានចុះបង្ក្រាបករណីដឹកជញ្ជូន ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រខេត្តចំនួន១៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់និងរឹបអូសវត្ថុតាងសារធាតុញៀនរាប់រយគីឡូក្រាមទៀតផងដែរ។
លោក ធូ ចាន់ពៅ អភិបាលរងនៃគណៈអភិបាលខេត្តនិងជាប្រធានលេខាធិការដ្ឋានណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបានថ្លែងក្នុងពិធីនោះថានាមលេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានថ្លែងលម្អិតរបាយការណ៍ពាក់ព័ន្ធលទ្ធផលនៃការបង្ក្រាបទប់ស្កាត់និងប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងខុសច្បាប់ លើកទី១០ ក្នុងឆមាសទី១ ដើមឆ្នាំ២០២៥នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
ក្រុមការងារបានចុះផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន, ច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ផ្សារភ្ជាប់ទៅនឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាពបានចំនួន ៨៥៧លើក បានចុះបង្ក្រាបករណីដឹកជញ្ជូន ជួញដូរ រក្សា
ទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រខេត្តចំនួន១៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣០នាក់ ក្នុងនោះស្រីចំនួន ១នាក់។

ចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទ មេតំហ្វេតាមីនក្រាមពណ៌សថ្លា (ICE) ទម្ងន់សរុប ១៩គីឡូក្រាម និង៨៥៦,៥២ក្រាម និងគ្រឿង ញៀនប្រភេទកេតាមីន ទម្ងន់សរុប ៤១៨គីឡូក្រាមនិង ២៩,៧៦ក្រាម បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែងបាន ចំនួន២ដីកា ចាប់ខ្លួនជនត្រូវចោទចំនួន ២នាក់ ភេទប្រុស ក្នុងនោះជនជាតិខ្មែរ ១នាក់ និងជនជាតិ វៀតណាមចំនួន១នាក់ ព្រមទាំងចាត់វិធានការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មបានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ភេទប្រុស ជនជាតិខ្មែរ ទៅមណ្ឌលស្តារនីតិសម្បទា បន្សាបគ្រឿងញៀនខេត្តក្រចេះនិងខេត្តបន្ទាយមានជ័យ។

លោកថ្លែងបន្ថែមថា ក្នុងនាមលេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តមានមោទនភាពយ៉ាងក្រៃលែង ដោយបានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦មិថុនា ២០២៥ ក្រោមប្រធានបទ “រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀន នៅកម្ពុជា” និងពិធីដុតបំផ្លាញគ្រឿងញៀន នៅលើទឹកដីនៃខេត្តស្ទឹងត្រែងរបស់យើង ប្រកបដោយ ភាពឱឡារឹក និងមានសារៈសំខាន់។

អភិបាលខេត្តស្ទឹងត្រែងលោក សរ សុពុត្រា បានថ្លែងនៅក្នុងពិធីនោះថា៖ការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មានគោលដៅសំដៅធ្វើយ៉ាងណា បំផុសជាចលនាជាតិមួយ ដែលមានការចូលរួមពីគ្រប់វិស័យ ក្នុងការលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន និងមានវិធានការម៉ឺងម៉ាត់ដាច់ខាតពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បី ឈានដល់ការកាត់ផ្តាច់ឫសគល់នៃបញ្ហា និងទប់ស្កាត់ការវិលត្រលប់មកវិញនៃបញ្ហាគ្រឿងញៀន ដែលស្របទៅនឹងពាក្យស្លោករបស់អង្គការសហប្រជាជាតិ គឺកាត់ផ្តាច់ការវិវដ្តនៃបញ្ហាគ្រឿងញៀន។

អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ចំពោះខ្លឹមសារគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» និង «ភូមិ ឃុំ សង្កាត់ ស គ្មាន គ្រឿងញៀន»និងត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន ដោយឈរលើគោលការណ៍ «៣កុំ និង១រាយការណ៍» ពោលគឺ «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ដល់អាជ្ញាធរមានសម្ថកិច្ចអំពីករណីគ្រឿងញៀន»៕
ចែករំលែកព័តមាននេះ