រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីរោងចក្រ និងក្រុមហ៊ុននានាបានចំនួន ១១ ៩២៤ ១៩៤ ម៉ែត្រគូប មិនឱ្យមានការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាននៅកម្ពុជា ចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៥ ។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា តាមរយៈការពង្រឹងការអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ ក្រសួងបរិស្ថានបានតាមដានត្រួតពិនិត្យការបញ្ចេញសំណល់រាវពីក្រុមហ៊ុននិងរោងចក្រ ចូលតំបន់ទឹកសាធារណៈ អនុលោមតាមស្តង់ដាមានប្រមាណ ១,៩លានម៉ែត្រគូប ក្នុង១ខែ ។
ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងទៀតថា សម្រាប់កិច្ចការទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹកពីរោងចក្រ សហគ្រាស ក្រសួងបានអនុវត្តច្បាប់១០០% ដោយត្រូវឱ្យប្រភពបំពុលដែលមានហានិភ័យការបំពុលខ្លាំង ត្រូវបំពាក់និងដំណើរការប្រព្រឹត្តកម្មសំណល់រាវ និងបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវ ស្របតាមច្បាប់ជាធរមាន ។ គិតត្រឹមខែសីហា ឆ្នាំ២០២៥ មានរោងចក្រចំនួន៥២ បានចុះកិច្ចសន្យារួច ក្នុងនោះមានរោងចក្រចំនួន៤២ បានបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវរួចរាល់ ។

សូមបញ្ចាក់ថា ម្ចាស់ទីតាំង និងឧស្សាហកម្មទាំងអស់ ដែលមានប្រភពសក្តានុពលបំពុល ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា១៧៨ មាត្រា២៨៧ មាត្រា២៨៨ មាត្រា៨២៩ ទាក់ទងនឹងការបញ្ចេញសំណល់ ឬសារធាតុបំពុលទៅក្នុងបរិស្ថាន មិនស្របតាមស្តង់ដាបញ្ចេញសំណល់ ត្រង់មាត្រា៨៤៥ ការមិនអនុវត្តកាតព្វកិច្ចក្នុងការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់ ។
លើសពីនេះ ការត្រួតពិនិត្យការបំពុលទឹក ការកាត់បន្ថយនិងទប់ស្កាត់ការបំពុលតំបន់ទឹកសាធារណៈ ក៏មានចែងក្នុងបទដ្ឋានគតិយុត្តមួយចំនួនផ្សេងទៀត ដែលបានចូលជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ចែករំលែកព័តមាននេះ