ខេត្តស្វាយរៀង៖ ឱកាសការងារចំនួនជិត៦ពាន់កន្លែង និងមានប្រាក់ចំណូលខ្ពស់ កំពុងរង់ចាំស្វាគមន៍ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរត្រឡប់មកពីប្រទេសថៃ។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថានាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ម៉ែន អេង អភិបាលរងខេត្តបានអញ្ជើញចូលរួមក្នុងកម្មវិធីវេទិកាការងារ និងការចុះឈ្មោះស្វែងរកការងារធ្វើរបស់ប្រជាពលរដ្ឋ និងពលករខ្មែរទើបវិលត្រឡប់មកពីប្រទេសថៃ ដែលកំពុងស្វែងរកការងារធ្វើ ក្នុងនោះមានការសម្ភាសការងារជ្រើសរើសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន/សហគ្រាស ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង រៀបចំដោយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង។
ក្នុងឱកាសនេះ លោកអភិបាលរងខេត្តបានសំណូមពរដល់ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ត្រូវខិតខំធ្វើការនៅក្នុងប្រទេសរបស់យើង ដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើង ព្រោះថាការងារនៅកម្ពុជា ក៏ដូចជានៅខេត្តស្វាយរៀង មិនខ្វះទេឱកាសធ្វើការងារព្រោះតំបន់សេដ្ឋកិច្ចឧស្សាហកម្មជាច្រើនកំពុងត្រូវការកម្លាំងពលកម្ម និងទទួលបានអត្ថប្រយោជន៍ច្រើនជាងធ្វើការនៅប្រទេសថៃ។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បន្ថែមទៀតថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលនេះ បានផ្សព្វផ្សាយឱកាសការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនក្នុងខេត្តស្វាយរៀងនៅទីនេះ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ដែរថាខេត្តស្វាយរៀង កំពុងមានតម្រូវការកម្លាំងពលកម្មចំនួន៥,៥៤៧កន្លែង ទន្ទឹមនេះចំពោះប្រាក់ចំណូលដែលទទួលបានបើប្រៀបធៀបនឹងការទៅធ្វើការនៅប្រទេសថៃ គឺប្រហាក់ប្រហែលគ្នា ប៉ុន្តែការធ្វើការងារនៅប្រទេសថៃគ្មានសុវត្ថិភាព ហើយនៅឆ្ងាយពីស្រុកកំណើត ឆ្ងាយពីឪពុកម្ដាយទៀតផង។
ប្រសិនបើប្រជាពលរដ្ឋដែលស្វែងរកការងារធ្វើ ឬចង់រៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ពិសេសបងប្អូនដែលទើបវិលត្រឡប់ពីប្រទេសថៃ អាចទាក់ទងប្រព័ន្ធទូរស័ព្ទ Hotline: 1297 ឬអាចទាក់ទងមកកាន់មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីសាកសួរព័ត៌មានស្ដីពីការងារ ការរៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ក៏ដូចជាអត្ថប្រយោជន៍ ប.ស.ស. និងអត្ថប្រយោជន៍ផ្សេងៗទៀត៕
ចែករំលែកព័តមាននេះ