រាជធានីភ្នំពេញ ៖ ស្ត្រីស្លៀកពាក់តែងខ្លួនជាបុរសម្នាក់ ត្រូវបានរថយន្តដឹកដឹកទំនិញធុនធ្ងន់ មួយគ្រឿង កិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័មនៅលើដងផ្លូវ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ចាប់ហ្វាំងរអិលដួលចូលក្រោមកង់រថយន្ត ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្ទះសំណាក់ប៊ូទិច៦៩ ផ្លូវបេតុង ភូមិអ័គីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ស្រី ថេត ភេទស្រី តែងខ្លួនជាប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើសំណង់ស្នាក់នៅភូមិឫស្សី សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក់ ZoomerX ពណ៌ខ្មៅ ពាកផ្លាកលេខ ភ្នំពេញ 1GP-2289 ។ ចំណែករថយន្តដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3B-3054 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ZoomerX ខាងលើធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏បានចាប់ហ្វាំង ហើយរអិលកង់មុខនឹងខ្សាច់ជ្រុះក្បែរចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលហើយបោកចូលក្រោមកង់រថយន្តក្រោយ កិនបែកក្បាលស្លាប់យ៉ាងអាណោធ័ម ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់រថយន្ត ក៏បានឈប់ហើយអ្នកបើកបរ បានគេចខ្លួនបាត់ ។
តាមនគរបាលមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីអ្នកបើកបរម៉ូតូ មិនប្រុងប្រយ័ត្នចាប់ ហ្វាងដួលចូលកង់រថយន្តពីក្រោយចំហៀងខាងស្តាំ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ នគរបាលមូលដ្ឋាន ក៏បានចុះទៅសម្រួលចរាចរណ៍ និងទាក់ទងទៅនគរបាលចរាចរណ៍ ចុះទៅវាស់វែង រួចនាំយករថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមច្បាប់ ៕




ចែករំលែកព័តមាននេះ