ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ថា​នឹង​ខិតខំ​ធ្វើការ​ជាមួយ​ម៉ា​ឡេ​ស៊ី​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​-​ថៃអនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បា.ញ់​មាន​ប្រសិទ្ធភាព​ពេញលេញ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ឯកឧត្តម  Pham Minh Chinh នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀត​ណាមបាន​បញ្ជាក់​ថា​នឹងខិតខំ​ធ្វើការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ធ្វើ​យ៉ាងណាឲ្យ​កម្ពុជា​-​ថៃ​អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​មាន​ប្រសិទ្ធ ភាព​ពេញ​លេញ​ ។ ការ​បញ្ជាក់​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម​…

រាជធានី​ភ្នំពេញ ​៖ ​ឯកឧត្តម  Pham Minh Chinh នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀត​ណាមបាន​បញ្ជាក់​ថា​នឹងខិតខំ​ធ្វើការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ធ្វើ​យ៉ាងណាឲ្យ​កម្ពុជា​-​ថៃ​អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​មាន​ប្រសិទ្ធ ភាព​ពេញ​លេញ​ ។

ការ​បញ្ជាក់​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម​ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុ​ជា កាលពី​រសៀល​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៥​ នៅ​ប្រទេស​វៀតណាម​ក្នុង​ឱកាស​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ និង​ចូលរួម​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៨០ នៃ​បដិវត្តន៍​ខែសីហា និង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​វៀតណាម​ ។

យោង​តាម​ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ជំនួបពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ទៅ​កាន់​មេដឹកនាំ​វៀតណាម អំពី​ជំហរ​របស់​កម្ពុជា​ ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​ការ​អនុ​វត្តបទ​ឈប់​បាញ់​យ៉ាង​ខ្ជាប់ខ្ជួន​របស់​កម្ពុជា ហើយ​កម្ពុជា​ប្រកាន់​ជំហរ​ចង់បាន​អ្នក​សង្កេតការណ៍​លើ​បទ​ឈប់​បាញ់ ដើម្បី​ធ្វើ​យ៉ាងណា​​ឱ្យ​មានការ​អនុវត្ត​កិ​ច​ព្រមព្រៀង​នេះ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព ព្រមទាំង​ធ្វើ​ឱ្យ​ព្រំដែន​កម្ពុជា និង​ថៃ អាច​វិល​ត្រឡប់​មក​រក​ប្រក្រតី​ភាព​ឡើង​វិញ​។

ចំណែក​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​វៀតណាមបញ្ជាក់​ថា វៀតណាម​គាំទ្រ​ការ​អនុ​វត្តបទ​ឈប់​បាញ់​ឲ្យ​មាន​ប្រសិទ្ធភាព និង​ចង់​ឃើ​ញ​ស្ថានការណ៍​ព្រំដែន​ព្រំដែន​កម្ពុជា ថៃ វិល​មក​ល្អ​ប្រសើរ​វិ​ញ​។

ឯកឧត្តម ក៏​នឹង​ខិតខំ​ធ្វើ​ការ​ជាមួយ ឯកឧត្តម អ៊ី​ន​វ៉ា អ៊ី​ប្រា​ហី​ម នាយក​រដ្ឋមន្ដ្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​-​ថៃ អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​មាន​ប្រសិទ្ធភាព​ពេញលេញ​។

យោង​តាម​ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹងផង​ដែរ​ថា នៅ​ក្នុង​ជំនួប​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តី​រីករាយ​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច និង​ចូលរួម​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៨០ នៃ​បដិវត្តន៍​ខែសីហា និង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​វៀតណាម​នា​ពេល​នេះ​ ។  

ឯកឧត្ដម​នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​បង្ហាញ​នូវ​ភាព​រីករាយ​ចំពោះ​ទំនាក់ទំនង​កាន់តែ​ប្រសើរ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម​។

ឯកឧត្តម​ក៏​បាន​ជំរុញ​ដើម្បី​ធ្វើ​យ៉ាងណា​ ឱ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា និង​វៀត​ណាម​ឈាន​ដល់​២០​ពាន់​លាន​ដុល្លារ ខណៈ​ពេល​កន្លង​មក ភាគី​ទាំង​ពីរ​សម្រេច​បាន​គោលដៅ​១០​ពាន់​លាន​ដុល្លារ​រួច​ហើយ​។  ឯកឧត្ដម​ក៏​បាន​ជំរុញ​ពង្រីក​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើ​យ៉ាងណា​ឱ្យ​កើនឡើង​ថែម​ទៀត​ផង​ដែរ​។

ឯកឧត្ដម ផា​ម មិ​ញ​ជី​ញ បាន​លើក​ឡើង​ថា នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ឯកឧត្ដម​នឹង​អញ្ជើញ​ជាមួយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដើម្បី​សម្ពោធ​បើក​ច្រក​អន្តរជាតិ​រួម​គ្នា​កម្ពុជា​-​វៀតណាម នៅ​ចំណុច​តំបន់​ព្រំដែន​ច្រក​ម៉ឺន​ជ័យ​។

សម្តេច​តេ​ជោក៏​បាន​បង្ហាញ​ការ​ពេញចិត្ត​ចំពោះ​ការ​រីក​ច​ម្រើន​ផ្នែក​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ ដែល​ជា​ផ្នែក​នៃ​ការ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ចំពោះ​វិស័យ​ទេសចរណ៍ សម្តេច​តេ​ជោ​រីករាយ​នឹង​កំ​ណើន​​ទេសចរ​របស់​វៀតណាម​នៅ​កម្ពុជា ដែល​ស្ថិត​ក្នុង​លំដាប់​លេខ​១ ហើយ​​ទេសចរ​កម្ពុជា ក៏​ទៅ​ទស្សនា​វៀតណាម​ច្រើន​ដែរ ជា​ពិសេស​ទេសចរ​ដែល​ទៅ​ព្យាបាល
​ជំងឺ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ