រាជធានីភ្នំពេញ ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កងទ័ពថៃ បានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេត្តឧត្តរមានជ័យ ដល់ខេត្តព្រះវិហារ ។
សម្តេចបវរធិបតីបានលើកឡើងថា ៖ «នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៤ កក្កដា ២០២៥ ថ្ងៃនេះ កងទ័ពថៃ បានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រ នៃការវាយប្រហារទៅដល់តំបន់មុំបី” ។
សម្តេច បានបន្តថា កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីនេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធ ប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ ។
សម្តេចបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធ ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាបាននិងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកបដោយភាពក្លាហានមោះមុត ក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិ ទាំងលើសមរភូមិយោធា និងសមរភូមិការទូត ក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់កងទ័ពថៃ នៅពេលនេះ ។
ជាមួយគ្នានោះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ ។ សូមរក្សាភាពស្ងាត់ស្ងៀម និងមានលំនឹងក្នុងចិត្ត និងសូមបន្តការងារប្រចាំថ្ងៃជាប្រកតី ៕
ចែករំលែកព័តមាននេះ