ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​វិទ្យាល័យ​ព្រះ​យុគន្ធរ​ ឈ្នះ​ពាន​បាល់បោះ U16 ជើងឯក​រាជធានី​ភ្នំពេញ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​ទីបំផុត ​ក្រុម​បាល់បោះ​វិទ្យាល័យ​ព្រះ​យុគន្ធរ​ បាន​ឈ្នះ​ជើងឯក ការ​ប្រកួត​កីឡាបាល់បោះ​យុវជន​ ក្រោម​១៦​ឆ្នាំ ជើងឯក​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៥ បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ…

រាជធានី​ភ្នំពេញ​ ៖ ​ទីបំផុត ​ក្រុម​បាល់បោះ​វិទ្យាល័យ​ព្រះ​យុគន្ធរ​ បាន​ឈ្នះ​ជើងឯក ការ​ប្រកួត​កីឡាបាល់បោះ​យុវជន​ ក្រោម​១៦​ឆ្នាំ ជើងឯក​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៥ បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​ពិន្ទុ ៤២-៣៧ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ។

ការ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ​បាន​ធ្វើ​ឡើង​នៅ​ទីលាន​បាល់ទះ​វិទ្យាល័យ​ព្រះ​យុគន្ធរ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៥​។ ចំពោះ​ចំណាត់ថ្នាក់​លេខ​៣ និង​លេខ​៣​ស្ទួន ​បាន​ទៅ​លើ​ក្រុម​យុវជន​វិទ្យាល័យ​ជា​ស៊ី​ម​សន្ធរ​ម៉ុ​ក និង​ក្រុម AIS ម៉ៅ​សេ​ទុង​ ។

ថ្លែង​ក្នុង​ឱកាស​បិទ​ព្រឹត្តិការណ៍​នេះ លោក អ៊ុ​ក ច​ន្ថា អនុប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​ តំណាង​លោក ហែម ស៊ី​ណា​រ៉េ​ត ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ​គូសបញ្ជាក់​ថា ការ​ចូលរួម​របស់​ប្រតិភូ​កីឡាបាល់បោះ​ក្នុង​ព្រឹត្តិការណ៍​នេះ គឺជា​កាយវិការ និង​ការ​ចូលរួម​ដោយ​ស្មោះ​ក្នុង​ការ​កសាង និង​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​រាជធានី​ភ្នំពេញ និង​ជំរុញ​ដល់​យុវជន​ឱ្យ​ចូលរួម​ហាត់ និង​លេង​កីឡា​ទៅ​តាម​ប្រភេទ ​ដែល​ពួក​គេ​ចូល​ចិត្ត និង​ចូលរួម​កាត់​បន្ថយ ​នូវ​អំពើ​អបាយមុខ​ក្នុង​សង្គម​។ មួយវិញទៀត ការ​ហាត់ និង​លេង​កីឡា​ជា​កត្តាចាំបាច់ ដែល​នាំ​មក​នូវ​ការ​ស្គាល់គ្នា និង​ស្រឡាញ់​ចូល​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឱ្យ​សង្គម​ជាតិ​យើង មានការ​ឯកភាព និង​សាមគ្គីភាព​ដ៏​រឹង​មាំ​ក្នុង​ការ​កសាង និង​ការពារ​ជាតិ​យើង​ចាប់ពី​យុវជន​ទៅ ​។

លោក អ៊ុ​ក ច​ន្ថា បន្ថែម​ថា ការ​រៀបចំ​កីឡាបាល់បោះ​យុវជន​នេះ ក៏​ជា​ការ​រួម​អភិវឌ្ឍ​វិស័យ​កីឡា ស្រប​តាម​មុំ​មួយ ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ដែល​កំពុង​ឈាន​ឆ្ពោះទៅ​រក​កម្រិត​មួយ​ឱ្យ​ស្រប និង​កា​រវិ​វត្ត​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​ផង​ដែរ​ ។

លោក​អនុប្រធាន​មន្ទីរ​អប់រំ ​ក៏​បាន​លើកទឹកចិត្ត​ដល់​ក្រុម​នានា​ ត្រូវ​យកចិត្តទុកដាក់​បន្ត​បង្កើន​សមត្ថភាព​ហ្វឹកហាត់ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ ក្នុង​កម្មវិធី​ផ្សេង​ៗ​របស់​សហព័ន្ធ​កីឡា​ជាតិ នា​ពេល​ខាង​មុខ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡាបាល់បោះ​ឱ្យ​រីក​ចម្រើន​ ។

បើ​តាម​របាយការណ៍​លោក សេង ស្រេង ប្រធាន​ការិយាល័យ​កីឡា​ នៃ​មន្ទីរ​អប់រំ ​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡាបាល់បោះ​យុវ​ជ​ក្រោម​១៦​ឆ្នាំ ជើងឯក​រាជធានី​ភ្នំពេញ ប្រចាំឆ្នាំ​២០២៥​នេះ​ មាន​ក្រុម​ចូលរួម​ចំនួន​១០​ក្រុម ដោយ​មាន​ប្រតិភូ អ្នកដឹកនាំ គ្រូបង្វឹក កីឡាករ​សរុប ១៥០​នាក់ ដោយ​ប្រកួត​មាន​រយៈពេល​១​ស​ប្តា​ហ៍​។ តំណាង​គណៈកម្មការ​រៀបចំ​រូប​នេះ​អះអាង​ថា ឆ្លងកាត់​ការ​ប្រកួត​នេះ​បង្ហាញ​ថា ការ​ចូលរួម​របស់​ក្រុម​យុវជន​បាល់បោះ​ទាំងអស់​ បាន​យកចិត្តទុកដាក់ អនុវត្ត​បាន​ល្អ ស្រប​តាម​បទបញ្ជា​បច្ចេកទេស​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ