ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​​ប្រុស​អាយុ​៦​ឆ្នាំ​នៅ​ដូនតី រក​ឃើញ​ផ្ទុកមេរោគ​ផ្ដាសាយ​បក្សី​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ

10 ម៉ោង មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ មួយ​រយៈ​នេះ​ ជំងឺ​ផ្ដាស​សាយ​បក្សី​(H5N1) ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ផ្ទុះ​ឡើង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ដោយ​បាន​សម្លាប់​មនុស្ស​ជា​ហូរហែ​មាន​ក្មេង​មាន​ចាស់​ ។​ ជាក់ស្ដែង​ នៅ​ភូមិ​បុស​ឬ​ស្សី ឃុំ​ដូនតី…

ខេត្ត​ត្បូងឃ្មុំ​ ៖ មួយ​រយៈ​នេះ​ ជំងឺ​ផ្ដាស​សាយ​បក្សី​(H5N1) ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ផ្ទុះ​ឡើង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ដោយ​បាន​សម្លាប់​មនុស្ស​ជា​ហូរហែ​មាន​ក្មេង​មាន​ចាស់​ ។​ ជាក់ស្ដែង​ នៅ​ភូមិ​បុស​ឬ​ស្សី ឃុំ​ដូនតី ស្រុក​ពញាក្រែក មាន​ក្មេង​ប្រុស​តូច​ម្នាក់​អាយុ​៦​ឆ្នាំ បាន​ទៅ​ប៉ះពាល់​មាន់​ជំទង់​ដែល​ឈឺ​ ក្រោយមក​ក្តៅខ្លួន​ម្ដាយ​រក​ថ្នាំពេទ្យ​ឱ្យ​លេប តែ​មិន​បាត់​សោះ ទីបំផុត ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​រាជធានី​ភ្នំពេញ​ ។

លោក​ជឿន ចិត្ត ប្រធាន​ការិយាល័យ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ ប្រធាន​មន្ទីរ​បាន​ចាត់​ឱ្យ​រូប​លោក​ និង​មន្ត្រី​ចុះ​ធ្វើការ​ស្រាវជ្រាវ​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជា​បន្ទាន់​ដោយ​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ​ គឺ​ថ្ងៃ​ទី​២១​ និង​២២​ កក្កដា ឆ្នាំ​២០២៥​ ។ ជាមួយ​នោះ​ កម្លាំង​ជំនាញ​ពេទ្យសត្វ​បាន​ចែក​ខិត​ប័ណ្ណ​ផ្សព្វផ្សាយ​ជំងឺ​ផ្ដា​​សាយ​បក្សី ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ឲ្យ​បាន​យល់​ដឹង​ជ្រួតជ្រាប​គ្រប់​ៗ​គ្នា​ដោយ​ពន្យល់​បើ​ឃើញ​មាន់​ឬ​ទា​ឈឺ​សូមកុំ​កាន់​ឲ្យ​សោះ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ឆ្លង​ជំងឺ​ដូច​ករណី​ខាងលើ​នេះ​។

កម្លាំង​ជំនាញ​ពេទ្យសត្វ​បាន​បន្ត​ថា ឪពុក​ម្ដាយ​របស់​ក្មេង​តូច​នោះ​ បាន​ចេញ​ទៅ​ធ្វើការ​បាត់​ដោយ​ទុក​ឲ្យ​កូន​តូច​អាយុ​៦​ឆ្នាំ​នៅ​ជាមួយ​តា​យាយ​មើល​ការ​ខុស​ត្រូវ ចៃដន្យ​មាន​មាន់​ជំទង់​អ្នក​ជិតខាង​ឈឺ​តែ​ក្មេង​រូប​នោះ​មិន​បាន​ចាប់អារម្មណ៍​ក៏​យកដៃ​កាន់​ហើយ​ក្រោយមក​បាន​ក្តៅខ្លួន​ហើយ​ត្រូវ​ម្ដាយ​បាន​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​ថ្នាំ​មក​លេប​ពេល​លេប​ត្រជាក់​ពេល​អស់​ជាតិ​ថ្នាំ​ក៏​ក្តៅ​ឡើង​វិញ​ដដែល​។

សូម​បញ្ជាក់​ថា​ ក្មេង​តូច​នោះ​បាន​ចាប់ផ្ដើម​ក្តៅខ្លួន​នៅ​ថ្ងៃ​ទី​១១​ កក្កដា ដោយសារ​តែ​លេបថ្នាំ​មិន​បាត់​ ម្ដាយ​ឪពុក​ក៏​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ព្រែក​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ស្ថានភាព​ជំងឺ​មិន​ធូរ​ស្រាល​ក៏​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា រាជធានី​ភ្នំពេញ បន្ទាប់​មក​គ្រូពេទ្យ​បាន​ធ្វើតេស្ត​លទ្ធផល​ឃើញ​ក្មេង​តូច​រូប​នេះ​មាន​ផ​ក​ទុក​ជំងឺផ្ដាសាយបក្សី​។

ដោយ​ពិបាក​ដកដង្ហើម តែ​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​គ្រូពេទ្យ ឃើញ​ថា​ក្មេង​តូច​នោះ​រាង​បាន​ធូរ​បន្តិច​ហើយ គិត​រហូត​មក​ដល់​យប់​ថ្ងៃ​ទី​២២​ កក្កដា គឺ​ក្មេង​តូច​នោះ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​សង្គ្រោះ​នៅឡើយ​។

ជំនាញ​ពេទ្យសត្វ​បញ្ជាក់​ថា កម្លាំង​ជា​ច្រើន​នាក់​បាន​ចុះ​នៅ​ក្នុងភូមិ​ហៅ​បងប្អូន​ប្រជាពលរដ្ឋ​មក​ចូលរួម​ប្រជុំ​ស្ដាប់​ការ​ពន្យល់​ពី​វិធានការ​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺផ្ដាសាយបក្សី​ ។​ ជាមួយ​នោះ​ ក៏​បាន​ចាប់​មាន់​ឬ​ទា​ ដែល​ស្ថិត​នៅ​ក្បែរ​ផ្ទះ​របស់​ក្មេង​តូច​នោះ​យក​ដុត​កម្ទេច​ចោល​ហើយ​មួយ​ផ្នែក​ទៀត​ត្រូវ​បាន​វេច​ខ្ចប់​តាម​លក្ខណៈ​បច្ចេកទេស​ ដើម្បី​យក​ទៅ​ពិនិត្យ​មើល​មេរោគ​បន្ត​នៅ​រាជធានី​
ភ្នំពេញ​ ។

ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ​ គឺ​ជំនាញ​ពេទ្យសត្វ​បាន​ចុះ​ផ្សព្វផ្សាយ​ឱ្យ​បងប្អូន​យល់​ដឹង​ទូលំទូលាយ​ធ្វើ​យ៉ាងណា​បើ​ឃើញ​សត្វ​មាន់​ឈឺ​មិន​ត្រូវ​ប៉ះពាល់​នោះ​ទេ​ បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​ ។ ដើម្បី​សុវត្ថិភាព​កម្លាំង​​ជំនាញ​ពេទ្យសត្វ ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដោយ​ធ្វើ​ផ្កា​ផ្សព្វផ្សាយ​ និង​ហាម​មិន​ឲ្យ​មាន​ចរាចរណ៍​សត្វ​នៅ​ក្នុងភូមិ ដែល​រក​ឃើញ​មាន​ជំងឺ​ដា​សាយ​បក្សី ​។​ក្នុង​បរិវេណ​ដែល​សង្ស័យ​ត្រូវ​បាន​គ្រប់គ្រង​ក្នុង​រង្វង់​ប្រមាណ​២០០​ទៅ​៤០០​ម៉ែត្រ ៤​ជ្រុង​។

សូម​បញ្ជាក់​ថា​ ក្រៅពី​ក្មេង​តូច​ម្នាក់​នេះ​ មិន​ទាន់​ស្រាវជ្រាវ​ឃើញ​មាន​អ្នក​ភូមិ​ផ្សេង​ទៀត​ឆ្លង​ជំងឺ​នេះ​នៅឡើយ​ទេ​ ។ គួរ​រំលឹក​ថា ​នា​ពេល​កន្លង​ទៅ​ មាន​បុរស​ម្នាក់​បាន​ចាប់​មាន់​ដែល​មាន​ជំងឺ​យក​មក​ធ្វើ​ម្ហូប​ទទួលទាន ហើយ​ក៏​បាន​ឆ្លង​ជំងឺផ្ដាសាយបក្សី ទោះបី​ក្រុម​គ្រូពេទ្យ​ប្រឹង​សង្គ្រោះ​យ៉ាងណា​ក៏​ដោយ ​ទីបំផុត​បុរស​នោះ​ក៏​បាន​ស្លាប់​ហេតុការណ៍​នោះ​កើតឡើង​នៅ​ស្រុក​ចំការលើ ខេត្តកំពង់
ចាម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ