រាជធានីភ្នំពេញ ៖ អគ្គនាយករងនៃនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌ របស់ក្រសួងសន្តិសុខសាធារណៈចិនអះអាងថា ចិនរីករាយបន្តចាប់ដៃ គាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការចំពោះប្រតិបត្តិការរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

ការលើកឡើងរបស់អគ្គនាយករងនៃនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌចិន នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នៅពេលឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យលោក Yin Guohai ថ្នាក់អគ្គនាយករងនៃនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌរបស់ក្រសួងសន្តិសុខសាធារណៈចិនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។

លោក Yin Guohai បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់នៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលថ្មីៗនេះ ។
លោក Yin Guohai បានសង្កត់ធ្ងន់ថា ភាគីចិនរីករាយបន្តចាប់ដៃគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការចំពោះប្រតិបត្តិការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនអំពីយុទ្ធនាការរបស់រាជរដ្ឋាភិបាល រួមទាំងលទ្ធផលក្នុងការបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបញ្ជូនសំណុំរឿងទៅតុលាការ ។
ឯកឧត្តមសន្តិបណ្ឌិតបានស្វាគមន៍កិច្ចសហប្រតិបត្តិការ ការបណ្តុះបណ្តាញជំនាញ និងជំនួយបច្ចេកទេសពីប្រទេសពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាព និងបង្កើនជោគជ័យនៃប្រតិបត្តិការបង្ក្រាបនិងបោសសម្អាតរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តមសន្តិបណ្ឌិតក៏បានអរគុណភាគីចិនចំពោះកិច្ចសហការ កន្លងមក ។ ភាគីទាំងពីរបានពិភាក្សាលើបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងឯកភាពបន្តជំរុញកិច្ចសហការបន្ថែម ក្នុងការចែករំលែកព័ត៌មាន ស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីឈានទៅដល់ការបង្ក្រាបទីតាំង និងចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបន្តនីតិវិធីច្បាប់ ។
ទន្ទឹមនេះ ភាគីចិនបានសន្យានឹងខិតខំប្រឹងប្រែងជួយកម្ពុជាធ្វើយ៉ាងណាចាប់បញ្ជូនជនជាតិចិន ដែលប្រព្រឹត្តបទល្មើសនៅកម្ពុជាត្រលប់ទៅកាន់ប្រទេសចិនវិញឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ដោយភាគីចិនចាត់ទុកការងារនេះ ជាការងារអាទិភាព ។
សូមជម្រាបថា បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយគិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមានសមត្ថកិច្ចរាជធានី ខេត្ត បានចាត់វិធានការបង្ក្រាបតាមគោលដៅចំនួន៥២ទីតាំង ក្នុង១៥ រាជធានីខេត្ត ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២.៧៦៧នាក់ មានជនជាតិចិនចំនួន៨៤៣នាក់ក្នុងនោះដែរ សមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យចំនួន១១នាក់ ទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ