រាជធានីភ្នំពេញ ៖ ព្រះបាទព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុមី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការច្បាប់ដកសញ្ជាតិ។
យោងតាមព្រះរាជក្រមបានប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥
នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ហើយដែល ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖
ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀង ជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិ ត្រូវកំណត់ក្នុងច្បាប់ ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាធ្លាប់បានលើកឡើងថា ការបញ្ចេញមតិជំទាស់ជាមួយរាជរដ្ឋាភិបាល ឬអ្នកនយោបាយនៅក្នុងគណបក្សប្រឆាំងជាមួយគណបក្សកាន់អំណាច មិនមែនជាទោសក្បត់ ដែលត្រូវបារម្ភរឿងច្បាប់ដកសញ្ជាតិ ។
ការលើកឡើងរបស់សម្តេចតេជោប្រធានព្រឹទ្ធសភាធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធ
សភា នីតិកាលទី៥ ដើម្បីពិនិត្យលើសេចក្ដីស្នើច្បាប់រដ្ឋធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញពាក់ព័ន្ធការដកសញ្ជាតិ កាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥កន្លងមក។សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា៖«ការបញ្ចេញមតិជំទាស់ជាមួយរាជរដ្ឋាភិបាល ឬអ្នកនយោបាយនៅក្នុងគណបក្សប្រឆាំងជាមួយគណបក្សកាន់អំណាច មិនមែនជាទោសក្បត់ ដែលត្រូវបារម្ភរឿងច្បាប់ដកសញ្ជាតិនោះឡើយ» ។
ទាក់ទិននឹងច្បាប់ដកសញ្ជាតិវិញសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាបុគ្គលដែលត្រូវយកច្បាប់ដកសញ្ជាតិមកប្រើ ដើម្បីដកសញ្ជាតិនោះ គឺជាអ្នកដែលប្រព្រឹត្តសកម្មភាពទាំងឡាយណា ដែលគប់គិតជាមួយជនបរទេសដើម្បីបំផ្លាញជាតិខ្មែរខ្លួនឯង ទើបជាគោលដៅនៃការដកសញ្ជាតិ។
សម្ដេចបានពន្យល់យ៉ាងដូច្នេះថា «អ្នកដែលមិនបានប្រព្រឹត្តអំពើក្បត់ជាតិ គប់គិតជាមួយបរទេស មិនមានអ្វីត្រូវព្រួយបារម្ភជាមួយច្បាប់នេះឡើយ។ សម្ដេចតេជោប្រធានព្រឹទ្ធសភាថា៖«ក្នុងច្បាប់បានកំណត់ណា គ្មានពលរដ្ឋខ្មែរណាម្នាក់ត្រូវបានដកសញ្ជាតិនោះទេ ប្រសិនបើមិនបានធ្វើអ្វីមួយដែលប្រឆាំង ក្បត់ផលប្រយោជន៍ជាតិខ្លួនឯង។ ដូច្នេះមិនចាំបាច់ភ័យទេ បើមិនក្បត់ជាតិនោះ “…”និយមន័យ នៃការក្បត់ជាតិ មិនមែនជាសិទ្ធិនៃការបញ្ចេញមតិទេ ជំទាស់ ធ្វើជាបក្សប្រឆាំង ដែលស្មើនឹងទោសក្បត់ជាតិនោះ គឺមិនមែនទេ។ ប៉ុន្ដែទង្វើទាំងឡាយ ដែលគប់គិតជាមួយជនបរទេស បំផ្លាញជាតិរបស់ខ្លួន ទើបជាគោលដៅដែលមានក្នុងច្បាប់»។
ជាមួយគ្នានោះដែរ ប្រធានព្រឹទ្ធសភានៃកម្ពុជាបានអះអាងទៀតថា ច្បាប់ដកសញ្ជាតិនេះ ក៏មានវិសាលភាពធំធេងអនុវត្តសម្រាប់ជនបរទេសទាំងឡាយណា ដែលបានសញ្ជាតិខ្មែរ តាមរយៈការធ្វើសញ្ជាតិតូបនីយកម្ម។
សម្ដេចបានបញ្ជាក់ថា កន្លងទៅមានជនបរទេសជាច្រើនជាតិសាសន៍ ទទួលបានសញ្ជាតិខ្មែរ ប៉ុន្ដែច្បាប់មិនបើកឱកាសឲ្យដាក់ទណ្ឌកម្មបុគ្គលទាំងនោះ តាមរយៈការដកសញ្ជាតិត្រឡប់មកវិញទេ ប្រសិនបើរកឃើញថា បុគ្គលនោះគប់គិតជាមួយបរទេស ដើម្បីបំផ្លាញជាតិខ្មែរ។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា នៅពេលកម្ពុជាមានច្បាប់ដកសញ្ជាតិហើយនោះ គឺជនបរទេសដែលបានសញ្ជាតិខ្មែរ ហើយប្រព្រឹត្តអំពើក្បត់ជាតិ ក្បត់ផលប្រយោជន៍ជាតិ នឹងត្រូវយកច្បាប់នេះមកអនុវត្ត។
លើសពីនេះសម្ដេចតេជោក៏បានលើកឧទាហរណ៍ជាក់ស្ដែងថា ក្នុងករណីមានជនជាតិថៃ ដែលចូលសញ្ជាតិកម្ពុជា ហើយគេត្រឡប់ទៅស្រុកវិញ គេផ្ដល់លុយដើម្បីឲ្យទាហានថៃវាយប្រហារជាមួយខ្មែរ តើគួរដកសញ្ជាតិ ឬមិនដក? ព្រោះករណីនេះធ្លាប់កើតមាននៅក្នុងប្រវត្តិសាស្ដ្រខ្មែររួចមកហើយនៅខេត្តបាត់ដំបង។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំដល់បុគ្គលទាំងឡាយណាដែលមិនចង់បាត់បង់សញ្ជាតិខ្មែរទេ កុំប្រព្រឹត្តអំពើក្បត់ជាតិ គប់គិតជាមួយបរទេសបំផ្លាញជាតិខ្លួនឯង។ សម្ដេចប្រធានព្រឹទ្ធសភាបានសង្កត់ធ្ងន់ថា «បើខ្លាចគេដកសញ្ជាតិ កុំធ្វើអំពើក្បត់ជាតិទៅបានហើយ កុំគប់គិតជាមួយបរទេស»។
ទាក់ទិនជាមួយការគប់គិតជាមួយបរទេសរបស់ក្រុមប្រឆាំង សម្ដេចតេជោ ហ៊ុន សែនក៏ បានទម្លាយថា មានបុគ្គលសញ្ជាតិខ្មែរមួយក្រុមកំពុងគប់គិតគ្នាជាមួយថៃ ដើម្បីបម្រុងបង្កើតកម្លាំងវាយប្រហារកម្ពុជា ដូច្នេះបុគ្គលទាំងនោះកំពុងប្រព្រឹត្តអំពើក្បត់ជាតិ ហើយជាគោលដៅនៃច្បាប់ដកសញ្ជាតិ៕
ចែករំលែកព័តមាននេះ