ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងកាលពីពេលថ្មីៗនេះ បានប្រកាសថា តំបន់ទេសចរណ៍ឆ្នេរសមុទ្រធំបំផុតរបស់ខ្លួន ដែលទើបតែបានបើកដំណើរការកាលពីដើមខែនេះ នឹងមិនទទួលភ្ញៀវទេសចរបរទេសឡើយ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC បានចេញផ្សាយកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។
តំបន់ទេសចរណ៍ឆ្នេរសមុទ្រវ៉ុនសាន កាល់ម៉ា (Wonsan Kalma) ដែលជាឆ្នេរស្ថិតនៅក្នុងទីក្រុងកំពង់ផែវ៉ុនសាន ខេត្តកាងវ៉ុន (Kangwon) ដែលបានបើកនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ត្រូវបានចាត់ទុកថាជាផ្នែកសំខាន់នៃមហិច្ឆតារបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) ដើម្បីជំរុញទេសចរណ៍ ហើយមុនឈានដល់ការបើកដំណើរការជាផ្លូវការ តំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏មានសក្តានុពលរបស់កូរ៉េខាងជើងមួយនេះ ត្រូវបានផ្សព្វផ្សាយថាជាកន្លែងទាក់ទាញសម្រាប់ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តជាតិ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ សេចក្តីជូនដំណឹងមួយលើគេហទំព័រទេសចរណ៍របស់កូរ៉េខាងជើងបង្ហាញថា ភ្ញៀវបរទេសមិនត្រូវបានអនុញ្ញាតឱ្យចូលមកកម្សាន្តតំបន់ទេសចរណ៍វ៉ុនសាន-កាល់ម៉ាជាបណ្ដោះអាសន្ន ដោយពុំបានបញ្ជាក់អំពីមូលហេតុ។
នៅពេលបើកដំណើរការដំបូងៗ បណ្តាភ្ញៀវទេសចររុស្ស៊ីដំបូងគេត្រូវបានរាយការណ៍ថាបានទៅដល់តំបន់ទេសចរណ៍វ៉ុនសាន កាល់ម៉ា ស្របពេលដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានជួបលោក គីម ជុងអ៊ុន ក្នុងទីក្រុងវ៉ុនសានផងដែរ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានសាទរចំពោះការអភិវឌ្ឍន៍តាមមាត់សមុទ្រថាជាកន្លែងទាក់ទាញទេសចរណ៍ដ៏ល្អ ហើយលោកសង្ឃឹមថាវានឹងក្លាយទៅជាការពេញនិយមក្នុងចំណោមប្រជាជនរុស្ស៊ី។ ប្រទេសទាំងរុស្ស៊ី និងកូរ៉េខាងជើងគ្រោងនឹងចាប់ផ្តើមជើងហោះហើរត្រង់រវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងនៅចុងខែនេះ។ ស្របពេលដែលមគ្គុទ្ទេសក៍ទេសចរណ៍រុស្សីម្នាក់ពីមុនបានប្រាប់ NK News ថា ពួកគេមានគម្រោងធ្វើដំណើរជាច្រើនទៀតទៅកាន់តំបន់ទេសចរណ៍វ៉ុនសាន កាល់ម៉ានៅប៉ុន្មានខែខាងមុខនេះ។
ទីក្រុងវ៉ុនសាន គឺជាទីក្រុងមួយនៅតាមបណ្តោយឆ្នេរភាគខាងកើតប្រទេសកូរ៉េខាងជើង ហើយជាកន្លែងសម្រាប់ផលិតគ្រាប់មីស៊ីលមួយចំនួនផងដែរ។ ទីក្រុងមួយនេះក៏ជាកន្លែងដែលលោក គីម បានចំណាយពេលវេលាជាច្រើនអំឡុងយុវវ័យសម្រាប់វិស្សមកាល។ តំបន់ទេសចរណ៍ថ្មីនេះមានសណ្ឋាគារប្រណីត និងកន្លែងស្នាក់នៅផ្សេងទៀត សម្រាប់ភ្ញៀវជិត២ម៉ឺននាក់ ដែលអាចហែលទឹកសមុទ្រ ចូលរួមសកម្មភាពកីឡា ផ្សារទំនើប និងការកម្សាន្តជាច្រើនផ្សេងទៀត ព្រមទាំងទទួលទានអាហារនៅភោជនីយដ្ឋាន និងអាហារដ្ឋានដែលមាននៅនឹងកន្លែងផងដែរ។
ទោះយ៉ាងណាក៏ដោយ ចាប់តាំងពីតំបន់ទេសចរណ៍ថ្មីនេះបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០១៨ ក្រុមសិទ្ធិមនុស្សបានតវ៉ាចំពោះការចោទប្រកាន់ថាបានធ្វើបាបកម្មកររបស់ខ្លួន ដោយពួកគេបានចង្អុលទៅរបាយការណ៍នៃមនុស្សដែលត្រូវបានបង្ខំឱ្យធ្វើការច្រើនម៉ោងដើម្បីសម្រេចគម្រោងដ៏ធំនេះ ក្រោមលក្ខខណ្ឌដ៏លំបាក និងសំណងមិនគ្រប់គ្រាន់។
កាលពីឆ្នាំមុន ប្រទេសកូរ៉េខាងជើងបានអនុញ្ញាតឱ្យភ្ញៀវទេសចររុស្ស៊ីទៅកម្សាន្តប្រទេសរបស់ខ្លួន បន្ទាប់ពីការផ្អាកទេសចរណ៍អស់រយៈពេលជាច្រើនឆ្នាំ អំឡុងពេលការផ្ទុះជំងឺរាតត្បាតកូវីដ១៩។ កាលពីខែកុម្ភៈកន្លងទោ កូរ៉េខាងជើងក៏បានចាប់ផ្តើមទទួលវត្តមានភ្ញៀវទេសចរណ៍មកពីបស្ចិមប្រទេស រួមមាន អូស្ត្រាលី បារាំង អាល្លឺម៉ង់ និងអង់គ្លេស។ ប៉ុន្តែសកម្មភាពទេសចរណ៍នោះ ត្រូវបានផ្អាក មួយសប្តាហ៍ក្រោយមក ដោយមិនបានបញ្ជាក់ពីមូលហេតុអ្វីឡើយ៕



ចែករំលែកព័តមាននេះ