រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជាបានប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជាពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២០ កក្កដា ឆ្នាំ២០២៥ បានប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន ។
ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជាពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

គួររំលឹកផងដែរថា កម្ពុជាតែងតែបានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះ នៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ ។
ជាក់ស្តែង ទាហានថៃបានលើ្មសការឯកភាពដែលបានចែងក្នុងអនុស្សារណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU-2000) ហើយបានធ្វើការដើរល្បាតខុសពីតម្រាយផ្លូវចាស់របស់ខ្លួនដោយបង្កើតតម្រាយផ្លូវថ្មីទៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា នេះ បើផ្អែកតាមផែនទីមាត្រដ្ឋាន១/២០០.០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ រហូតទទួលគ្រោះថ្នាក់ដោយសារការផ្ទុះគ្រាប់មីនដែលជាសំណល់ពីសង្គ្រាម ។

ការគោរពអធិបតេយ្យ និងច្បាប់អន្តរជាតិ មិនអាចបានតែនិយាយដោយមិនមានសកម្មភាពនោះទេ ដូច្នេះកម្ពុជាអំពាវនាវឱ្យភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ MOU-2000 និងប្រើប្រាស់ឱ្យបានពេញលេញនូវយន្តការច្បាប់អន្តរជាតិ ក្នុងនោះរួមមាន តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយជម្លោះព្រំដែននៃប្រទេសទាំងពីរ ដើម្បីនាំមកនូវសន្តិភាពពិតប្រាកដ និងយូរអង្វែង ព្រមទាំងទប់ស្កាត់ការគ្រោះថ្នាក់ ឬការបាត់បង់ជីវិតប្រជាពលរដ្ឋស្លូតត្រង់ ។
ជាមួយគ្នានេះ ឧប្បត្តិហេតុខាងលើ ក៏បានចោទជាសំណួរផងដែរថា តើថ្នាក់ដឹកនាំយោធាថៃមានចេតនាអ្វីឱ្យពិតប្រាកដ ដែលសុខចិត្តបញ្ជូនទាហានរបស់ខ្លួនឱ្យដើរល្បាតខុសតម្រាយផ្លូវ បើទោះបីជាដឹងមុនហើយថា ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារមីន ដែលជាសំណល់ពីសង្គ្រាម ហើយដែលកម្ពុជាតែងតែបានដាស់តឿនជារឿយៗ ឬមួយនេះជាការប៉ុនប៉ង ដើម្បីបង្កឱ្យមានភាពតានតឹងដែលអាចរុញច្រានស្ថានការណ៍ឱ្យប្រឈមមុខដាក់គ្នា ។

ជាមួយគ្នានោះដែរ លោកជំទាវ អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តអំពាវនាវឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជា និងជៀសវាងទង្វើដែលគំរាមកំហែ.ងដល់ការរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន ។
ក្នុងនាម ជាប្រទេសមួយដែលរងគ្រោះដោយសារមីន កម្ពុជាបានដើរតួនាទីយ៉ាងសកម្ម ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។
កម្ពុជាត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ដោយសហគមន៍អន្តរជាតិ មិនត្រឹមតែចំពោះជោគជ័យក្នុងការបោសសម្អាត និងកម្ទេចចោលមីនប្រឆាំងមនុស្សគ្រប់ប្រភេទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជាច្រើនដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការបោសសម្អាតមីននៅតាមបណ្តាប្រទេសដែលបាន និងកំពុងរងគ្រោះដោយសារសង្គ្រាម ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបញ្ជាក់ជាថ្មីការគាំទ្រទាំងស្រុងចំពោះជំហររបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងការយកប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ព្រមទាំងប្តេជ្ញាឥតងាករេ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ ទោះក្នុងតម្លៃណាក៏ដោយ៕
ចែករំលែកព័តមាននេះ