ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pacquiao ចង់​ប៉ះ​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក Barrios ម្តងទៀត ក្រោយ​ជំនួប​លើក​ទី​១ បាន​ត្រឹម​ស្មើគ្នា

6 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ស្តេច​ប្រដាល់សកល​ហ្វី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) ខកខាន​បំបែក​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ ក្រោយ​មិន​អាច​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ទម្ងន់​មធ្យម WBC…

សហរដ្ឋអាមេរិក ៖ ស្តេច​ប្រដាល់សកល​ហ្វី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) ខកខាន​បំបែក​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ ក្រោយ​មិន​អាច​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ទម្ងន់​មធ្យម WBC Welterweight ពី​អ្នក​ប្រដាល់​ឆ្នើម​សញ្ជាតិ​អា​មេ​រិ​ក Mario Barrios បាន​ឡើយ ដោយ​ការ​ប្រកួត​កក្រើក​សង្វៀន Grand Garden Arena នៅ​ទីក្រុង​ឡាស​វេ​ហ្គា​ស សហរដ្ឋអាមេរិក កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៥ (​ពេលវេលា​នៅ​កម្ពុជា​) បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា​។

បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​បំផុត​ចំនួន​១២​ទឹក​ពេញ​រួច​មក ចៅក្រម​មួយ​រូប​បាន​សម្រេច​ផ្តល់​ពិន្ទុ ១១៥-១១៣ ទៅ​កីឡាករ Barrios ខណៈ​ដែល​ចៅក្រម​ពីរ​រូប​ផ្សេង​ទៀត បាន​សម្រេច​ផ្តល់​ពិន្ទុ ១១៤-១១៤ ដូច​គ្នា មាន​ន័យ​ថា Barrios បន្ត​រក្សា​ខ្សែក្រវាត់ WBC welterweight របស់​ខ្លួន​។
ថ្លែង​ក្រោយ​ការ​ប្រកួត ប៉ាក់​គី​អៅ បាន​ហៅ​ជំនួប​នេះ​ថា ការ​ប្រកួត​ដ៏​អស្ចារ្យ ដោយ​ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន​វ័យ​៤៦​ឆ្នាំ​រូប​នេះ បាន​លើក​ឡើង​ដូច្នេះ​ថា «​ខ្ញុំ​គិត​ថា ខ្ញុំ​ឈ្នះ​ការ​ប្រកួត​នេះ វា​ជា​ការ​ប្រកួត​តឹងតែង​ណាស់ និង​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​»​។ ជាមួយ​គ្នា​នោះ ប៉ាក់​គី​អៅ បាន​បន្ត​ទៀត​ថា ពិត​ណាស់ លោក​នឹង​ស្វែងរក​ការ​ប្រកួត​លើក​ទី​២​ជាមួយ Barrios ដែល​ក្រោយមក​អ្នក​ប្រដាល់​វ័យ​៣៤​ឆ្នាំ​រូប​នេះ​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា ខ្លួន​ក៏​ចង់​ប្រកួត​ម្តងទៀត​ដែរ​។

ក្រោយ​ការពារ​ខ្សែក្រវាត់​បាន​សម្រេច Barrios មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ចំពោះ​ភាពរឹងមាំ​របស់ ប៉ាក់​គី​អៅ ទោះ​ស្ថិត​ក្នុង​វ័យ​៤៦​ឆ្នាំ​ក៏​ដោយ​។ Barrios បាន​និយាយ​ថា «​ជា​រឿង​ឆ្កួត​ណាស់ ភាពរឹងមាំ​របស់​គាត់ គាត់​នៅ​តែ​អាច​ធ្វើ​បាន គាត់​នៅ​តែ​ខ្លាំង​»​។ Barrios ក៏​បន្ថែម​ទៀត​ថា គេ​នឹង​ផ្តល់​ឱ្យ ប៉ាក់​គី​អៅ នូវ​ការ​ប៉ះ​គ្នា​ជា​លើក​ទី​២ បន្ទាប់​ពី​ត្រូវ​បាន​អ្នក​ផ្វ​ព្ស​ផ្សាយ​កីឡា​ប្រដាល់សកល លោក Jim Gray ប្រាប់​ថា នោះ​ជា​អ្វី​ដែល ប៉ាក់​គី​អៅ ចង់បាន​។

បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ធំ​ៗ​ជា​ច្រើន រួម​ទាំង​កាសែត​អេ​ស្ប៉ា​ញ Marca និង​កាសែត The Sun របស់​ចក្រភព​អង់គ្លេស បាន​រាយការណ៍​មុន​ការ​ប្រកួត​ចាប់ផ្តើម​ថា ប៉ាក់​គី​អៅ អាច​រក​ប្រាក់​បាន​ចន្លោះ​ពី ៥ ទៅ ១០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ចំណែកឯ Barrios អាច​នឹង​រកបាន​ចន្លោះ​ពី ៥០​ម៉ឺន ទៅ ១​លាន​ដុល្លារ​អា​មេ​រិ​ក​។

ការ​បរាជ័យ​ដណ្តើម​ខ្សែក្រវាត់​ពី Barrios បាន​ធ្វើ​ឱ្យ ប៉ាក់​គី​អៅ ដែល​អ្នក​ប្រដាល់សកល​តែ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​៨​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា ហើយ​ក៏​ជា​អ្នក​ប្រដាល់​តែ​ម្នាក់​គត់​កាន់កាប់​ខ្សែក្រវាត់​ពិភពលោក​យូរ​ជាងគេ​ក្នុង​រយៈពេល​៤​ទសវត្សរ៍​នោះ ខកខាន​បំបែក​កំណត់​ត្រា​ជា​កីឡាករ​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​វ័យចាស់​បំផុត​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់សកល បច្ចុប្បន្ន​ជា​កំណត់​ត្រា​របស់​លោក George Foreman អ្នក​ប្រដាល់​សញ្ជាតិ​អា​មេ​រិ​ក ដែល​ទើប​ទទួលអនិច្ចកម្ម​កាលពី​ចុងខែ​មីនា​កន្លង​ទៅ នៅ​ក្នុង​អាយុ​៧៦​ឆ្នាំ​នោះ ដោយ​លោក​សម្រេច​បាន​នៅ​វ័យ​៤៥​ឆ្នាំ ខណៈ​លោក Bernard Hopkins ដែល​បច្ចុប្បន្ន​មាន​វ័យ​៦០​ឆ្នាំ នៅ​តែ​ជា​កីឡាករ​ឈ្នះ​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​វ័យចាស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ពោល​នៅ​វ័យ​៤៩​ឆ្នាំ​។

គូរ​រំលឹក​ថា ការ​ប្រកួត​តទល់​ជាមួយ​កីឡាករ Mario Barrios គឺជា​ការ​វិល​ត្រឡប់​ឡើង​សង្វៀន​អាជីព​វិញ​របស់ ម៉ា​នី ប៉ាក់​គី​អៅ បន្ទាប់​ពី​ខកខាន​អស់​រយៈពេល​៤​ឆ្នាំ ក្រោយ​ប្រកាស​ព្យួរ​ស្រោមដៃ​ចូល​និវត្តន៍​ជា​ផ្លូវការ កាលពី​ខែកញ្ញា ឆ្នាំ​២០២១ ក្រោយ​ចាញ់​ការ​ប្រកួត​អាជីព​ចុង​ក្រោយ​ក្រោម​ថ្វីដៃ​កីឡាករ​ប្រដាល់​គុយ​បា Yordenis Ugas កាលពី​ខែសីហា ឆ្នាំ​២០២១៕ ប្រភព ៖ USA Today, Fox Sports, Marca និង The Sun

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ