ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​គ្រាប់ស្វាយចន្ទី​កម្ពុជា​នៅ​ប្រទេស​វៀតណាម អាច​ឆ្អែត​ហើយ​ដែល​ចាំបាច់ កម្ពុជា​គួរតែ​សម្លឹង​មើល​ច្រក​ឬ​ប្រភព​ទីផ្សារ​ថ្មី​ផ្សេង ឬ​ក៏​ពង្រឹងសមត្ថភាព​កែ​ច្នៃ​នៅ​ក្នុងស្រុក ដើម្បី​បង្កើន​តម្លៃបន្ថែម ហើយ​ពង្រឹង ឯករាជ្យ​ភាព​ទីផ្សារ ។ តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​វៀតណាម បាន​ឲ្យ​ដឹង​ថា…

ទីផ្សារ​គ្រាប់ស្វាយចន្ទី​កម្ពុជា​នៅ​ប្រទេស​វៀតណាម អាច​ឆ្អែត​ហើយ​ដែល​ចាំបាច់ កម្ពុជា​គួរតែ​សម្លឹង​មើល​ច្រក​ឬ​ប្រភព​ទីផ្សារ​ថ្មី​ផ្សេង ឬ​ក៏​ពង្រឹងសមត្ថភាព​កែ​ច្នៃ​នៅ​ក្នុងស្រុក ដើម្បី​បង្កើន​តម្លៃបន្ថែម ហើយ​ពង្រឹង ឯករាជ្យ​ភាព​ទីផ្សារ ។

តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​វៀតណាម បាន​ឲ្យ​ដឹង​ថា គិត​ត្រឹមតែ​រយៈពេល​៥ ខែ​នៃ​ឆ្នាំ​២០២៥​នេះ​ទេ ក្រុមហ៊ុន​វៀតណាម បាន​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ពី​កម្ពុជា​ប្រមាណ​ជា​៨៧៣.២០០​តោន ដែល​មាន​តម្លៃ​ប្រមាណ​១,៣២​ពាន់​លាន​ដុល្លារ ។ បរិមាណ​នៃ​ការ​នាំ​ចូល​នេះ មាន​កំណើន​កើនឡើង​១៥​ភាគរយ រីឯ​តម្លៃ​វិញ​គឺ​កើនឡើង ជាង ៣៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដដែល​កាលពី​ឆ្នាំ​២០២៤​កន្លង​ទៅ ។

បរិមាណ​នៃ​គ្រាប់ស្វាយចន្ទី​មិន​ទាន់​កែ​ច្នៃ​របស់​កម្ពុជា ដែល​នាំ​ចូល​ទៅ​វៀតណាម​នេះ គឺ​មាន​ប្រមាណ​ជា​ជិត​៦៣​ភាគរយ​នៃ​តម្រូវការ​គ្រាប់ស្វាយចន្ទី ដើម្បី​កែ​ច្នៃ​នាំ​ចេញ​បន្ត ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ បើ​គិត​ពី​ការ​នាំ​ចេញ​វិញ​បរិមាណ​នៃ​ការ​នាំ​ចេញ​របស់​វៀតណាម នៅ​ឆមាស​ទី​១ គឺ​ធ្លាក់​ចុះ ទោះបីជា​តម្លៃ​វា​កើនឡើង​ក៏​ដោយ ។

សារព័ត៌មាន Vietnam Plus បាន​ឲ្យ​ដឹង​ថា នៅ​ឆមាស​ទី​១​ដើមឆ្នាំ​វៀតណាម​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​បាន ត្រឹម ៣៤៦.៨០០០ តោន ធ្លាក់​ចុះ​២,៧​ភាគរយ ខណៈ​ដែល​តម្លៃ​នៃ​ការ​នាំ​ចេញ​វិញ​គឺ​បាន ២,៣៦ ពាន់​លាន​ដុល្លារ គឺ​កើនឡើង​២០​ភាគរយ​ឯណោះ ។

ការ​ដែល​បរិមាណ​នៃ​ការ​នាំ​ចេញ​ធ្លាក់​ចុះ​នេះ​ហើយ ដែល​វា​ជា​បច្ច័យ​មួយ​ដែល​វៀតណាម​អាច​នឹង​បន្ថយល្បឿន​នៃ​ការ​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ពី​កម្ពុជា​បន្ថែម​ទៀត បើ​ទោះបីជា​វៀតណាម​នៅ​តែ​កំណត់​គោលដៅ បង្កើន​ការ​នាំ​ចេញ​ផលិតផល​នេះ​ទៅ​ទីផ្សារ​របស់​ខ្លួន​ក៏​ដោយ​ចុះ ។

នៅ​ក្នុង​មួយ​ឆ្នាំ កម្ពុជា​អាច​មាន​សមត្ថភាព​ប្រមូល​ផល​គ្រាប់ស្វាយចន្ទី​ប្រមាណ​ជា​១,២​លាន​តោន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ វា​អាច​ឡើង ឬ​ថយ​ចុះ អាស្រ័យ​នៅ​លើ​កត្តា​អាកាសធាតុ ហើយ​នៅ​ក្នុង​នោះ មួយ​ចំណែក​តូច គឺ​កម្ពុជា​អាច​កែ​ច្នៃ​នៅ​ក្នុងស្រុក ខណៈ​ដែល​ចំណែក​ភាគច្រើន គឺ​ខ្ទង់​៩០​ភាគរយ ហើយ​ដែល​នាំ​ចេញ​ទៅ​វៀតណាម ។

មក​ដល់​ពេល​នេះ គ្រាប់ស្វាយចន្ទី​មាន​ទីផ្សារ​ទូលំទូលាយ ពីព្រោះ​វា​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ប្រភេទ​អាហារ ដែល​មាន​ជំនួយ​ផ្នែក​សុខភាព ហើយ​ក៏​គេ​អាច​យក​ទៅ​ទទួលទាន​ធម្មតា ឬ​ទៅ​ធ្វើ​ជា​គ្រឿងផ្សំ​លើ​មុខម្ហូប មួយ​ចំនួន ។

ទីផ្សារ​របស់​វា​រួម​មាន​ចិន ជប៉ុន កូរ៉េ​ខាងត្បូង ឥណ្ឌា នៅ​អឺរ៉ុប អា​មេ​រិ​ក ហើយ​សូ​ម្បី​តែ​នៅ​តំបន់​មជ្ឈិមបូព៌ា​ក៏​មានការ​ពេញ​និយម​ដែរ ដែល​ទីនោះ គឺ​គួរតែ​ជា​គោលដៅ​ដែល​កម្ពុជា​គិតគូរ ពង្រឹង​ផលិតកម្ម​នៅ​ក្នុងស្រុក ហើយ​នាំ​ចេញ​ដោយ​ផ្ទាល់ ដើម្បី​បង្កើន​តម្លៃបន្ថែម​សម្រាប់​ពលរដ្ឋ និង​បង្កើត​ការងារ​ធ្វើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ