កំណើនវិស័យសំណង និងអចលនទ្រព្យនៅកម្ពុជា គឺនៅក្រោមកម្រិត១ភាគរយ ដោយសារតែលំហូរវិនិយោគផ្ទាល់ពីបរទេសមកកាន់វិស័យសំណង់បានបន្តធ្លាក់ចុះ ។ របាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ ដែលចេញដោយធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា…
កំណើនវិស័យសំណង និងអចលនទ្រព្យនៅកម្ពុជា គឺនៅក្រោមកម្រិត១ភាគរយ ដោយសារតែលំហូរវិនិយោគផ្ទាល់ពីបរទេសមកកាន់វិស័យសំណង់បានបន្តធ្លាក់ចុះ ។
របាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ ដែលចេញដោយធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា វិស័យសំណងនៅកម្ពុជា នៅតែបន្តមានកំណើនទាប ពោល គឺនៅក្នុងរង្វង់ត្រឹមតែ០,៧ភាគរយ ហើយវិស័យអលចនទ្រព្យនឹងមានកំណើងរង្វង់០,៨ភាគរយ ។

ការដែលវិស័យសំណង់មានកំណើនទាបបែបនេះ គឺដោយសារតែលំហូរវិនិយោគផ្ទាល់ពីបរទេសមកកាន់វិស័យសំណង់បន្តធ្លាក់ចុះដល់កម្រិតអវិជ្ជមានដល់ទៅ១៤ភាគរយ ។ ចំពោះភាពវិស័យអលនទ្រព្យវិញ វាមានកំណើនទាបបែបនេះ ដោយសារតែការធ្លាក់ចុះនៃថ្លៃ និងទំហំឥណទានសម្រាប់លំនៅស្ថានស្របពេលដែលការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យនេះធ្លាក់ចុះ ។
ប្រភពដដែលបានបន្ថែមថា សន្ទស្សន៍ថ្លៃលំនៅស្ថានរួមថយជាមធ្យមអវិជ្ជមាន៣,៦ភាគរយ ដោយនៅភ្នំពេញ គឺអវិជ្ជមាន៣,៦ភាគរយ ហើយនៅតាមខេត្តនានា គឺអវិជ្ជមាន៧,១ភាគរយ ។
នៅក្នុងស្ថានភាពបែបនេះ អ្នកតាមដានដំណើរវិវន្តន៍នៃវិស័យសំណង់ និងអចលនទ្រព្យមួយរូបបានឲ្យដឹងថា វិស័យសំណង់ និងអចលនទ្រព្យរហូតដល់ចុងឆ្នាំអាចនឹងធាក់ថយដដែល ។ ប៉ុន្តែអ្វីដែលជាទស្សនៈវិជ្ជមានដែលលោកបានសង្កេតឃើញ គឺថាការនាំចូលគ្រឿងសំណង់ គឺមានការកើនឡើងខ្លាំង ស្របពេលដែលគ្រឹះស្ថានធនាគារនានា ជាពិសេសធនាគារពាណិជ្ជខ្លះក៏បានខិតខំសម្រួលឥណទានលំនៅស្ថាន ដោយបានសម្របសម្រូលអត្រាការប្រាក់កាន់តែទាបពោលគឺរង្វង់ក្រោម៧ភាគរយនៅក្នុងមួយឆ្នាំ ។

អ្នកតាមដានរូបនោះបានបន្ថែមថា មើលតួរលេខដែលក្រសួងពាណិជ្ជកម្មបានបង្ហាញការនាំចូលគ្រឿងសំណង់នៅឆមាសទី១ មានតម្លៃដល់ទៅជិត១.២៤១លានដុល្លារ មានកំណើនកើនឡើងដល់ទៅ៣៥,៦ភាគយ ។ ហើយការនាំចូលដែកក៏មានកំណើនខ្លាំងដែរ ពោល គឺមានតម្លៃដល់ទៅជាង៥៨៧ លានដុល្លារ មានកំណើនកើនឡើងដល់ទៅ ៥២,៥៨ភាគរយ ។
ក្រៅពីនោះ អ្វីដែលសំខាន់ទៅទៀត គឺដំណើរការទាក់ទាញវិនិយោគរបស់កម្ពុជាក៏ប្រសើរឡើងដែរ ដោយក្រុមប្រឹក្សាវិនិយោគកម្ពុជាបានឲ្យដឹងថា កម្ពុជាបានទទួលគម្រោងវិនិយោគពីបរទេសសរុបចំនួន ៣៧៣ គម្រោងជាមួយនឹងទឹកប្រាក់សរុប៥,៨ពាន់លានដុល្លារ មានកំណើនកើនឡើង៧៧ភាគរយ ។
ផ្អែកតាមស្ថានភាពវិជ្ជមាននេះ អ្នកតាមដានស្ថានភាពអចលនទ្រព្យដដែលបានបន្តថា គម្រោងវិនិយោគទាំងនេះ គឺសុទ្ធតែគាំទ្រដល់វិស័យសំណង់ និងអចលនទ្រព្យ នៅក្នុងឆ្នាំ២០២៥ ។
ប្រភពដដែលបានបញ្ជាក់ថា «គ្មានក្រុមហ៊ុនណាគេមកវិនិយោគដោយមិនត្រូវការសាងសង់ ឫត្រូវការអគារដើម្បីគេរកស៊ីបើករោងចក្រ ឬដំណើរការប្រតិបត្តិការអាជីវកម្មរបស់គេនោះឡើយ» ៕
ចែករំលែកព័តមាននេះ