ទីក្រុងហាណូយ៖ មានហេតុការណ៍លិចកាណូតទេសចរណ៍របស់វៀតណាមនៅឆកសមុទ្រហាឡុង (Ha Long Bay) ដែលដឹកមនុស្សសរុប៥៣នាក់ គិតទាំងភ្ញៀវ និងបុគ្គលិក។ សារព័ត៌មានដឹហ្កាឌានរបស់អង់គ្លេស (The Guardian) ចុះផ្សាយថាគិតត្រឹមម៉ោង១១យប់ថ្ងៃសៅរ៍ គេរកឃើញសាកសពជនរងគ្រោះ៣៤នាក់ដែលបញ្ជាក់ថាបានស្លាប់ហើយ។ ក្រៅពីនេះ រកឃើញអ្នកនៅរស់១២នាក់ និងស្រង់ចេញពីក្នុងទឹកសមុទ្រ។ ដូច្នេះនៅបាត់ខ្លួន៧នាក់ទៀត។ ប្រភពខ្លះថាក្មេងៗដែលជិះនៅលើកាណូតនោះមានប្រហែលម្ភៃនាក់។

នៅក្នុងចំណោមនោះមានអ្នកទេសចរមួយចំនួន និងបុគ្គលិករបស់ក្រុមហ៊ុនបម្រើការនៅលើនោះ៥នាក់។ កំពុងបើកកាត់ផ្ទៃសមុទ្រសុខៗ កាណូតក៏លិចភ្លឹបទៅបាតសមុទ្រ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋ។ ហេតុការណ៍នេះកើតឡើងនៅអំឡុងម៉ោងប្រហែល១:៤៥ រសៀល ឬ២រសៀលនៅពេលខ្យល់ព្យុះវីផាចាប់ផ្ដើមបក់ទៅដល់សមុទ្រចិនខាងត្បូង។ នៅត្រង់តំបន់លិចកាណូតនោះ គេកត់សម្គាល់ឃើញខ្យល់កន្ត្រាក់បក់ខ្លាំង, ភ្លៀងធ្លាក់ខ្លាំង និងរន្ទះបាញ់ផូងផាំងយ៉ាងកងរំពង។

អាជ្ញាធរមិនទាន់បញ្ចេញអត្តសញ្ញាណជនរងគ្រោះដែលស្លាប់ទេ។ រីឯប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនត្រូវតែយ៉ាងដុតដៃដុតជើងទាំងយប់អធ្រាត្រ។ សូមជម្រាបថាឆកសមុទ្រហាឡុងស្ថិតនៅចម្ងាយ២រយគីឡូម៉ែត្រភាគឦសានទីក្រុងហាណូយ។ ទីនេះជាតំបន់ទាក់ទាញអ្នកទេសចរមកពីទីជិតឆ្ងាយទៅលេងកម្សាន្តនៅទីនោះមួយឆ្នាំៗរាប់ម៉ឺននាក់។ ក្រៅពីលិចទូក ជួនកាលគេក៏លេចឮដំណឹងថាធ្លាក់ឧទ្ធម្ភាគចក្រនៅពេលធ្វើដំណើរទស្សនាកម្សាន្តឆកសមុទ្រនេះពីលើអាកាសផងដែរ។

វីផាជាខ្យល់ព្យុះទីបីដែលវាយប្រហារសមុទ្រចិនខាងត្បូងឆ្នាំនេះ។ គេព្យាករថាព្យុះនេះនឹងបក់ទៅដល់តំបន់មាត់សមុទ្រវៀតណាមខាងជើងនាដើមសប្ដាហ៍ក្រោយ។ ដូច្នេះជៀសមិនផុតទេករណីភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់ ផ្គរ រន្ទះ និងរលកសមុទ្រធំៗ។ ការធ្វើដំណើរតាមជើងអាកាសក៏នឹងរងផលប៉ះពាល់មិនតិចនោះទេដោយសារគ្រោះធម្មជាតិលើកនេះ។

អាកាសយានដ្ឋានណយបាយ (Noi Bai) ថ្លែងថាជើងហោះហើរដែលត្រូវហោះចូលអាកាសយានដ្ឋាននេះចំនួន៩ខ្សែត្រូវតែបង្វែរទិសដៅចុះចតទៅអាកាសយានដ្ឋានផ្សេងវិញ។ ចំណែកជើងហោះហើរដែលត្រូវហោះចេញពីអាកាសយានដ្ឋាននេះបីខ្សែត្រូវតែផ្អាកជាបណ្ដោះអាសន្នដោយសារអាកាសធាតុមិនល្អ។ ខាងលើនេះជាការដកស្រង់ប្រភពពីឆនណលញូអេស៊ា (Channel News Asia) និងប្រភពដទៃទៀត៕
អត្ថបទពាក់ព័ន្ធ
រន្ធត់ណាស់! វៀតណាមធ្លាក់ឧទ្ធម្ភាគចក្រ ស្លា.ប់២នាក់, បាត់ខ្លួន៣នាក់
ចែករំលែកព័តមាននេះ