ប្រទេសសេនេហ្គាល់កាលពីថ្ងៃទី១០ កក្កដា បានផ្អាកវិញនូវការសម្រេចចិត្តរបស់ខ្លួនបញ្ជូនអតីតប្រធានាធិបតីឆាដលោកហ៊ីស សេន ហាប្រេ មកកាន់ប្រទេសលោកវិញ ដើម្បីឆ្លើយចំពោះការចោទប្រកាន់ពីបទឧក្រិដ្ឋទាំងឡាយ ដែលប្រព្រឹត្តពេលលោកកាន់អំណាចកាលពីទសវត្សឆ្នាំ១៩៨០។
លោក MADICKE NIANGE រដ្ឋមន្ត្រីការបរទេសសេនេហ្គាល់ ថ្លែងថា ការសម្រេចចិត្តនេះត្រូវបានប្រកាន់យកបន្ទាប់ពីអន្តរាគមន៍របស់លោក NAVI PILLAY នាយស្នងការជាន់ខ្ពស់ អ.ស.ប ខាងសិទ្ធិមនុស្ស ដែលបានស្នើមុននេះ បន្តិចដល់សេនេហ្គាល់កុំឱ្យបញ្ជូនខ្លួនលោកហាប្រេ ទៅកាន់ប្រទេសឆាដ។ អតីតប្រធានាធិបតីឆាដរូបនេះ ត្រូវកាត់ទោសប្រហារជីវិតដោយកំបាំងមុខនៅឆាដ បានមករស់នៅនិរទេស ក្នុងប្រទេសសេនេហ្គាល់ ចាប់តាំងពីជាង២ទសវត្សមកហើយ ៕
ចែករំលែកព័តមាននេះ