បន្ទាយមានជ័យ ៖ ពលរដ្ឋកម្ពុជាដែលត្រឡប់ពីថៃចូលកម្ពុជា មួយថ្ងៃមានចំនួន១៥០នាក់ ចំណែកថៃបានចាកចេញពីកម្ពុជាទៅថៃមួយថ្ងៃ មានចំនួន៥១៦នាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។

លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រាប់ថា ៖ សម្រាប់នៅថ្ងៃនេះ(១៧ ខែកក្កដានេះ) ពលរដ្ឋកម្ពុជាដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញមួយថ្ងៃ មានចំនួន១៥០នាក់ ស្រី៧៧នាក់ និងមានពលរដ្ឋកម្ពុជាទៅថៃ (មានសិស្ស៧២នាក់ និងអ្នកជំងឺ២៨នាក់) ដោយឡែកពលរដ្ឋថៃដែលចាកចេញពីកម្ពុជាទៅថៃវិញ មួយថ្ងៃ៥១៦នាក់ ស្រី២៦៧នាក់ ។

លោកបានបញ្ជាក់ថា ៖ បើប្រៀបធៀប កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញរយៈពេល១ថ្ងៃ ពលរដ្ឋកម្ពុជាវិលចូលប្រទេសថៃវិញ១ថ្ងៃ១៤៥នាក់ស្រី៣៧នាក់ និងមានពលរដ្ឋកម្ពុជា ចាកចេញទៅប្រទេសថៃមាន(សិស្ស១៣នាក់ និងអ្នកជំងឺ៤៨នាក់) ហើយមានពលរដ្ឋថៃចាកចេញពីកម្ពុជាទៅថៃវិញមាន៣៨៧នាក់ ស្រី១៩៥នាក់ ។

គួររំលឹកថា ៖ នៅថ្ងៃទី១៧ ខែកក្កដា ឃើញពលរដ្ឋថៃ ដែលធ្វើការងារក្រុងប៉ោយប៉ែត ដែលបានចាកចេញពីកម្ពុជាទៅថៃមានការកើនឡើងខុសពីធម្មតា រយៈពេល១ថ្ងៃនេះ មានចំនួន៥១៦នាក់ ក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអោយអាជ្ញាធរខេត្តបង្ក្រាបបទល្មើសល្បែ.ងអនឡាញ(Online Scams) និងឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី ចំនួន២៧១នាក់ និងដកហូតសម្ភារៈល្បែងអនឡាញ មានកុំព្យូទ័រ៣៤១គ្រឿង និងទូរស័ព្ទចំនួន៣៥២គ្រឿង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចស្តង់តាងួន ស្ថិតភូមិប៉ាលិលេយ្យពីរ សង្កាត់/ក្រុងប៉ោយប៉ែត ៕





ចែករំលែកព័តមាននេះ