ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ទុរេន​ស្រស់​កម្ពុជា​ជើង​ដំបូង​ជាង​១៧​តោន ត្រូវ​បាន​នាំ​ចេញ​ជា​ផ្លូវការ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន បន្ទាប់​ពី​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ និង​ការ​បញ្ជាក់​គុណភាព​ពី​ក្រសួងកសិកម្ម ស្រប​តាម​ពិធីសារ​នៃ​ការ​នាំ​ចេញ​រួច​មក ។ ដូច្នេះ កម្ពុជា​ពិតជា​អាច​ធ្វើ​បាន​នៅ​ក្នុង​ការ​នាំ​ចេញ​ស្តេច​ផ្លែ​ឈើ​ទៅ​កាន់​ទីផ្សារ​ទុរេន​ដែល​ធំ​បំផុត​នៅ​លើ​ពិភពលោក នា​ពេល​បច្ចុប្បន្ន​នេះ ខណៈ​ដែល​ទីផ្សារ​នេះ​បាន​កំពុង​តែ​កាន់កា​.​ប់​ដោយ​ប្រទេស​ក្បែរ​ខាង​កម្ពុជា…

ផ្លែ​ទុរេន​ស្រស់​កម្ពុជា​ជើង​ដំបូង​ជាង​១៧​តោន ត្រូវ​បាន​នាំ​ចេញ​ជា​ផ្លូវការ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន បន្ទាប់​ពី​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ និង​ការ​បញ្ជាក់​គុណភាព​ពី​ក្រសួងកសិកម្ម ស្រប​តាម​ពិធីសារ​នៃ​ការ​នាំ​ចេញ​រួច​មក ។

ដូច្នេះ កម្ពុជា​ពិតជា​អាច​ធ្វើ​បាន​នៅ​ក្នុង​ការ​នាំ​ចេញ​ស្តេច​ផ្លែ​ឈើ​ទៅ​កាន់​ទីផ្សារ​ទុរេន​ដែល​ធំ​បំផុត​នៅ​លើ​ពិភពលោក នា​ពេល​បច្ចុប្បន្ន​នេះ ខណៈ​ដែល​ទីផ្សារ​នេះ​បាន​កំពុង​តែ​កាន់កា​.​ប់​ដោយ​ប្រទេស​ក្បែរ​ខាង​កម្ពុជា ដែល​មាន​កសិកម្ម​រីក​ចម្រើន ហើយ​ផ្ទៃដី​ក៏​ធំបទ​ពិសោធន៍​គេ​ក៏​ក្រាស់ក្រែល ។ ផលិតផល​ទុរេន​របស់​កម្ពុជា​ទាំងនេះ បាន​ដឹក​ចេញ​តាម​ច្រក​សមុទ្រ ហើយ​គ្រោង​នឹង​ទៅ​ដល់​ប្រទេស​ចិន​ក្នុង​រយៈពេល​៩​ថ្ងៃ​ទៀត ។

តាម​ការ​បញ្ជាក់​របស់​លោក ឃឹម ហ្វី​ណ​ង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហើប​ថា បន្ទាប់​ពី​នាំ​ចេញ​ទុរេន​១៧​តោន​នេះ​រួច​បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ កម្ពុជា​នឹង​មាន​ទុរេន​៣​កុងតឺន័រ​ទៀត ត្រៀម​ដឹក​ជញ្ជូន​នាំ​ចេញ​បន្ថែម​នៅ​ស​ប្តា​ហ៍​ក្រោយ ។ លោក​បាន​បញ្ជាក់​ថា «​នេះ គឺជា​ជោគជ័យ​ថ្មី​មួយទៀត​សម្រាប់​ការ​នាំ​ចេញ​ផ្លែ​ឈើ​ស្រស់​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​ដ៏​មាន​សក្តានុពល​មួយ​នេះ ។ សូម​ចូលរួម​អបអរសាទរ​ដល់​កសិករ និង​ម្ចាស់​ចម្ការ​ទាំងអស់​គ្នា​ផង​» ។

តើ​ចេញពី​ការ​ចាប់ផ្តើម​នៅ​ក្នុង​ពេល​នេះ ទុរេន​កម្ពុជា អាច​ដណ្តើម​បាន​នូវ​ជ័យ​ជំ​នៈ​លើ​ទីផ្សារ​ទុរេន​ចិន​ដែល​កំពុង​តែ​កាន់កាប់​ដោយ​ទុរេន​ថៃ វៀតណាម និង​ម៉ា​ឡេ​ស៊ី ឬ​ហ្វី​លី​ពី​ន​បាន​ដែរ​ឬទេ?

ជា​ការ​ពិត​កម្ពុជា មាន​ផ្ទៃដី​ដាំ​ទុរេន​ប្រមាណ​ត្រឹមតែ​៥.០០០​ហិ​កតា ហើយ​មក​ដល់​ពេល​នេះ គឺ​ទើបតែ​អាច​មាន​លទ្ធភាព​ប្រមូល​ផល លើ​ផ្ទៃដី​ត្រឹមតែ​៣.០០០​ហិ​កតា ក្នុង​មួយ​ឆ្នាំ​ជាមួយនឹង​បរិមាណ​បាន​ប្រមាណ ៣៧.០០០​តោន​ក្នុង​មួយ​ឆ្នាំ ។ ទិន្នផល​នេះ ពិតជា​មិន​អាច​យក​ទៅ​ប្រកួតប្រជែង​នឹង​ក្រុម​ប្រទេស​ទាំងនោះ​បាន​ទេ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​តែ​ផល​នៃ​ទុរេន​ដែល​ប្រមូល គឺ​តិច​ណាស់ ហើយ​មិនតែប៉ុណ្ណោះ​មួយ​ចំណែក​ធំ ត្រូវ​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្នុងស្រុក​ថែម​ទៀត ។

បរិមាណ​ទុរេន ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ចិន នៅ​ក្នុង​ពេល​នេះ និង​ពេល​អនាគត គឺ​តិចតួច ប៉ុន្តែ​ចង់ ឬ​មិន​ចង់ កម្ពុជា​ពិតជា​អាច​ដណ្តើម​បាន​នូវ​ទីតាំង​មួយ នៅ​ក្នុង​ចំណែក​ទីផ្សារ​នៃ​ទុរេន​នៅ​ចិន​ដែល​មួយ​ឆ្នាំ​ទីផ្សារ​នេះ​ត្រូវការ​ទុរេន​មាន​តម្លៃ​ដល់​ទៅ​ប្រមាណ​ជា​៧​ពាន់​លាន​ដុល្លារ​ឯណោះ ។

ការ​ដែល​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​នាំ​ចេញ​ទុរេន​ទៅ​កាន់​ទីផ្សារ​ចិន ដែល​កម្ពុជា​សម្រេច​បាន​នៅ​ពេល​នេះ​បាន​ធ្វើ​ឲ្យ​មហាអំណាច​នៃ​ទីផ្សារ​ទុរេន​ចាស់​វង្សា​ទទួលស្គាល់​កម្ពុជា​រួច​ហើយ ។ នេះ គឺជា​ជោគជ័យ​មួយ​របស់​កម្ពុជា បើ​ទោះបីជា​កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​ដណ្តើម​បាន​ទីផ្សារ​ធំ​ឈ្នះ​ក្រុម​ប្រទេស​ទាំងនោះ​ក៏​ដោយ ។

កាលពី​ឆ្នាំ​២០២៤​កន្លង​ទៅ ប្រទេស​ចិន បាន​នាំ​ចូល​ទុរេន​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជា​៧ ពាន់​លាន​ដុល្លារ ដោយ​ប្រទេស​ថៃ​កាន់កាប់ ចំណែក​ទីផ្សារ​សរុប​៥៧​ភាគរយ វៀតណាម​៤១,៥​ភាគរយ ក្រៅពី​នោះ គឺ​គ្រប់គ្រង​ដោយ​ទុរេន​នាំ​ចូល​ពី​ប្រទេស​ហ្វី​លី​ពី​ន និង​ម៉ា​ឡេ​ស៊ី ។ ឥឡូវនេះ គឺ​កម្ពុជា​បាន​ចូល​ក្នុង​ទីផ្សារ​នេះ​ដែរ ប៉ុន្តែ​នៅ​ពេល​ខាង​មុខ គឺ​អាច​មាន​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​ឡាវ​បន្ថែម​ទៀត ។
មក​ដល់​ពេល​នេះ ទីផ្សារ​ទុរេន​ចិន នៅ​តែ​បន្តកាន់កាប់​ដោយ​ទុរេន​ថៃ និង​វៀតណាម​ដដែល ។ ប៉ុន្តែ​បរិមាណ នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​ទាំង​ពីរ​ហាក់​ធ្លាក់​ចុះ ដោយសារ​តែ​ការ​រឹតត្បិត​ការ​នាំ​ចូល​បណ្តាល​មក​ពី​ការ​រក​ឃើញ​ថា ផលិតផល​ទុរេន​មក​ពី​ប្រភព​ទាំង​ពីរ​មាន​ប្រឡាក់​ប្រលូក​សំណល់​គីមី ដែល​អាច​នឹង​មាន​បញ្ហា​សុខភាព ជា​ពិសេស គឺ​ពាក់ព័ន្ធ​នឹង​ការ​រ​វិវត្តន៍​ទៅ​មុខ​នៃ​ជំងឺ​មហា​វី​ក ។ នេះ គឺជា​ឱកាស​សម្រាប់​កម្ពុជា នៅ​ក្នុង​ការ​ច្បាម​យក​នូវ​ចំណែក​ទីផ្សារ​មួយ​ហើយ​ឈរជើង​ឲ្យ​ជាប់ ។

ពាក់ព័ន្ធ​នឹង​ទីផ្សារ​ទុរេន​កម្ពុជា​នេះ លោក វ៉ាង វេន​ប៊ិ​ន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ក៏​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​ទុរេន​កម្ពុជា នៅ​ក្នុងអំឡុងពេល​ទស្សនកិច្ច​ចម្ការ ទុរេន​នា​ពេល​ថ្មី​ៗ​នេះ ។ លោក​បាន​និយាយ ក្នុងអំឡុងពេល​ធ្វើ​ដំណើរ​កាលពី​ដើមខែ​នេះ​ថា លោក​ពិតជា​រីករាយ​ដែល​បាន​ទៅ​ទស្សនា​ចម្ការ​ទុរេន​កម្ពុជា ហើយ​បាន​ភ្លក្ស​រស់ជាតិ​ផ្លែ​ទុរេន​ដែល​ល្អ​បំផុត​ក្នុង​ពិភពលោក ។

តើ​កម្ពុជា​គួរតែ​ធ្វើ​យ៉ាងណា ដើម្បី​អភិវឌ្ឍន៍​ទីផ្សារ​ទុរេន​នៅ​ចិន?
សូមកុំ​លោភលន់ ហើយ​កំណត់​គោលដៅ​ផ្តួល​គេ​ផ្តួល​ឯង ពីព្រោះ​ដូចដែល​យើង​ដឹង​ហើយ ទុរេន​យើង​ជា​ផលិតផល​ថ្មី ។ ដូច្នេះ វា​ទាមទារ​ឲ្យ​គេ​ស្គាល់​ឲ្យ​គេ​ដឹង ។ ដើម្បី​ឲ្យ​គេ​ស្គាល់​គេ​ដឹង​វា​ចាំបាច់​ណាស់ យើង​ត្រូវ​តែ​ធ្វើ​ទីផ្សារ និង​ការ​ឃោសនា​ពី​ផលិតផល​ទុរេន​របស់​យើង ។ ក្រៅពី​នោះ យើង​ក៏​ត្រូវ​តែ​ធានា​ឲ្យ​បាន​ថា គុណភាព​ទុរេន​របស់​យើង គឺជា​ផលិតផល​ដែល​ចេញ​មក​ពី​កសិកម្ម​បែប​ធម្មជាតិ មិន​ប្រឡាក់​ប្រលូក​សារធាតុ​គីមី​គ្រោះថ្នាក់​ដល់​សុខភាព ។ យើង​ចាំបាច់​ណាស់ ត្រូវ​ឲ្យ​ពលរដ្ឋ​ចិន​ដែល​និយម​ទទួលទាន​ទុរេន​ដឹង និង​ស្គាល់​ពី​គុណភាព​នៃ​ទុរេន​ដែល​ដាំ​ដោយ​ការ​ទទួលខុសត្រូវ និង​គោរព​ស្តង់ដា​មាត្រដ្ឋាន នៃ​ជីវិត​អ្នក​ដែល​ទទួលទាន ។

រាល់​ជំហាន​នៃ​ការ​ពង្រីក​ទីផ្សារ​របស់​យើង គួរតែ​ធ្វើ​ដោយ​ហ្មត់ចត់ ដោយ​សិក្សា​អំពី​លទ្ធភាព និង​សមត្ថភាព​ក៏​ដូច​ជា មូលដ្ឋាន​នៃ​ផលិតកម្ម​ទុរេន​របស់​កសិករ ហើយ​ត្រូវ​តែ​ចៀសវាង​ឲ្យ​បាន​នូវ​ផលិតកម្ម កសិកម្ម​ដែល​អាច​ស​ម្លា​.​ប់​ទីផ្សារ​របស់​យើង គឺ​កសិកម្ម​ជំរុញ​ទិន្នផល​ដោយសារ​ធាតុគីមី​កសិកម្ម ។ ក្រៅពី​នោះ​ក៏​ត្រូវ​តែ​ពិនិត្យ និង​ធានា​ការ​ផ្គត់ផ្គង់ និង​រក្សា​ស្ថេ​រ​ភាព និង​តម្រូវការ​នៃ​ការ​ផ្គត់ផ្គង់​នៅ​ក្នុងស្រុក​ផង​ដែរ ។ ឧទាហរណ៍​បើ​អ្នក​នាំ​ចេញ​ទុរេន យើង​កំណត់​គោលដៅ​នាំ​ចេញ​៥​ឆ្នាំ ត្រូវ​ដណ្តើម​ចំណែក​ទីផ្សារ​ចិន​បាន​៥​ភាគរយ ភាគ​នោះ​យើង​ក៏​អាច​នាំ​ចេញ​បាន​៣៥០ លាន​ដុល្លារ​ដែរ ហើយ​បើ​១០​ភាគរយ​វិញ​ក៏​បាន​៧០០ លាន​ដុល្លារ​មក​ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ច​យើង​បន្ថែម​ទៀត​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ