ខេត្តក្រចេះ ៖ ផ្លូវបេតុង និងលូទ្វារបង្ហៀរទឹក ដែលទើបនឹងសាងសង់រួច មិនបានប៉ុន្មានផង ស្រាប់តែលេចចេញនៅក្បាលថ្ម ទាំងដុល បាក់ស្រុតទាំងស្រុង ក្លាយជាបញ្ហា ប្រជាពលរដ្ឋអស់សង្ឃឹម និងរិះគន់ទាំងម្ចាស់គម្រោង និងអ្នកទទួលការសាងសង់ ដោយសង្ស័យគប់គិតគ្នាសាងសង់សំណងគ្មានគុណភាព និងស្តង់ដាត្រឹមត្រូវ ទើបបណ្តាលឱ្យរងការខូចខាត់ជាបន្តបន្ទាប់ ។
យោងតាមស្ថានភាពជាក់ស្ដែង ផ្លូវបេតុង ១ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៧ ក្បែរប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្វាយជ្រះ ភូមិថ្នាល់ ឃុំស្វាយជ្រះ ទើបនឹងសាងសង់ដោយក្រុមហ៊ុន រឿង ណាក់ បានរងការខូចខាតយ៉ាងដំណំ។ ផ្លូវបេតុង របើកចេញក្បាលថ្ម សុះសាច់ទាំងដុល រីឯសំណង់លូទ្វារបង្ហៀរទឹកចំណុចអូរខ្សាល ក្នុងភូមិសំបួរសែនជ័យ ទទឹងអូរ ប្រវែង២០ម៉ែត្រ ប៉ុន្តែបែរជាលោក ខៀវ សុខា មេឃុំស្វាយជ្រះ លោក កង សំអាត ជំទប់ទី១ និងក្រុម ហ៊ុន រឿង ណាក់ សង្ស័យគប់គិតគ្នា យកគ្រឿងចក្រ ចាក់ដីលុបទទឹងអូរ ទាំងសង់ខាង ដោយទុកប្រឡោះមុខទឹកហូរប្រមាណជា ២ម៉ែត្រ ខាងក្រោមដាក់លូ មុខកាត់ ១ម៉ែត្រ ចំនួន ២កង់ ទន្ទឹមគ្នា រីឯខាងលើខ្នងលូ ចាក់ក្រាលស៊ីម៉ង់ ធ្វើទ្វារបង្ហៀរទឹក។ មិនត្រឹមតែប៉ុណ្ណោះ សំណង់បេតុងនេះ ទាំងមូល គឺយកដែកសសៃតូចៗធ្វើជាឆ្អឹងតួទាំងមូលតែម្តង ក្រោយសាងសង់រួចមិនបានប៉ុន្មានក៏មានស្នាមប្រះ បែកគ្រប់កន្លែង។ សំណង់ លូទ្វារបង្ហៀរទឹកនេះ មានប្រវែងប្រមាណជាង ១០ម៉ែត្រ និងទទឹង ប្រវែង ៣ម៉ែត្រ ។
កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ មានរថយន្តដឹកគោ មួយគ្រឿង ចំណុះ ២,៥តោន បើកឆ្លងកាត់ ស្រាប់តែបាក់ស្រុតចុះទាំងស្រុងតែម្តង ។
លោក តន់ សាវន ជាម្ចាស់រថយន្តឲ្យដឹងថា រូបលោក គ្រាន់តែជាអ្នកស៊ីឈ្នួលដឹកជញ្ជូនសត្វគោក្របី ឱ្យគេតែប៉ុណ្ណោះ មុនពេលបាក់ស្រុតលូទ្វារបង្ហៀរទឹកនេះ រូបលោកបានបើកបរដោយឡានទទេ ឆ្លងកាត់ម្តងរួចមកហើយ ឃើញថា អត់មានកើតបញ្ហាអ្វី ដូច្នេះពេលដឹកគោត្រឡប់មកវិញ ក៏សម្រេចចិត្តបើកបរឆ្លងម្តងទៀតស្រាប់តែបើកជិតផុតទៅហើយ បែរជាបេតុងបាក់ស្រុតចុះក្រោម ធ្វើឱ្យឡានទៅមុខលែងកើតតែម្តង ។
លោកបន្តថា ក្រោយជួបឧប្បទ្ទវហេតុភ្លាមៗ លោកក៏បានទៅសាលាឃុំស្វាយជ្រះ ដើម្បីជជែកធ្វើការដោះស្រាយ ប៉ុន្តែលោក កង សំអាត ជំទប់ទី១ បានបញ្ជាឱ្យលោកយកឡាននោះទៅរក្សាទុកនៅរដ្ឋបាលឃុំស្វាយជ្រះ ដើម្បីធ្វើការដោះស្រាយសំណង បើមិនដូច្នេះទេ គឹត្រូវតម្កល់ថវិកានៅសាលាឃុំ ហើយរូបលោក ក៏បានផ្ដល់ប្រាប់ចំនួន ៤លានរៀល តម្កល់ទុក ដើម្បីយកឡានមកវិញ រដ្ឋបាលឃុំ ក៏បានឯកភាពផងដែរ ។
លោក ខៀវ សុខា មេឃុំស្វាយជ្រះ មិនអាចបញ្ជាក់បានទេ ដោយសាររូបលោកកំពុងមានជំងឺ ។
ដោយឡែក លោក កង សំអាត ដែលជាជំទប់ទី១ ឃុំស្វាយជ្រះ បានឆ្លើយតបយ៉ាងខ្លីថា នេះជាគម្រោងបដិភាគរបស់សមាគមន៍ មិនបានបញ្ជាក់ពីថវិការចំណាយសរុប និងកិច្ចសន្យាជាមួយក្រុមហ៊ុនដេញថ្លៃទទួលធ្វើឡើយ ។
រីឯក្រុមហ៊ុន រឿង ណាក់ ដែលត្រូវបានគេស្គាល់ថា ជាអ្នកទទួលការសាងសង់គម្រោងនេះ មិនអាចទាក់ទងសុំការបំភ្លឺតាមទូរសព្ទបានឡើយ ។
ចំពោះមតិលើកឡើងរបស់ប្រជាពលរដ្ឋរស់នៅទីនោះ បានឱ្យដឹងថា ការធ្វើរបៀបនេះ គឺវាខុសទាំងស្រុង ពីព្រោះមុខទឹកវាធំ ដល់ពេលធ្វើដាក់លូតូចៗពេក ហើយការប្រើ ដែកធ្វើជាឆ្អឹងក៏តូចៗ មិនអាចទទួលយកបានសោះ តែជាស្តង់ដាររបស់គេ វាមិនមែនស្តង់ដាររបស់យើង ។
ពលរដ្ឋបន្តថា ចំណុចអូរខ្សាលនេះ ទទឹងប្រមាណជា២០ម៉ែត្រ ពេលទឹកជនម្តងៗ ជម្រៅទឹកចាប់ពី ៧ ទៅ ៨ ម៉ែត្រឯណោះ អូរខ្សាលនេះ បើធ្វើ គឺធ្វើស្ពានតែម្តង រាងចង្កោង ទើបផុតពីទឹក ហើយបើធ្វើរាប ក៏ទៅមិនរួច ហើយបើដាក់លូវិញ រឹតតែមិនកើតថែមទៀត ដល់ពេលទឹកជនម្តងៗ បាក់ផ្លូវថ្នល់ ។
ប្រភពដដែលបន្តថា អូរមានទទឹងធំ តែអាជ្ញាធរឃុំ និងអ្នកម៉ៅការសាងសង់ ចាក់ដីបង្រួមអូរ ធ្វើលូបង្ហៀរទឹកតូច ម៉េចឈ្នះកម្លាំងទឹកហូរ ហើយពលរដ្ឋក៏មិនអាចធ្វើដំណើរឆ្លងកាត់បានដែរ ព្រោះទឹកបុកខ្លាំង អាចជួបគ្រោះថ្នាក់ ។ ពេលពួកគាត់ឆ្លងកាត់ម្តងៗតែងតែព្រួយបារម្មណ៍ខ្លាចគ្រោះថ្នាក់ ដោយសារសំណង់នេះ មានស្នាមប្រះបាក់គ្រប់កន្លែង មិនដឹងថា មកពីគេធ្វើដាក់លូតូចមិនដឹង ឬមកពីដាក់ដីមិនដល់ក៏មិនដឹង ហើយអត់មានចាក់ស៊ីម៉ង់ទប់ជើងផងរឿងអីថា មិនបាក់ ។
សូមបញ្ជាក់ថា សំណង់លូទ្វារបង្ហៀរទឹក នៅចំណុចអូរខ្សាល នៅភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះនេះ ទើបតែបញ្ចប់ការកសាងរូចជាស្ថាពរ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ។ សូមឱ្យអាជ្ញាធរខេត្តក្រចេះ មេត្តាចុះពិនិត្យឱ្យបានជាក់ស្ដែងនូវគម្រោងនីមួយៗ ដើម្បីជៀសវាងទទួលបាន នូវសំណង់គ្មានគុណភាព និងគ្មានបច្ចេកទេស និងជៀសវាងបង្កហានិភ័យដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលកសិកម្មទៅមក ៕




ចែករំលែកព័តមាននេះ