រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកទ្វារជ័រ ១គ្រឿង ពុំដឹងជាប្រញាប់ទៅណាទេ ទោះបីជាផ្លូវនៅទីប្រជុំជន កំពុងមានចរារចរណ៍មមាញឹកក្ដី ក៏អ្នកបើកបរបានបើកក្នុងល្បឿនលឿន ហើយក៏ជ្រុលទៅបុក និងកិនបុរស វ័យជាង៧០ឆ្នាំម្នាក់ទាំងកំរោល បណ្ដាលឲ្យបុរសរងគ្រោះរូបនោះ ខ្ទេចជើងទាំងសងខាងតែម្ដង បន្ទាប់មករថយន្តបង្កនោះ ក៏បានជ្រុលទៅបុករថយន្តម៉ាកឡិចស៊ីស RX-400h ១គ្រឿងទៀត ខ្ទេច១ចំហៀង ទើបឈប់ស្ងៀម។ បន្ទាប់មក អ្នកបើកបរ ក៏ត្រូវបាននគរបាល ឃាត់ខ្លួនភ្លាមៗផងដែរ ហើយបុរសនោះបាននិយាយដោះសារបន្ទោសទៅលើរថយន្តថា ជាន់ហ្វ្រាំអត់ស៊ី ។
ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅលើផ្លូវចោមចៅ (វ៉េងស្រង) កែងផ្លូវបេតុង ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រថយន្តបង្កខាងលើនោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខកំពង់ធំ 3A-3425 ដឹកទ្វារជ័រ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ។
ដោយឡែកបុរសរងគ្រោះ មានវ័យជាង៧០ឆ្នាំ និងមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ រងរបួសខ្ទេចជើងទាំងសងខាង ត្រឹមជង្គង់ គួរឲ្យរន្ធត់ខ្លាំងណាស់។ គាត់ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខបន្ទាយមានជ័យ 1C-7788 ត្រូវបានក្រុមសង្គ្រោះអង្គភាព៧១១ ដឹកយកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសុមៈ។ ចំណែករថយន្ត ១គ្រឿងទៀត ដែលបើកឆ្លងផ្លូវ និងត្រូវរថយន្តបង្កបុករងការខូចខាតដែរនោះ ម៉ាកឡិចស៊ីស RX-400h ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AU-4694 ។
ប្រជាពលរដ្ឋ បាននិយាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូ ធ្វើដំណើរតាមផ្លូវចោមចៅ (ផ្លូវវ៉េងស្រេង) ក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានឈប់ ដើម្បីរង់ចាំឲ្យរថយន្តឡិចស៊ីស RX-400h ដែលបើកចេញពីផ្លូវបេតុង ភូមិជ្រៃកោង ក្នុងទិសដៅពីត្បូងទៅជើងឆ្លងផ្លូវវ៉េងស្រងផុតសិន ខណៈនោះ ស្រាប់តែរថយន្តហ៊ីយ៉ាន់ដាយ ដឹកទ្វារជ័រ បើកចេញពីខេត្តកំពង់ស្ពឺ ទៅដាក់នៅម្ដុំផ្លូវសឡា បើកបរតាមផ្លូវវ៉េងស្រេង ក្នុងល្បឿនលឿននិងក្នុងទិសដៅពីលិចទៅកើតទៅដល់ រេចង្កូតឡើងបុកខឿនផ្លូវ។ បន្ទាប់មកជ្រុលទៅបុកពីក្រោយបុរសវ័យជាង៧០ឆ្នាំខាងលើ ដែលកំពុងឈប់រង់ចាំឲ្យរថយន្តឡិចស៊ីស RX-400h ឆ្លងផ្លូវនោះ រួចកិនបណ្ដាលឲ្យខ្ទេចជើងទាំងសងខាង ត្រឹមជង្គង់គួរឲ្យរន្ធត់ ។
ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា ដោយសារតែរថយន្តបង្កនេះ លឿនពេក ក៏បានជ្រុលបន្តទៅបុករថយន្តឡិចស៊ីស RX-400h ដែលកំពុងបើកឆ្លងផ្លូវនោះ ពេញទំហឹងទៀត បណ្ដាលឲ្យរថយន្តឡិចស៊ីស រងការខូចខាត ១ចំហៀងខាងឆ្វេង ទើបរថយន្តបង្កនោះឈប់ស្ងៀម។ បន្ទាប់មកអ្នកបើកបរ ត្រូវបាននគរបាលឃាត់ខ្លួននាំទៅសាកសួរ ហើយជននោះ មិនហ៊ាននិយាយថា ខ្លួនបើកបរក្នុងល្បឿនពេក ខ្វះការប្រុងប្រយ័ត្ននោះទេ ប៉ុន្តែបានទម្លាក់កំហុសទៅលើហ្វ្រាំងរថយន្តទៅវិញ ។
អ្នកបើកបររថយន្តបង្កខាងលើ បាននិយាយថា ពេលឃើញជនរងគ្រោះ និងរថយន្តនៅខាងមុខខ្លួនជាន់ហ្វ្រាំងដែរ តែអត់ស៊ី ពេលនោះ ខ្លួនកាច់ចង្កូតបុកឡើងខឿនផ្លូវ និងខំបុកលេខទប់ល្បឿនទៀត ប៉ុន្តែនៅតែទប់អត់ឈ្នះ ទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះតែម្ដង ។
ក្រោយពេលកើតហេតុ នគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បាននាំយករថយន្តទាំង២គ្រឿង និងម៉ូតូរងគ្រោះ ព្រមទាំងអ្នកបើកបររថយន្តបង្កទៅរក្សាទុក ដើម្បីចាត់ការតាមច្បាប់ ៕






ចែករំលែកព័តមាននេះ