ទីក្រុងវ៉ាស៊ីនតោន៖ ថ្មីៗនេះ អាមេរិកបានបង្ហាញឫទ្ធានុភាពខាងវិស័យយោធា និងនុយក្លេអ៊ែររបស់ខ្លួនយ៉ាងសម្បើមដៃចំពេលមានភាពតានតឹងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ុយក្រែន។ ទោះបីលោកត្រាំដាក់ឱសានវាទត្រឹមថ្ងៃទី៨ ខែសីហាត្រូវតែមានដំណោះស្រាយអ្វីមួយ ប៉ុន្តែគេគិតថាលោកពូទីនមិនដកថយទេព្រោះរុស្ស៊ីកំពុងមានប្រៀបនៅលើសមរភូមិយោធា។
កាលពីសប្ដាហ៍មុន ដោយសារប៉ះពារពាក្យសម្ដីគ្នាជាមួយអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី (លោកមេតវេដេវ) លោកត្រាំបញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរ២គ្រឿងទៅបោះទីតាំងនៅមិនឆ្ងាយប៉ុន្មានពីប្រទេសរុស្ស៊ី។ សព្វថ្ងៃនេះ អាមេរិកមានអាវុធនុយក្លេអ៊ែរស្តុកទុកនៅក្នុងឃ្លាំង៣៧០០គ្រាប់, រុស្ស៊ីមាន៤៣០៩គ្រាប់។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវនៅស៊ុយអែត។
តាមពិត នុយក្លេអ៊ែរមិនចាំបាច់មានដល់រាប់ពាន់គ្រាប់ទេ ត្រឹមតែរាប់សិបគ្រាប់ល្មមធ្វើឱ្យពិភពលោកវិនាសអន្តរាយបានព្រោះការផ្ទុះរបស់វាមានអានុភាពខ្លាំងក្លា។ ឧទាហរណ៍ គ្រាប់បែកនុយក្លេអ៊ែរហ្សា (Tsar) ដែលអតីតសហភាពសូវៀតសាកល្បងកាលពីឆ្នាំ១៩៦១មានកម្លាំងផ្ទុះស្មើនឹងរំសេវតេអឹនតេ (TNT) ជាង៥០លានតោន។
នយោបាយនុយក្លេអ៊ែររបស់អាមេរិកគឺបំពាក់នៅលើនាវាមុជទឹក, ជើងទម្រនៅលើដី និងយន្តហោះដើម្បីវាយបកទៅលើសត្រូវយ៉ាងទាន់ចិត្តបើសិនខ្លួនរងការវាយប្រហារនៅក្នុងកាលៈទេសៈណាក៏ដោយ។ ថ្មីៗនេះ អគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិកបានផ្សព្វផ្សាយវីឌីឃ្លីបខ្លីៗចំនួនបីឈុតដែលបង្ហាញការធ្វើពិសោធសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនទាំងជើងគោក ជើងទឹក និងជើងអាកាស។ អាមេរិកបានថ្លែងនៅក្នុងវីឌីអូទាំងនោះថាការធ្វើឱ្យមានសន្តិភាពគឺជាកិច្ចការរបស់យើង។
កាលពីខែកក្កដា អាមេរិកបានបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរឈ្មោះយូអែសអែស ម៉ារីលែន (USS Maryland) ដែលអាចដឹកជញ្ជូនមីស៊ីលបំពាក់នុយក្លេអ៊ែរបានម្ភៃគ្រាប់ទៅឈរជើងនៅមហាសមុទ្រអាត្លង់ទិចក្បែរកោះអាហ្សូរេ (Azores) របស់ព័រទុយហ្កាល់។ នាវាមុជទឹកនេះអាចចេញអន្តរាគមន៍ភ្លាមនៅក្នុងស្ថានភាពបន្ទាន់។
សហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិករាយការណ៍ថានាវាមុជទឹកនុយក្លេអ៊ែរអាមេរិកចន្លោះពី៤ទៅ៥គ្រឿងកំពុងបើកបរល្បាតនៅមហាសមុទ្រប៉ាស៊ីហ្វិច ឬអាត្លង់ទិច។ ក្រៅពីនេះ នាវាមុជទឹកចន្លោះ៤ទៅ៥គ្រឿងទៀតអាចចេញប្រតិបត្តិការសឹកជាបន្ទាន់ត្រឹមតែរយៈពេលប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ខាងលើនេះជាការដកស្រង់ប្រភពពីញូស្វីក (Newsweek)៕
ចែករំលែកព័តមាននេះ