ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ បញ្ជាក់​ថា កម្ពុជា​ត្រូវការ​មេដឹកនាំ​ថៃ​រូប​ណា ដែល​មាន​អំណាច​ខ្លាំង ដើម្បី​ចរចា​រក​សន្តិភាព​បាន

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវការ​មេដឹកនាំ​ថៃ​រូប​ណា ដែល​មាន​អំណាច​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវការ​មេដឹកនាំ​ថៃ​រូប​ណា ដែល​មាន​អំណាច​ខ្លាំង ដើម្បី​ចរចា​រក​សន្តិភាព​បាន ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃនេះ មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពីរ គឺ​ទី​មួយ ទាក់ទង​ដល់​ការ​ផ្តល់​ជំនួយ​ដ្រូ​ន​របស់​ជប៉ុន​ឲ្យ​ថៃ ការ​ផ្តល់​ដ្រូ​ន​ពី​ចិន​ឲ្យ​កម្ពុជា និង​ការ​លក់​គ្រាប់ និង​យន្តហោះ​ពី​កូរ៉េ​ខាងត្បូង​ឲ្យ​ថៃ ដើម្បី​ធ្វើ​ឃា​ដ​លើ ហ៊ុន សែន និង ហ៊ុន ម៉ា​ណែ​ត​។ ទី​ពីរ គឺ​ការ​រៀបចំ​ផែនការ​ធ្វើ​ឃា​ដ​ពី​សំណាក់​មេដឹកនាំ​ថៃ មក​លើ​ខ្ញុំ និង​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា បញ្ហា​ទាំង​ពីរ​នេះ បើ​មិន​មានការ​បកស្រាយ ឬ​រំលត់​ទេ វា​នឹង​ក្លាយជា​បញ្ហា​ធំ​សម្រាប់​ថ្ងៃក្រោយ​។ ដូចនេះ​ខ្ញុំ​សូម​ធ្វើការ​បកស្រាយ​ដូច​ខាងក្រោម ៖

១. រឿង​ដ្រូ​ន និង​អាវុធ ឬ​យន្តហោះ​ទោះ​កម្ពុជា ឬ​ថៃ បាន​មក​ពី​ប្រភព​ណា ក៏​សូម​មេត្តា កុំ​ពង្រីក​បញ្ហា​ចេញ​ផុត​ពី​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ទៅ​កាន់​ប្រទេស​ផ្សេង ក្នុង​ពេល​ប្រទេស​ទាំងនោះ កំពុង​ជួយ​ដល់​ការ​បញ្ឈប់​ជម្លោះ និង​គាំទ្រ​ដល់​ការ​ឈប់​បាញ់ និង​ជំរុញ​ឲ្យ​មាន​សន្តិភាព​ឡើង​វិញ រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ ។

២. រឿង​ផែនការ​ធ្វើ​ឃា​ដ​របស់​មេដឹកនាំ​ថៃ​មក​លើ​រូប​ខ្ញុំ និង​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត រឿង​នេះ ពិបាក និង​ជឿ​ណាស់ បើ​ទោះបីជា​មេដឹកនាំ​ថៃ​ស្អប់ ឬ​មិន​ចូល​ចិត្ត​ខ្ញុំ និង ហ៊ុន ម៉ា​ណែ​ត ក៏​ដោយ ក៏​មេដឹកនាំ​ថៃ មិន​ទាន់​ឈាន​ដល់​កំរិត​អគុណ​ធម៌ មក​រៀបចំ​ផែនការ​សម្លាប់​ខ្ញុំ និង ហ៊ុន ម៉ា​ណែ​ត នោះ​ដែរ ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ក្នុង​ប្រវត្តិសាស្ត្រ គេ​តែងតែ​រក​វិធី​សម្លាប់​មេទ័ព ដែល​ពូកែ ដើម្បី​ងាយ​យកឈ្នះ​លើ​សង្គ្រាម តែ​សម័យនេះ មិន​ដូច​សម័យ​មុន​ទេ គេ​ត្រូវការ​មនុស្ស ដែល​អាច​និយាយ​គ្នា​បាន ដើម្បី​កសាង​សន្តិភាព ។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា ៖ “​កម្ពុជា​ក៏​ត្រូវការ​មេដឹកនាំ​ថៃ​រូប​ណា ដែល​មាន​អំណាច​ខ្លាំង ដើម្បី​ចរចា​រក​សន្តិភាព​បាន​។ ឯ​ថៃ ក៏​ត្រូវការ​មេដឹកនាំ​កម្ពុជា​ណា ដែល​មាន​អំណាច​ខ្លាំង ដែល​ពេល​នេះ គឺ​មាន​តែ ហ៊ុន សែន និង ហ៊ុន ម៉ា​ណែ​ត ប៉ុណ្ណោះ ដើម្បី​ចរចា ដែល ហ៊ុន ម៉ា​ណែ​ត ចេញ​មុខ​ចរចា​ដោយ​ផ្ទាល់​។ យោង​លើ​ហេតុផល​នេះ គឺ​គ្មាន​មូលហេតុ​ណាមួយ ដែល​មេដឹកនាំ​ថៃ មាន​គម្រោង​សម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ា​ណែ​ត នោះ​ឡើយ​។ ប្រសិនបើ ហ៊ុន សែន ឬ ហ៊ុន ម៉ា​ណែ​ត ស្លាប់​ដោយ​ស្នាដៃ​មេដឹកនាំ​ថៃ មែន វា​ច្បាស់​ជា នឹង​កើត​មាន ហ៊ុន សែន ឬ ហ៊ុន ម៉ា​ណែ​ត រាប់​ម៉ឺន រាប់​សែន រាប់​លាន​នាក់ នៅ​លើ​ទឹកដី​កម្ពុជា​ភ្លាម ដែល​វា នឹង​ក្លាយជា​សត្រូវ​សួរ​ពូជ ពិបាក​រំលត់​។ សម្រាប់​ខ្ញុំ ក្តី ហ៊ុន ម៉ា​ណែ​ត ក្តី ក៏​មិនមែន​ជា​កូន​សត្វ​កង្កែប ដែល​គេ​ងាយ​នឹង​សម្លាប់​នោះ​ដែរ​។ ទាំងនេះ ក៏​ជា​ការ​ពន្យល់​បន្ថែម​ថា មេដឹកនាំ​ថៃ មិន​រៀបចំ​ផែនការ ដើម្បី​សម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ា​ណែ​ត នោះ​ទេ​” ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​ផែនការ​សម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ា​ណែ​ត ដោយ​មេដឹកនាំ​ថៃ គេ​លើក​ថា និង​ប្រើ​យន្តហោះ​។ ចំណុច​នេះ គួរតែ​ប្រទេស ដែល​លក់​យន្តហោះ ចម្បាំង​ឲ្យ​ថៃ ត្រូវ​រឹត​បណ្តឹង​លើ​កិច្ចសន្យា​ប្រើប្រាស់​យន្តហោះ ព្រោះ​កន្លង​ទៅ​នេះ ថៃ​បាន​ប្រើ​យន្តហោះ ដែល​ទិញ​ពី​អា​មេ​រិ​ក និង​ស៊ុ​យ​អែ​ត វាយ​ចូល​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា​។ កម្ពុជា មិន​ជំទាស់​នឹង​ការ​លក់​យន្តហោះ​ចម្បាំង​ឲ្យ​ថៃ​ទេ តែ​សូមកុំ​ឲ្យ​ថៃ ប្រើប្រាស់​យន្តហោះ​វាយប្រហារ​ចូល​ទឹកដី​កម្ពុជា ឬ​ទឹកដី​ឡាវ ឬ​ម៉ា​ឡើ​ស៊ី ឬ​មី​យ៉ា​ន់​ម៉ា ដែល​ជា​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ