របាយការណ៍ផ្លូវការមួយបាននិយាយ កាលពីថ្ងៃអង្គារ៍ថា ប្រទេសកម្ពុជាអាចរកបានប្រាក់ចំណូលចំនួន ២០៨លានដុល្លារពីការនាំចេញជ័រកៅស៊ូធម្មជាតិ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ តាមរយៈការនាំចេញកៅស៊ូប្រមាណជា១១២.៥៩៥ តោន ខណៈដែលបរិមាណនេះ ជាធនធានដ៏មានសក្តានុពល…
របាយការណ៍ផ្លូវការមួយបាននិយាយ កាលពីថ្ងៃអង្គារ៍ថា ប្រទេសកម្ពុជាអាចរកបានប្រាក់ចំណូលចំនួន ២០៨លានដុល្លារពីការនាំចេញជ័រកៅស៊ូធម្មជាតិ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ តាមរយៈការនាំចេញកៅស៊ូប្រមាណជា១១២.៥៩៥ តោន ខណៈដែលបរិមាណនេះ ជាធនធានដ៏មានសក្តានុពល នៅក្នុងការយកជាមូលដ្ឋានដ៏សំខាន់ នៅក្នុងការខំប្រឹងប្រែងទាក់ទាញវិនិយោគទុនបរទេសមកបង្កើតរោងចក្រកៃច្នៃផលិតផលទាំងនេះ នៅក្នុងស្រុក ។

ស្ថិតិរបស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ទឹកប្រាក់នៃការនាំចេញជ័រកៅស៊ូក្រេបទាំងនេះ គឺបានធ្លាក់ចុះ២,៣ភាគរយ ហើយបរិមាណនៃការនាំចេញវិញ គឺបានធ្លាក់ចុះ២០ភាគរយឯណោះ ខណៈជ័រកៅស៊ូមួយតោន មានតម្លៃជាមធ្យម១.៨៥៣ដុល្លារ ថ្លៃជាងតម្លៃកៅស៊ូលក់ចេញ កាលពីឆ្នាំ២០២៥ ប្រហែល៣៣៥ ដុល្លារឯណោះ ។
ការថយចុះនេះ គឺដោយសារតែកម្ពុជាកំពុងតែបង្កើនការប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុកសម្រាប់បំពេញឧស្សាហកម្មមួយចំនួន ជាពិសេស គឺបំពេញផលិតកម្មរោងចក្រកៅស៊ូកង់យានយន្តដែលមកដល់ពេលនេះ គឺកម្ពុជាបានកំពុងតែបង្កើនការនាំចេញផលិតផលសម្រេច ។
តាមស្ថិតិបរិមាណនៃការប្រើប្រាស់ជ័រកៅស៊ូ នៅក្នុងស្រុក គឺបានកើនឡើងគួរឱ្យកត់សម្គាល់ ពោល គឺប្រមាណជា៥៣.៣៦១តោនកើនឡើង៩២ភាគរយ ដោយទទួលបានប្រាក់ចំណូលពីការលក់ក្នុងស្រុកចំនួន៩៣,៥លានដុល្លារដែរ ។

មកដល់ពេលនេះ ប្រទេសដែលកំពុងតែប្រមូលទិញជ័រកៅស៊ូធម្មជាតិពីកម្ពុជា មានម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន ប៉ុន្តែជំនួសឲ្យការនាំចេញផលិតផលទាំងនេះ ទៅកាន់ទីផ្សារប្រទេសទាំងនោះ កម្ពុជាគួរតែបង្កើនការទាក់ទាញក្រុមអ្នកទិញទាំងនោះឲ្យមកបើករោងចក្រឧស្សាហកម្មនៅកម្ពុជាជំនួសវិញ ។
តាមរបាយការណ៍សក្តានុពលនៃការផលិតជ័រកៅស៊ូ គឺនៅតែមានច្រើន ដោយកម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន ៤២៥.៤៤៣ ហិកតា ដោយក្នុងនោះដើមកៅស៊ូ សរុបនៅលើផ្ទៃដី៣៣០.២៥៩ ហិកតា ឬ ៧៧,៦ ភាគរយមានអាយុគ្រប់គ្រាន់សម្រាប់ការចៀរយកជ័របានហើយ ។
នៅថ្ងៃមុខ កម្ពុជាអាចនឹងបន្តមានបរិមាណជ័រកៅស៊ូធម្មជាតិលើសពីនេះកាន់តែច្រើនថែមទៀត ។ ដូច្នេះដើម្បីជំនួសឲ្យការនាំចេញ អ្នកពាក់ព័ន្ធគួរតែប្រើប្រាស់ជាយុទ្ធសាស្ត្រ ដើម្បីបង្កើតឧស្សាហកម្មតម្លៃបន្ថែម និងទាក់ទាញការវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកលើវិស័យដែលចេញពីផលិតកម្មកៅស៊ូធម្មជាតិនេះឲ្យបានកាន់តែច្រើន ។

មកដល់ពេលនេះ កម្ពុជាបានបោះជំហានមួយជំហាន ហើយដោយបានទាក់ទាញរោងចក្រធ្វើសំបកកង់ជាបន្តបន្ទាប់ ហើយនៅរយៈពេល៦ខែកន្លងទៅថ្មីៗនេះ គឺទើបតែបានទាក់ទាញរោងចក្រផលិតសំបកកង់រថយន្តចំនួនដល់ទៅ៤គម្រោងទៀត នៅស្វាយរៀង និងនៅខេត្តព្រះសីហនុ មានទុនវិនិយោគសរុបដល់ទៅ ៧៧៤លានដុល្លារ ហើយអាចបង្កើតការងារធ្វើបានប្រមាណជា៣.៤០០ កន្លែងបន្ថែម ។
ជ័រកៅស៊ូធម្មជាតិបែបនេះ ក្រៅពីធ្វើសំបកកង់មានគុណភាពខ្ពស់ហើយនោះ វានៅតែមានសក្តានុពលទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលផ្សេងៗទៀតដែលមានដូចជា ស្រោមដៃពេទ្យ និងឧស្សាហកម្ម ផលិតផលស្បែកជើង ដែលមានតម្លៃថ្លៃ, ផលិតផលថែទាំសុខភាព មានតាំងពីពូក ស្រោមអនាម័យ ផលិតផលទារកធម្មជាតិ ក៏ដូចជា ផលិតផលជាច្រើនទៀត ។ សូមប្រឹងប្រែងជ័រឧស្សាហកម្មកៅស៊ូយើងមានមូលដ្ឋានផលិតកម្មវត្ថុធាតុដើមស្រាប់ ដែលខុសពីឧស្សាហកម្មកាត់ដេរដែលយើងត្រូវនាំចូល វត្ថុធាតុដើមពីក្រៅ ។
នៅក្នុងករណីដែលកំណើននៃការវិនិយោគលើការ កែច្នៃពីផលិតផលវត្ថុធាតុដើមពីកៅស៊ូកាន់តែច្រើននោះយើងអាចរំដោះខ្លួនចេញពីឧស្សាហកម្មធុនស្រាលមកធុនមធ្យមបាន មួយចំណែកបន្ថែមផងដែរ ៕
ចែករំលែកព័តមាននេះ