ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​ទុក​ចោល​ប្រមាណ​ជា​ជិត​២០​ឆ្នាំ ក្រោយ​អនុម័ត​ឡើង នៅ​ខែធ្នូ ឆ្នាំ​២០០៦ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី បន្តវេន​បាន​ប្រកាស​រួច​ហើយ​ថា នឹង​យក​ច្បាប់​នេះ មក​អនុវត្ត​នៅ​ក្នុង​ប្រទេស​នៅ​រង្វង់​ឆ្នាំ​២០២៦​ខាង​មុខ ក្រោយ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ និង​ច្បាប់​ដែល​ពាក់ព័ន្ធ…

ក្រោយ​ពី​ទុក​ចោល​ប្រមាណ​ជា​ជិត​២០​ឆ្នាំ ក្រោយ​អនុម័ត​ឡើង នៅ​ខែធ្នូ ឆ្នាំ​២០០៦ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី បន្តវេន​បាន​ប្រកាស​រួច​ហើយ​ថា នឹង​យក​ច្បាប់​នេះ មក​អនុវត្ត​នៅ​ក្នុង​ប្រទេស​នៅ​រង្វង់​ឆ្នាំ​២០២៦​ខាង​មុខ ក្រោយ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ និង​ច្បាប់​ដែល​ពាក់ព័ន្ធ ។

តើ​ឆ្នាំ​២០២៦ គឺ​ពិតជា​ដល់​ពេល​ដែល​កម្ពុជា ត្រូវ​តែ​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា​នេះ​មែន ឬ​យ៉ាងណា? តាម​ការ​ប្រកាស​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សមិទ្ធផល​នៃ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​សែន​រីករាយ និង​អបអរសាទរ​ខួប​លើក​ទី​៣២ ទិវា​កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥) កម្ពុជា​ប្រាកដជា​នឹង​អនុវត្ត​នូវ​ច្បាប់​នេះ​ហើយ ប៉ុន្តែ​ត្រង់​ថា អនុវត្ត​យ៉ាងណា​នោះ​ទាល់តែ​ពេលវេលា​មក​ដល់​បានដឹង ។

នៅ​មុន ពេល​ដែល​ច្បាប់​នេះ ត្រូវ​បាន​អនុម័ត និង​ដាក់​ឲ្យ​ប្រើប្រាស់ តាំងពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០០៦ មក​ដល់​ពេល​នេះ​ច្បាប់​ដែល​មាន​៦​ជំពូក និង​១៦​មាត្រា​នេះ បាន​ទុក​ចោល​មិន​អនុវត្ត​មក​ជា​យូរ ប៉ុន្តែ​ត្រូវ​បាន​សម្តេច​ធិ​បតី ប្រកាស​ថា នឹង​ដាក់​វា​ឲ្យ​អនុវត្ត​នៅ​ក្រោយ​ពេល​ដែល​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ និង​ច្បាប់​មួយទៀត គឺ​ច្បាប់​សោធន នៅ​ក្នុង​គោលបំណង​ជួយ​ឱ្យ​កម្ពុជា​ងាយស្រួល​នៅ​ក្នុង​ការ​សម្រេចចិត្ត​បង្កើន​បរិមាណ​បំពេញ​សាច់​ទ័ព និង​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​បំពេញ​សាច់​ទ័ព ដែល​ការ​បំពេញ​សាច់​ទ័ព​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​មិន​ខ្វះ​កូនទាហាន​សម្រាប់​បំពេញ​បេស​កម្ម​ការពារ​បូរណភាព​ទឹកដី និង​ដែន​អធិបតេយ្យភាព​ជាតិ​នោះ​ទេ សម្រាប់​ថ្ងៃ​អនាគត ។

សម្តេច​ធិ​បតី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ច្បាប់​ដ៏​សំខាន់​នេះ​អាច​នឹង​ត្រូវធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​ជា​ពិសេស គឺ​ត្រង់​ចំណុច​ដែល​កំណត់​រយៈពេល​នៃ​ការ​អនុវត្ត​កាតព្វកិច្ច​យោធា ដែល​តាម​ច្បាប់​ដែល​មាន​ស្រាប់ គឺ​យុវជន​ពី​១៨ ដល់​៣០ គឺ​ជាប់​កាតព្វកិច្ច​យោធា ត្រឹមតែ​១៨​ខែ ប៉ុន្តែ​សម្តេច​ចង់ឱ្យ​វា​មាន​រយៈពេល​យូរ​ជាង​មុន​ពោល គឺ​ដល់​២​ឆ្នាំ ឬ​២៤​ខែ​តែ​ម្តង ។

ការ​ធ្វើ​កាតព្វកិច្ច​យោធា នៅ​ក្នុង​រយៈពេល​២៤​ខែ​បែប​នេះ វា គឺជា​គោលការណ៍​ច្បាប់​ដែល​បាន​អនុវត្ត​ដោយ​ប្រទេស​ជា​ច្រើន ហើយ​ការ​អនុវត្ត​ច្បាប់​នេះ​ក៏​ងាយស្រួល​ក្នុង​ការ​រើស​កងទ័ព​ដែល​អាច​ជ្រើសរើស​ចេញពី​អ្នក​ដែល​ចូល​ទៅ​បំពេញ​កាតព្វកិច្ច​យោធា​ផង​ដែរ ។ អ្នក​ដែល​មិន​ត្រូវ​បាន​ជ្រើសរើស ក្រោយ​ពេល​បំពេញ​កាតព្វកិច្ច​យោធា​ហើយ គាត់​ក៏​អាច​ចូល​ទៅ​ក្នុង​សង្គម​ដែល​យ៉ាង​ហោច​ណាស់ ក៏​គាត់​ជា​មនុស្ស​ដែល​បាន​អប់រំ បណ្តុះបណ្តាល មាន​វិន័យ ហើយ​បើសិនជា​ពលរដ្ឋ​មិន​បាន​បណ្តុះបណ្តាល​តាម​រយៈ​ការ​បំពេញ​កាតព្វកិច្ច​យោធា​ទេ នោះ​គាត់​អាច​ជា​មនុស្ស​ផ្សេង​ដែល​បង្ក​បញ្ហា​ដល់​សង្គម​ជាដើម ។

តើ​ការ​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា​បែប​នេះ វា​ល្អ ឬ​យ៉ាងណា​សម្រាប់​កម្ពុជា​ជា​ពិសេស​យុវជន? ការ​បកស្រាយ​ថា ល្អ ឬ​អាក្រក់​វា​អាច​អាស្រ័យ​លើ​របៀប​ដែល​វា​ត្រូវ​បាន​អនុវត្ត​ក៏​ដូច​ជា គោលដៅ​នៅ​ពីក្រោយ​វា និង​បរិបទ​ជាតិ​ដ៏​ទូលំទូលាយ ។ គោលបំណង​នៃ​ការ​ដាក់​ឲ្យ​អនុវត្ត​នូវ​ច្បាប់ នេះ គឺ​វា​មាន​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ​សំខាន់​ៗ ដែល​ត្រូវ​ពិចារណា ហើយ​សង្ឃឹមថា អ្វី​ដែល​យើង​លើក​ឡើង​នេះ វា​អាច​ជា​ធាតុ​ចូល​មួយ​សម្រាប់​ជា​មូលដ្ឋាន​នៅ​ក្នុង​ការ​ពិចារណា នៅ​ក្នុងអំឡុងពេល​ដែល​ច្បាប់​នេះ​កំពុង​តែ​រៀបចំ​ធ្វើ​វិសោធនកម្ម ។

នៅ​ពេល​ដែល​ច្បាប់​នេះ ត្រូវ​បាន​វិសោធនកម្ម​រួចរាល់ និង​ដាក់​ឲ្យ​អនុវត្ត គឺ​វា​ល្អ​សម្រាប់​គោល​គំនិត​លើក កម្ពស់ សន្តិសុខ និង​ការ​ការពារ​ដែន​អធិបតេយ្យភាព​ជាតិ ។ ជា​ទូទៅ​ដូចដែល​សម្តេច​ធិ​បតី បាន​លើក​ឡើង​រួច ហើយ​ការ​កសាង​កម្លាំង​បម្រុង​ដែល​ត្រូវ​បាន​បណ្តុះបណ្តាល​ក៏​ដូច​ជា ការ​ពង្រឹងសមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ការពារ​ខ្លួន គឺ​វា​អាច​ចាំបាច់​នៅ​ពេល​ដែល​ប្រទេស​មាន​វិបត្តិ ។ ការ​ដាក់​ឲ្យ​អនុវត្ត​នូវ​ច្បាប់​នេះ​វា​បង្ហាញ​ពី​ការ​ត្រៀមខ្លួន និង​ទប់ស្កាត់​ការ​គំ​រា​.​ម​កំ​ហែ​.​ង​ផ្នែក​សន្តិសុខ​ជាតិ ដូច​ជា នៅ​ក្នុងអំឡុងពេល​បច្ចុប្បន្ន​ដែល​កំពុង​តែ​មាន​ទំនាស់​ព្រំដែន​ស្រាប់ ។

ម្យ៉ាងវិញទៀត វា​ក៏​ជា​ដំណើរការ​ដែល​នឹង​អាច​ជួយ​បណ្តុះ ឬ​ដុសខាត់​វិន័យ និង​ជំនាញ​សម្រាប់​យុវជន​ផង​ដែរ ។ ការ​អនុវត្ត​នូវ​ច្បាប់​នេះ វា​អាច​ជា​ការ​បណ្តុះ​វិន័យ ភាព​ជា​អ្នកដឹកនាំ ការងារ​ជា​ក្រុម និង​ក៏​ដូច​ជា ការ​ពង្រឹង​ការ​ទទួលខុស​ត្រូវជា​ក្រុម​ដល់​យុវវ័យ​នានា ។ នេះ គឺជា​ឱកាស​ដែល​អាច​ឲ្យ​រដ្ឋ​ធ្វើការ​ប្រមូលផ្តុំ​យុវជន​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​គ្នា​អាច​លើកកម្ពស់​ការ​រួបរួម និង​បណ្តុះ​មនៈសិកា​ស្នេហា​ជាតិ ។

មក​ដល់​ពេល​នេះ នៅ​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ាន ការ​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា គឺ​ត្រូវ​បាន​អនុវត្ត​ដោយ​ប្រទេស​ខ្លះ​រួច​ហើយ ដូច​ជា ករណី​ថៃ​ស្រាប់ សិង្ហ​បុរី វៀតណាម មី​យ៉ា​ន់​ម៉ា ឡាវ ជាដើម ។ ខណៈ​ដែល​ប្រទេស​ហ្វី​លី​ពី​ន ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី ប្រុយ​ណេ ជាដើម គឺ​មិន​មានច្បាប់​នេះ​ទេ ។ នៅ​ក្នុង​តំបន់​ទាំងមូល​ច្បាប់​កាតព្វកិច្ច​យោធា​នេះ​គឺ ប្រទេស​ខ្លះ ថ្វី​ត្បិត​តែ​មាន​មែន ប៉ុន្តែ គឺ​ខ្លះ​មិន​អនុវត្ត​ដូច​ជា កម្ពុជា​ដែរ ខ្លះ​អនុវត្ត​ពេល​មាន​តម្រូវការ​ជាដើម ។

ដើម្បី​ធានា​ច្បាប់​នេះ​នឹង​នាំ​ដល់​ផលប្រយោជន៍​ជាតិ​ពិតប្រាកដ យើង​ត្រូវ​អនុវត្ត​វា​ដោយ​ប្រយ័ត្ន​ប្រ​យ៉ែ​ង ត្រឹមត្រូវ និង​តម្លាភាព​ដើម្បី​កុំអោយ​មាន​បញ្ហា​ផ្សេង​កើតឡើង​ដូច​ជា អំពើ​ពុក​រលួយ និង​បក្ខពួក​និយម ជាដើម​។

សរុបសេចក្តី​ទៅ ផែនការ​ដែល​ជំរុញ​ឲ្យ​អនុវត្ត​នូវ​ច្បាប់​កាតព្វកិច្ច​យោធា​របស់​កម្ពុជា នឹង​បង្កើត​ឲ្យ​មាន​ចំណុច​ប្រកបដោយ​សក្តានុពល​ក្នុង​ការ​ពង្រឹង​ឯកភាព​ជាតិ និង​សន្តិសុខ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​វា​ក៏​ត្រូវ​តែ​អនុវត្ត​ដោយ​យុត្តិធម៌ ទទួលខុសត្រូវ និង​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​សង្គម​រយៈពេល​វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ