ខេត្តបន្ទាយមានជ័យ ៖ កម្លាំងចម្រុះការពារព្រំដែន បានឃាត់ជនសង្ស័យខ្មែរម្នាក់បាននាំជនជាតិថៃចំនួន៦នាក់ឆ្លងដែនដោយខុសច្បាប់ កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ស្ថិតនៅចំណុចភូមិបឹងរាំង ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ដែលឈមភាគីថៃភូមិបាណូន ឃុំផានសឹក ស្រុកអារ័ញ្ញប្រថេត ខេត្តស្រៈកែវ ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោកលេខ៨១៥បានប្រាប់ថា នៅពេលដែលកម្លាំងនគរបាលវរការពារព្រំដែនគោកលេខ៨១៥ បានសហការជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹងរងស្រុកម៉ាឡៃ បានចេញល្បាតតាមបន្ទាត់ព្រំដែនបានប្រទះឃើញជនជាតិថៃចំនួន៦នាក់ (ជាស្រី) បានឆ្លងអូរពីថៃចូលមកកម្ពុជាដោយខុសច្បាប់ ហើយភ្លាមនោះកម្លាំងបានស្រាវជ្រាវឃាត់ពលរដ្ឋខ្មែរម្នាក់ជាបុរសដែលជាអ្នកនាំ ។

លោកបានបញ្ជាក់ថា ក្រោយកម្លាំងចម្រុះប្រទះឃើញជនជាតិថៃចូលមកទឹកកម្ពុជាដោយខុសច្បាប់ ហើយបានណែនាំពួកគាត់អោយត្រឡប់ចូលក្នុងទឹកដីថៃវិញ ។ ដោយឡែកពលរដ្ឋខ្មែរដែលជាអ្នកនាំផ្លូវ ត្រូវបានឃាត់ខ្លួនពីបទនាំមនុស្សលួចឆ្លងដោយខុសច្បាប់ត្រូវបានប្រគល់ជូនកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការតាមច្បាប់។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ជាការណែនាំពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលវរការពារព្រំដែនគោកលេខ៨១៥ បានសហការជាមួយកម្លាំងដែលកំពុងឈជើងតាមបន្ទាត់ព្រំដែនទប់ស្កាត់បទល្មើសឆ្លងដែនមានពលករឆ្លងដែនខុសច្បាប់ និងទំនិញគេចពន្ធនិងត្រូវបានហាមឃាត់ត្រូវមានចំណាត់ការយ៉ាងតឹងរឹង ។
ចែករំលែកព័តមាននេះ