ខេត្តបន្ទាយមានជ័យ ៖ ជន២នាក់ដែលដឹកទឹកដោះគោស្រស់ម៉ាកម៉ីជិ ចំនួន ២៧កេសស្មើនឹង៤៩៦ដប នាំចូលពីប្រទេសថៃដោយខុសច្បាប់ បានត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ។

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃ ថ្លែងថា ជនទាំង២នាក់នេះ ម្នាក់ឈ្មោះ រី ម៉ារីយ៉ុម ហៅ ប៊ី ភេទប្រុស អាយុ៤៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ នាង សុខណា ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករ ។

មុនមានការឃាត់ខ្លួននេះ ក្រោយពីមានការណែនាំពីលោក ស្វាយ ជា អភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការឯកភាពស្រុកម៉ាឡៃដើម្បីទប់ស្កាត់ទំនិញដែលលួចនាំចូលពីប្រទេសថៃដោយខុសច្បាប់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់រថយន្ត១គ្រឿង ពាក់ផ្លាកលេខបន្ទាយមានជ័យ ២B-៧៤៣៧ ។ រថយន្តនេះដឹកទឹកដោះគោស្រស់ម៉ាកម៉ីជិ ចំនួន២៧កេស ស្មើនឹង៤៩៦ដប ហើយត្រូវបានចាប់នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។

នៅចំពោះមុខសមត្ថកិច្ច ជនទាំង២នាក់ឆ្លើយថា ទឹកដោះគោស្រស់នេះគឺនាំចេញពីដេប៉ូមួយនៅប្រទេសថៃ ចូលមកកម្ពុជាបម្រុងយកទៅលក់ចែកចាយក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ ។ នេះជាលទ្ធផលនៃការប្រកបមុខរបរមិនស្គាល់កាលៈទេសៈនាំតែខាតបង់ ចំពេលដែលរាជរដ្ឋាភិបាលមានវិធានការហាមឃាត់រាល់ទំនិញថៃចូលកម្ពុជា ដែលជានយោបាយជំទាស់ទៅនឹងការបិទព្រំដែនជាឯកតោភាគីរបស់ថៃ ៕

ចែករំលែកព័តមាននេះ