ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់តាំងពី​ថៃ​បាន​បិទ​ច្រកព្រំដែន​ដោយ​ឯកតោភាគី កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា មក​ដល់​ពេល​នេះ មាន​សេចក្តីរាយការណ៍​ថា បណ្តា​ផ្សារ​ភាគច្រើន នៅ​តាម​ព្រំដែន​នៅ​ក្នុង​ប្រទេស​ថៃ មាន​សភាព​ស្ងាត់ជ្រងំ តួរ​យ៉ាងដូច​ជា ទិដ្ឋភាព​ផ្សារ​បាន​ហាត…

ចាប់តាំងពី​ថៃ​បាន​បិទ​ច្រកព្រំដែន​ដោយ​ឯកតោភាគី កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា មក​ដល់​ពេល​នេះ មាន​សេចក្តីរាយការណ៍​ថា បណ្តា​ផ្សារ​ភាគច្រើន នៅ​តាម​ព្រំដែន​នៅ​ក្នុង​ប្រទេស​ថៃ មាន​សភាព​ស្ងាត់ជ្រងំ តួរ​យ៉ាងដូច​ជា ទិដ្ឋភាព​ផ្សារ​បាន​ហាត លើក ដែល​មាន​ទីតាំង​ជាប់​នឹង​ខេត្តកោះកុង នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្លាប់តែ​អ៊ូអរ មាន​មនុស្ស​ចេញចូល​ឥឡូវ​គឺ​មាន​សភាព​ដ៏​ស្ងាត់ជ្រងំ ។

សារព័ត៌មាន The Nation របស់​ថៃ បាន​ឲ្យ​ដឹង​ថា ការ​គ្រប់គ្រង​ព្រំដែន​ដ៏​តឹងតែង ក្នុង​ខេត្ត​ត្រា​ត​បាន​ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​បី ដែល​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ខូចខាត​យ៉ាងដំណំ ។ ទិដ្ឋភាព​នេះ គេ​អាច​មើលឃើញ​យ៉ាង​ច្បាស់​ថា ផ្សារ​បាន​ហាត​លើក គឺ​នៅ​សល់​តែ​តូប​មួយ​ប៉ុណ្ណោះ​ដែល​បាន​បើក ។

សារព័ត៌មាន​នោះ​បាន​សរសេរ​ថា ក្រោម​វិធានការ​ត្រួតពិនិត្យ​ព្រំដែន ដ៏​តឹង​រឹង​របស់​ប្រទេស​ថៃ ជាមួយ​កម្ពុជា ដែល​អនុវត្ត​ដោយ​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ចាន់​ថា​បុរី​-​ត្រា​ត ចាប់តាំងពី​ថ្ងៃ​ទី​២៤ ខែមិថុនា មក​ជនជាតិ​ថៃ និង​កម្ពុជា ភ្ញៀវ​ទេសចរ និង​រថយន្ត​ដឹក​ទំនិញ ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ឆ្លងកាត់​ព្រំដែន ហើយ​ការ​ជួញដូរ​ឆ្លងកាត់​ព្រំដែន​ទាំងអស់ ត្រូវ​បាន​ផ្អាក​ដែល​នាំ​ឲ្យ​ផ្សារ​ស្ងាត់ជ្រងំ ។

លោក ភី​រុំ ថុ​ង​ខាម ( Pirom Thongkham) អាយុ​៦៤​ឆ្នាំ ដែល​ជា​អាជីវករ​តែ​ម្នាក់​គត់​ដែល​នៅ​តែ​តស៊ូ​បើក​តូប​នៅ​ក្នុង​ផ្សារ​នេះ បាន​និយាយ​ថា មាន​តែ​លោក​ម្នាក់​គត់​ដែល​នៅ​តែ​បើក​នៅ​ទី​នេះ ប៉ុន្តែ​តាំងពី​បើក​មក​មិន​មាន​អតិថិជន​ឡើយ ។

លោក​បាន​អះអាង​ថា កាលពីមុន​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​មួយ​ចំនួន​បាន​មក​ទិញ​ទំនិញ ប៉ុន្តែ​ចាប់តាំងពី​ព្រំដែន​បាន​បិទ​វា​ស្ងាត់​ទាំងស្រុង ពោល គឺ​គ្មាន​សកម្មភាព​តែ​ម្តង ។ មូលហេតុ​ដែល​លោក​នៅ​តែ​បន្ត​បើកហាង​របស់​គាត់ ដោយសារ​តែ​គាត់​ជា​ម្ចាស់​កម្មសិទ្ធិ និង​ចង់​ជៀសវាង​កុំឱ្យ​តំបន់​នេះ​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​បោះបង់​ចោល​ទាំងស្រុង ។

លោក​បាន​បន្ថែម​ថា យើង​ត្រូវ​តែ​ទទួលយក​ការ​ពិត ហើយ​លោក​ចង់ឱ្យ​ស្ថានការណ៍​នៅ​ព្រំដែន​នេះ​ធូរស្រាល​ឆាប់​ៗ ព្រោះ​វា ប៉ះពាល់​ដល់​ពួក​គាត់​ទាំងអស់​គ្នា​ដែល​រស់នៅ​ទី​នេះ ។ វា​ពិបាក​ណាស់ ។ លោក​បាន​បន្ត​ថា សូ​ម្បី​តែ​ក្នុងអំឡុងពេល​វិបត្តិ​ប្រាសាទព្រះវិហារ​ឆ្នាំ ២០១១ វា​មិន​ធ្ងន់ធ្ងរ​បែប​នេះ​ដែរ ។ លោក​បាន​បន្ត​ថា កាលនោះ​ព្រំដែន​មិន​ទាន់​បិទ​ទាំងស្រុង​ឡើយ ។ ដូច្នេះ​យ៉ាង​ហោច​ណាស់ ការ​ធ្វើ​ពាណិជ្ជកម្ម​មួយ​ចំនួន​បាន​បន្ត ។

លោក​បាន​លើក​ឡើង​ថា លោក​សូម​អង្វរ​ឲ្យ​សភាព​ការ​វិល​មក​ប្រក្រតី​ភាព​ឡើង​វិញ ហើយ​ក៏​សង្ឃឹមថា ព្រំដែន​អាច​បើក​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ ដូច្នេះ​ពាណិជ្ជកម្ម និង​ទេសចរណ៍​អាច​ដំណើរការ​ឡើង​វិញ​បាន ។ សង្ឃឹមថា ស្ថានការណ៍​មិន​កាន់តែ​អាក្រក់​ទៅ​ៗ ហើយ​បើ​វា​អូស​បន្លាយ​នោះ​វា​ពិតជា​ពិបាក​ប្រឈម​មុខ​នឹង​វិបត្តិ​ធំ​ជាង​នេះ នា​ពេល​អនាគត ។

មុន​ពេល​ផ្ទុះ​ការ​តានតឹង​នៅ​ព្រំដែន ពោល គឺ​នៅ​ខែមេសា ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ​មាន​តម្លៃ​ដល់​ទៅ​៤៨០​លាន​ដុល្លារ ដោយ​ថៃ​នាំ​ចូល​មក​កម្ពុជា មាន​តម្លៃ​ដល់​ទៅ​៣៧២ លាន​ដុល្លារ ហើយ​កម្ពុជា​នាំ​ចេញ​ទៅ​វិញ​ត្រឹមតែ​៩៨ លាន​ដុល្លារ​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា បាន​លើក​ឡើង​ថា ថៃ​បិទ​ព្រំដែន គឺ​បិទ​ដោយ​ឯកតោភាគី ។ ដូច្នេះ បើ​ថៃ​ចង់​បើក គឺ​ត្រូវ​តែបើ​កដោយ​ឯកតោភាគី​ដែរ ។ កូនសោរ គឺ​នៅ​លើ​ថៃ ហើយ​រឿង​នេះ​មិនបាច់​ចរចា​ទេ ។

ជា​ការ​ពិត កម្ពុជា​មិនមែន​ជា​អ្នក​ចាប់ផ្តើម​មុន​ឡើយ ។ ថៃ​ចាប់ផ្តើម​រឹតត្បិត​ព្រំដែន នៅ​ថ្ងៃ​ទី ០៧ ខែមិថុនា ហើយ​បើក​វិញ​ដោយ​សម្រេច​ធ្វើការ​កែសម្រួល​ម៉ោង​ចេញចូល ។ ក្រោយមក​ទៀត គឺ​បិទ​ហើយ​បើក ឬ​បិទ​ច្រក​នេះ​បើក​ច្រក​នោះ ។ ក្រោយមក​ទៀត ពោល គឺ​ថ្ងៃ​ទី​២៣ ខែមិថុនា គឺ​បិទ​គ្រប់​ច្រក ស្រាប់តែ​មាន​បើក​ច្រក​ខ្លះ ។ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​មនុស្ស និង​ទំនិញ​ចេញចូល លើកលែងតែ​អ្នកជំងឺ​ធ្ងន់ និង​កូនសិស្ស ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សម្តេច​ធិ​បតី បាន​បញ្ជាក់​ជំ​ហារ​យ៉ាង​ច្បាស់ ហើយ​ប្រកាស​ដាក់​លក្ខខណ្ឌ​បី ។ គឺ​ទី​១ គឺ​ថៃ​ត្រូវ​ប្រកាស​បើក​ព្រំដែន​ជា​ឯកតោភាគី​ឡើង​វិញ​ទៅ ហើយ​ត្រូវ​ប្រកាស​កុំ​បិទ ដោយ​ឯកតោភាគី​ជា​ថ្មី ។ ទី​២ បើ​បើក គឺ​ត្រូវ​បើក​ទាំងអស់ មិនមែន​បើក​មួយ​ទុក​មួយ​នោះ​ទេ ។ ហើយ​ទី​៣ គឺ​ត្រូវ​បើក​ឲ្យ​ដូច​មុន​ថ្ងៃ​ទី​៧ ខែមិថុនា ពោល គឺ​ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​១០​យប់ ហើយ​ចរាចរណ៍​ទាំង​មនុស្ស និង​ទំនិញ គឺ​មិន​មានការ​ហាមឃាត់ ។

សម្តេច​ធិ​បតី ប្រកាស​ថា ថៃ​អនុវត្ត​តែ​បែប​នេះ មិនបាច់​ចរចា​ទេ យ៉ាង​យូរ​យឺត​បំផុត​៥ ម៉ោង កម្ពុជា​នឹង​ធ្វើ​តាម​ទាំងអស់ ។ កម្ពុជា​មិន​ចង់​លេងល្បែង​បិទពួន ហើយ​ក៏​មិន​ចង់​មាន​ស្ថានភាព​ដូច​ឆ្មារ និង​កណ្តុរ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ