ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទី​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ​​សង្ស័យមាន​អាថ៌កំបាំង​ពេល​សួរ​ពាក់ព័ន្ធ​ទៅ​នឹង​រ៉ែ​ថ្ម​ម៉ា​ប

3 ម៉ោង មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ​បើ​គេ​និយាយ​អំពី​រ៉ែថ្ម​ម៉ាប ជា​ប្រភេទ​ធនធាន​រ៉ែ​ដ៏កម្រ​ ដែល​មាន​សក្តានុពល​និង​តម្លៃ​ខ្ពស់​គួរសម សម​ស្រប ក្នុង​ការ​ផលិត​នាំ​ចេញ​ទៅ​ប្រទេស​វៀតណា​ម រហូតទៅដល់ពិភពលោក និង​តម្រូវការ​ក្នុងស្រុក​។ ប្រភព​រ៉ែ​ថ្ម​ម៉ា​ប​ដែល​កំពុង​ដំណើរការ…

ខេត្តក្រចេះ​ ៖ ​បើ​គេ​និយាយ​អំពី​រ៉ែថ្ម​ម៉ាប ជា​ប្រភេទ​ធនធាន​រ៉ែ​ដ៏កម្រ​ ដែល​មាន​សក្តានុពល​និង​តម្លៃ​ខ្ពស់​គួរសម សម​ស្រប ក្នុង​ការ​ផលិត​នាំ​ចេញ​ទៅ​ប្រទេស​វៀតណា​ម រហូតទៅដល់ពិភពលោក និង​តម្រូវការ​ក្នុងស្រុក​។

ប្រភព​រ៉ែ​ថ្ម​ម៉ា​ប​ដែល​កំពុង​ដំណើរការ អារកាត់យក បច្ចុប្បន្ន​មាន​ដូច​ជា​៖ ស្រុក​អូរ​គ្រៀង​សែន​ជ័យ (​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី​)​ស្រុក​ស្នួល (​ភ្នំ​ព្រិច ឃុំ​ស្វាយ​ជ្រះ​)​និង​ស្រុក​សំបូរ​(​ឃុំ​កំពង់ចាម​)​។

ទាក់ទិន​ទៅ​នឹង​ផលិតផល​មិន​ទាន់​សម្រេច​(​ថ្ម​ដុំ​)​ គេ​ពុំ​បានដឹង​ថា ​ថ្ម​ទាំង​នោះ​ត្រូវ​ដឹក​ជញ្ជូន​បែង​ចែក​ទៅ​ខាង​ណា​ មក​ខាង​ណា​នោះ​ទេ​ ។ ​តែ​គេ​បាន​ត្រឹម​ដឹង​ថា ​ក្រោយ​ការអារកាត់ពីភ្នំ​​នាំ​ចេញពី​ការ​ដ្ឋា​ន​របស់​ក្រុមហ៊ុន ថ្ម​១​ដុំ​ៗ​ទម្ងន់​ជិត១០​តោន ​ដឹក​តាម​រថយន្ត​ធុន​ធំ​ខ្លះ​ឆ្ពោះ ទៅ​កាន់​​ទីតាំង​ស្តុក​​ចំនួន​២​កន្លែងក្នុងរោង​​ចក្រ​ភ្នំ​ព្រិច និង​រោងចក្រ​ត្រពាំង​ស្រែ​តំបន់​សេដ្ឋ កិច្ច​ពិសេស ជាប់​ព្រំដែន​ប្រទេស​វៀត​ណា​ម ហើយ​ក៏​ជិត​នឹង​ច្រក​ទ្វារ​​អន្តរ​ជាតិ​ត្រពាំង​ស្រែ​ផង​ដែរ​។

ប្រភព​ឱ្យ​ដឹង​ថា​ក្នុង​ការដ្ឋាន​ក្រុម ហ៊ុន​ថ្ម​ម៉ា​ប​នីមួយ​ៗ​មាន​ទំហំ​ធំ​ល្វឹងល្វើយ រណ្ដៅ​ការដ្ឋាន​ទាំងនោះ​ប្រៀប​ដូច​ទីលាន​វាយ​កូន​ហ្គោ​ល​ ឬមើលទៅរាបដូចសមុទ្រខ្សាច់ ​ជាមួយ​គ្រឿងចក្រ​រាប់​សិប​គ្រឿង​ផង​ដែរ​។

លោក ឈា ផ​ល្លី អភិបាលស្រុក​អូរ​រៀង​សែន​ជ័យ​អាយ​ដឹង​ថា​ ​ខ្ញុំ​ដឹង​ដែរ គ្រាន់​តែ​ដឹង​ថា​គេ​មាន​កន្លែង​ធ្វើ​នៅ​ភ្នំ​ព្រិច​ក្នុងស្រុក​ស្នួល ។ លោកថា ​ពាក់ព័ន្ធ​ការ​ដឹក​ទៅណា​ទៀត​យើង​មិន​អាច​គ្រប់គ្រង​បានទេ យើង​ដឹង​ត្រឹមតែ​ស្រុក​យើង ។ ​ហើយ​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​នាំ​ចេញ លោកថា ​ចង់​ដឹង​ទាល់តែ​សួរ​ទៅ​ខាង​មន្ទីរ​ជំនាញ ព្រោះ​អាហ្នឹង​មន្ទីរ​ជំនាញ គេ​អ្នកគ្រប់គ្រង​ព្រោះ​សួយ​សារ​អី​ៗ​គេ​បង់​ទៅ​តាម​មន្ទីរ​ជំនាញ​។

ចំណែកប្រធាន​មន្ទី​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ លោក រ័​ត្ន តុលា បាន​ចូល​មើល​សារ​ក្នុង​ប្រព័ន្ធ​តេ​ឡេ​ក្រាម ដែលកោះសន្តិភាពសុំការបំភ្លឺចំណុចខ្លះៗ ព្រោះលោកជាម្ចាស់រ៉ែ តែ​លោក​មិន​បាន​ខ្វាយខ្វល់​នឹង​សំណួរ​អ្វី​ទាំងអស់​ បើ​ទោះបីជា​កោះសន្តិភាព​បាន​ដាក់​សំណួរ​សួរ​ទៅ​លោក​កាលពី​ថ្ងៃ​ទី​៧ ក​ក្ក​ដា​២០២៥​ រហូត​ទល់​បច្ចុប្បន្ន​។

រីឯ​អភិបាលស្រុក​ស្នួល​លោក សាម ណា​ល់ បានឲ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​គេ​កាល ណា​គេ​តម្រូវ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​គេ​មាន​ដឹក​ទៅ​ខាងខេត្ត​​ព្រះ​សីហ​នុ ​បើសិន​ភ្ញៀវ​គេ​ត្រូវការ​ទៅ​ខាង​វៀតណាម​គេ​ដឹក​ទៅ​តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​វៀត​​ណា​ម ។ ឯខាង​ផលិត​នាំ​ចេញ​ទាល់តែ​សួរ​ខាង​គយ ​។ លោកថា ​រោងចក្រ​កាលពីមុន​ដូច​ជា​មិនទាន់​កែ​ច្នៃ​ជា​ថ្ម​សន្លឹក​អី​ទេ… ក្រោយមក​​ទើប​​មាន​ថ្ម​សន្លឹក​នៅ​ឆ្នាំ​២០១២-២០១៣​ ។ លោកថា ​សម្រាប់​ផលិតផល​មិន​ទាន់​សម្រេច​លោក​ដឹង​តែ​ខាង​ស្រុក​ស្នួល​ទេ​គឺ​នៅ​ខាង​ស្វាយ​ជ្រះ ក្រៅពី​ហ្នឹង​មិនដឹង​ទេ​ឃើញ​តែ​គេ​ដឹក​ទៅ​ដឹក​មក​។

ទាក់ទិន​ករណី​ការ​នាំ​ចេញ​ផលិតផល​ថ្ម​ម៉ា​ប​កោះសន្តិភាព​បាន​ទំនាក់ ទំនង​ទៅ​ប្រធាន​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ លោក លាង មេ​ង​គី​ម ​ពុំ​បាន​ឆ្លើយ​អ្វី​នោះ​ទេ​ ។ ​ដោយ​បង្វែរ​សំណួរ សុំ​ឲ្យ​ដាក់​សំណើសុំ​របា​យ​ការណ៍​ពាក់ព័ន្ធ​ការ​នាំ​ចេញ​ទៅ​រដ្ឋបាល​ខេត្ត​។ លោក ម៉ែ​ន វ​ណ្ណា នាយក​រដ្ឋបាល សាលាខេត្ត​ក្រចេះ​បាន​ប្រាប់​កោះ​សន្តិ​ភាព នា​ព្រឹក​ថ្ងៃ​ទី​១៤​ ក​ក្កដា​ ឆ្នាំ​២០២៥ នេះ​ថា​ ពាក់ព័ន្ធ​ទៅ​នឹង​របាយការណ៍ នាំ​ចេញ​រ៉ែ​ថ្ម​ម៉ា​បបែបណា​នោះ​ លោក​អត់​មាន​ទេ តែបើ​ខាង​គយ និង​មន្ទីរ​រ៉ែ អាច​មាន ។

បញ្ហារ៉ែថ្មម៉ាបរបស់ខ្មែរយើង ត្រូវគេដឹងត្រួសៗថា មានក្រុមហ៊ុនច្រើនណាស់ ជាពិសេសក្រុមហ៊ុនចិន និងវៀតណាម ។

អ្នកខេត្តក្រចេះនិយាយថា ថ្មម៉ាបរបស់ខ្មែរត្រូវក្រុមហ៊ុនជាច្រើន មានខ្មែរឈរឈ្មោះឱ្យវៀតណាម អារច្រៀក ដឹកជញ្ជូនទៅវៀតណាមយូរឆ្នាំហើយ ដោយរលូន ។

ឆ្នាំនេះដែលមានថ្មម៉ាបក្លាយជា​​វាលរាបដូចសមុទ្រទៅហើយ…មិនដឹងថា ស្របច្បាប់ដែរឬអត់ទេ ។​

បានទំនាក់ទំនងសុំការបំភ្លឺពីមន្ទីររ៉ែ និង​ថាមពលខេត្តដែរ តែគ្មានចម្លើយសោះ ហាក់ដូចជាមានអាថ៌កំបាំងពេកក្រៃ ។​

ក្រុមហ៊ុនបានដឹកថ្មម៉ាបឆ្ពោះទៅវៀតណាមយ៉ាងតិច១០ឆ្នាំជាងមកហើយ គឺកាត់ថ្មជាផ្ទាំងធំៗដូចទូកុងតឺន័រដឹកឆ្ពោះទៅវៀតណាមយ៉ាងត្រជាក់​ពង ដែលមានខ្មែរឈរឈ្មោះឱ្យថៅកែវៀតណាម​ដែលមិន​អាចស្វែងរកឈ្មោះបានឡើយ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយបន្តទៀតនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ