ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​ក្រុម ដួង តារា ពាក់​ព័ន្ធ​សំណុំរឿង​អំពើ​ពុក​រលួយ​ដោះដូរ«​លក់»​ទីតាំង​ពន្ធ​នា​គារ​​ខេត្តកំពង់ឆ្នាំង​

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៥ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ក្រុម ដួង តារា ពាក់​ព័ន្ធ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដោះ​ដូរ​(​លក់​)​ទីតាំង​ពន្ធ​នា​គារ​ខេត្ត​កំពង់​ឆ្នាំង…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៥ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ក្រុម ដួង តារា ពាក់​ព័ន្ធ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដោះ​ដូរ​(​លក់​)​ទីតាំង​ពន្ធ​នា​គារ​ខេត្ត​កំពង់​ឆ្នាំង មក​បើក​សវនាការ​ដើម្បី​ផ្តន្ទាទោស​លើ​ជន​ជាប់​ចោទ​ ។ សវនាការ​បាន​ធ្វើ​ឡើងជា​សាធារណៈ ដែល​ដឹកនាំ​ដោយលោកស្រី យី សុខ​វួ​ច ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ​និង​លោក​ទុង រតនា ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​។

សវនាការ​បាន​ធ្វើ​ឡើង​ចំពោះ​មុខ​ជន​ត្រូវ​ចោទ​៤ នាក់ ៖ ១-​ឈ្មោះ ដួង តារា ២-​ឈ្មោះ មួ​ង ឃី​ម ជាប់ចោទ​ពី​បទ​.​ជំនួញ​ឥទ្ធិពល​អកម្ម តាម​បញ្ញត្តិមាត្រា៦០៦ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣២​នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ។ ៣-​ឈ្មោះ អ៊ុត ធី ជាប់ចោទ​ពី​បទ ជំនួញ​ឥទ្ធិពល​សកម្ម តាម​បញ្ញត្តិ​មាត្រា​៦០៦​នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣២​នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ។ ៤-ឈ្មោះ លី សា​ម៉េ​ត ហៅ​គ្រូ​មា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​.សមគំនិត​ក្នុង​បទ​ជំនួញ​ឥទ្ធិពល​អកម្ម តាម​បញ្ញត្តិ​មាត្រា២៩ មាត្រា៥៩៥ មាត្រា៥៩៦នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា៣២នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​។

ជន​ត្រូវ​ចោទ​ទាំង​៤​នាក់ មាន​មេធាវី​ការពារ​ក្តី​តាម​ផ្លូវច្បាប់​រៀង​ៗ​ខ្លួន ហើយ​ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួង​«ACU»ផង​ដែរ ​។ សវនាការ​បាន​សាកសួរ​ដេញដោ​ល​លើ​ជន​ត្រូវ​ចោទ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង ពាក់​ព័ន្ធ​សំណុំរឿង​ក្នុង​ការ​ឃុបឃិត​គ្នា​ដោះ​ដូរ (​លក់​)​ទីតាំង​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​ចាស់ទៅ​ទីតាំង​ថ្មីដែរ ​មាន​ទំ​ហំទឹកប្រាក់​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក រវាង​ក្រុមហ៊ុន​អះ​ស្កា​រិ​ទ្ធ ជាមួយ​សាលាខេត្ត​កំពង់ឆ្នាំង កាលពី​អំឡុង​ឆ្នាំ​២០១៨ ។

តាម​ការ​ស្តាប់​ចម្លើយ​ក្នុង​សវនាការ​ ជន​ត្រូវ​ទាំង​៤​នាក់ ពិតជា​បាន​ឆ្លើយ​សារភាព​មាន​ភាព​ស៊ី​សង្វាក់​ពាក់​ព័ន្ធ​បទល្មើស​ដូច​ការ​ចោទប្រកាន់​ខាងលើ​នេះ ប៉ុន្តែ​ដោយពេល​វេលា​ដល់​ម៉ោង​​សម្រាក​របស់​មន្ត្រីរាជការ តុលាការ​បាន​លើក​ពេល​ប្រកាស​សាលក្រម​លើ​សំណុំរឿង​នេះ​ទៅ​ថ្ងៃក្រោយ​ដោយ​មិន​កំណត់ ​។

ជន​ត្រូវ​ចោទ​ទាំង​៤​នាក់ ឈ្មោះ ដួង តារា ឈ្មោះ លី សា​ម៉េ​ត ហៅ​គ្រូ​មា និង​ឈ្មោះ អ៊ុត ធី ត្រូវ​បាន​នាំ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ចំណែក​ឈ្មោះ មួ​ង ឃី​ម អនុរក្ស​បាន​នាំ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​វិញ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ