រាជធានីភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេរសារបង្ហោះនៅលើហ្វេសប៊ុករបស់លោក នាថ្ងៃទី១២ ខែសីហានេះថា ៖ នៅពេលដែលយើងបានឡើងដេកលើគ្រែពេទ្យនេះហើយ យើងមិនអាចអោយប្រពន្ធកូនចៅជាទីស្រឡាញ់ មកដេកនៅលើគ្រែនេះជំនួសយើងបាននោះទេ ហើយបើទោះបីជាយើងមានប្រាក់ច្រើនប៉ុន្មានក៏ដោយចុះ ក៏យើងមិនអាចយកទៅជួលអ្នកណាម្នាក់ អោយមកដេកលើគ្រែពេទ្យនេះជំនួសយើងបានដែរ ។

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបញ្ជាក់ថា យើងមានតែខិតខំប្រឹងប្រែងព្យាយាមសាងតែអំពើល្អ ធ្វើបុណ្យដាក់ទានទោះតិចក្តី ច្រើនក្តី ទៅតាមកម្លាំងសទ្ធា ។ មនុស្សគ្រប់រូបនៅពេលដែលចែកឋានទៅ មិនអាចនាំយកអ្វីៗជាទីស្រឡាញ់ទៅជាមួយបាននោះទេ បើអាចនាំយកទ្រព្យសម្បត្តិទៅជាមួយបាន ក៏នៅឋានលើ និងឋានក្រោមមិនមានផ្សារលក់ដូរទំនិញ ដូចឋានកណ្ដាលយើងនេះទេ ហើយក៏មិនមានវត្តអារាមសម្រាប់ធ្វើបុណ្យដាក់ទានបាននោះដែរ ។

លោកបានបន្តថា ខ្ញុំមានជំងឺបេះដូងដំណើរការមិនប្រក្រតី ព្យាបាលលើកនេះ មិនទទួលបានជោគជ័យនោះទេ លោកវេជ្ជបណ្ឌិតបានរៀបចំឱសថអោយយកទៅប្រើរយៈពេល២ខែ និងត្រូវវិលត្រឡប់មកព្យាបាលជាថ្មីម្តងទៀត ។ លោកវេជ្ជបណ្ឌិតបានហាមដាច់ខាតកុំអោយធ្វើដំណើរ ចេញឆ្ងាយពីរាជធានីភ្នំពេញ បើមានបញ្ហាក្នុងចន្លោះពេល១ទៅ២ម៉ោង ត្រូវតែមកអោយដល់មន្ទីរពេទ្យជាដាច់ខាត ៕



ចែករំលែកព័តមាននេះ