ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជនជាតិថៃ២នាក់បម្រុងលួចឆ្លងដែនចូលមកកម្ពុជា ត្រូវបានកម្លាំងការពារព្រំដែនហាមឃាត់អោយត្រឡប់ទៅវិញ កើតឡើងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅចំណុចអូរព្រំដែន ក្នុងភូមិសាស្គ្រភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៨១៥ បានប្រាប់ថា នៅពេលដែលកម្លាំងនគរបាលវរការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងស្រុកម៉ាឡៃ បានចេញល្បាតតាមបន្ទាត់ព្រំដែនបានប្រទះឃើញស្ត្រីជនជាតិថៃ២នាក់បានលួចឆ្លងព្រំដែនពីថៃចូលមកដល់ទឹកដីកម្ពុជាដោយខុសច្បាប់នៅចំណុចប៉ុស្តិ៍ដើមត្រសេក ហើយកម្លាំងបានណែនាំអោយវិលត្រឡប់ចូលក្នុងទឹកដីថៃវិញ។
លោកបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនស្ត្រីជនជាតិថៃ២នាក់សាកសួរបានប្រាប់ថា ខ្លួនមានបំណងឆ្លងដែនដោយខុសច្បាប់ ដើម្បីទៅរកការងារធ្វើនៅក្រុងប៉ោយប៉ែត នៅពេលមានមេខ្យល់ថៃនាំមកទំលាក់ចូលអូរព្រំដែន ហើយប្រាប់អោយឆ្លងអូរចូលមកម្ពុជា នឹងមានគេចាំទទួលយកដឹកទៅក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា រយៈពេលកន្លងទៅ កម្លាងការពារព្រំដែនគោកលេខ៨១៥ បានឃាត់ខ្លួនជនជាតិថៃជាញឹកញាប់ ដែលមានបំណងលួចឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ ហើយបានណែនាំអោយវិលត្រឡប់ចូលប្រទេសថៃវិញ ។
ចែករំលែកព័តមាននេះ