ទីក្រុងប្រ៊ុចសែល៖ ថ្ងៃនេះ សហភាពអឺរ៉ុបមានសារនយោបាយផ្ដាំទៅលោកត្រាំដែលជាមេចំណែកធំនៅក្នុងការស្វែងរកសន្តិភាពនៅអ៊ុយក្រែន និងដែលត្រៀមជួបលោកពូទីននៅថ្ងៃសុក្រ។ អឺរ៉ុបថាអ៊ុយក្រែនត្រូវតែមានសិទ្ធិសម្រេចទៅលើជោគវាសនារបស់ខ្លួន។ មុនពេលជួបគ្នាកម្រិតកំពូលនោះ អឺរ៉ុបចង់ស្កាត់ជួបលោកត្រាំនៅថ្ងៃពុធដើម្បីផ្ដាំផ្ញើពាក្យពេចន៍ខ្លះ។ គម្រោងជួបគ្នារវាងអឺរ៉ុប និងត្រាំរៀបចំឡើងចំពេលដែលអឺរ៉ុបបារម្ភថាវ៉ាស៊ីនតោនអាចនឹងបង្ខំឱ្យអ៊ុយក្រែនទទួលយកកិច្ចព្រមព្រៀងសន្តិភាពដែលខ្លួនមិនពេញចិត្ត។
ថ្នាក់ដឹកនាំសហភាពអឺរ៉ុបលើកលែងតែហុងគ្រីមួយប៉ុណ្ណោះបានចេញសេចក្ដីថ្លែងការណ៍រួមដែលមានសេចក្ដីជាអាទិ៍ថា «ការសម្រេចចិត្តជ្រើសរើសយកមាគ៌ាសន្តិភាពនៅអ៊ុយក្រែនមិនអាចធ្វើឡើងដោយគ្មានអ៊ុយក្រែនចូលរួមនោះទេ។ កិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវតែគោរពច្បាប់អន្តរជាតិ។ នៅក្នុងករណីអ៊ុយក្រែនត្រូវគិតទៅដល់ឯករាជ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន»។ ការថ្លែងដូច្នេះបន្ទាប់ពីលោកត្រាំបង្ហើបឱ្យដឹងថារុស្ស៊ី និងអ៊ុយក្រែនប្រហែលជាត្រូវដូរដីគ្នាដើម្បីពន្លឿនការចរចា។
ក្រឡេកទៅមើលស្ថានការណ៍សឹកនៅសមរភូមិមុខវិញម្ដង។ មុនគម្រោងជួបគ្នាកម្រិតកំពូលរវាងលោកត្រាំ និងលោកពូទីននៅអាឡាស់ស្កា កងទ័ពរុស្ស៊ីវាយសម្រុកទៅមុខលឿនដូចផ្លេកបន្ទោរក្បែរទីក្រុងដូប្រូពីលា (Dobropillia) ដែលជាតំបន់រ៉ែធ្យូងថ្ម។ នេះអាចជាយុទ្ធសាស្ត្រដាក់សម្ពាធទៅលើរដ្ឋាភិបាលទីក្រុងកៀវដើម្បីយល់ព្រមប្រគល់ទឹកដីរបស់ខ្លួនទៅឱ្យរុស្ស៊ី។
ផែនទីរបស់អាជ្ញាធរអ៊ុយក្រែនបង្ហាញថាកងទ័ពរុស្ស៊ីវាយសម្រុកទៅមុខយ៉ាងតិចដប់គីឡូម៉ែត្រនៅភាគខាងជើងត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។ អ៊ុយក្រែនយល់ថានេះជាយុទ្ធនាការដើម្បីចូលកាន់កាប់តំបន់ដូញែតទាំងមូល។ ចលនាវាយសម្រុកយ៉ាងលឿនដល់ថ្នាក់នេះជាការគួរឱ្យភ្ញាក់ផ្អើល។ អ៊ុយក្រែនថារុស្ស៊ីវាយចូលភូមិចំនួនបីនៅត្រង់ចំណុចភ្ជាប់ទៅទីក្រុងកូសត្យាន់ទីនីវកា (Kostyantynivka) និងផូករ៉ូស (Pokrovsk)។
រុស្ស៊ីព្យាយាមវាយព័ទ្ធស្នែងក្របីតំបន់ទាំងនេះព្រោះមើលឃើញចំណុចខ្សោយរបស់អ៊ុយក្រែនដែលខ្វះកម្លាំងទប់ទល់។ អ៊ុយក្រែនបង្ហោះសារនៅលើតេឡេក្រាមថាស្ថានការណ៍សឹកមានលក្ខណៈច្របូកច្របល់បន្តិចដោយសារពួកសត្រូវមើលឃើញចំណុចចន្លោះប្រហោង ដូច្នេះក៏ជ្រៀតចូលកាន់តែជ្រៅ។ គេរំពឹងថាលោកត្រាំ និងលោកពូទីននឹងពិភាក្សាគ្នាអំពីការបង្កើតកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននៅពេលលោកទាំង២ជួបគ្នានៅអាឡាស់ស្កានៅថ្ងៃសុក្រសប្ដាហ៍នេះ។
ប្រភពខ្លះថាលោកពូទីនបានប្រាប់លោកត្រាំថាលោកចង់ឱ្យអ៊ុយក្រែនប្រគល់តំបន់ដូញែតទាំងមូលទៅឱ្យរុស្ស៊ី។ តំបន់នេះមិនទាន់រុស្ស៊ីកាន់កាប់ទាំងស្រុងទេ។ អ៊ុយក្រែននៅកាន់កាប់មួយចំណែក។ រហូតមកដល់ពេលនេះ រុស្ស៊ីមិនទាន់ធ្វើអត្ថាធិប្បាយចំពោះព័ត៌មានដែលថាកងទ័ពខ្លួនវាយសម្រុកនៅដូញែតទេ។ ប៉ុន្តែអ្នកនាំពាក្យកងទ័ពអ៊ុយក្រែនទទួលស្គាល់ថាអគ្គបញ្ជាការកងទ័ពអ៊ុយក្រែន លោកអូឡិចសាន់ដឺ ស៊ីស្គី (Oleksandr Syrskyi) បានចេញបញ្ជាឱ្យពង្រឹងខ្សែការពារ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ