ទីក្រុងបាងកក ៖ ធនាគារកណ្តាលរបស់ថៃ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានកាត់បន្ថយអត្រាការប្រាក់គោលខ្លួនមកនៅត្រឹមួយភាគបួន ដែលជាការកាត់បន្ថយលើកទី៤ នៅក្នុងរយៈពេល១០ខែ ដើម្បីគាំទ្រដល់សន្ទុះកំណើនសេដ្ឋកិច្ចយឺត ដែលកំពុងប្រឈមនឹងអតិផរណាអវិជ្ជមាន និងផលប៉ះពាល់នៃពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើយោងប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ។
គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ បានបោះឆ្នោតជាឯកច្ឆ័ន្ទកាត់បន្ថយអត្រាការប្រាក់ ២៥ពិន្ទុមូលដ្ឋានមកនៅត្រឹម ១,៥០% ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ធនាគារកណ្តាលថៃបានឱ្យដឹងថា សេដ្ឋកិច្ចថៃត្រូវបានគេរំពឹងថានឹងពង្រីកនៅក្នុងឆ្នាំនេះ និងខិតជិតនឹងការវាយតម្លៃមុនៗ ប៉ុន្តែទោះយ៉ាងណាក៏ដោយ គោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យការប្រកួតប្រជែងចុះខ្សោយ ដោយអាជីវកម្មខ្នាតតូចងាយរងគ្រោះ។ សេចក្តីថ្លែងការណ៍បានបន្តថា គណៈកម្មាធិការទស្សនៈថា គោលនយោបាយរូបិយវត្ថុគួរតែមានលក្ខណៈសមស្របក្នុងការឆ្ពោះទៅមុខ ដើម្បីគាំទ្រសេដ្ឋកិច្ចជាតិ។
បើតាមការរំពឹងទុក កំណើនសេដ្ឋកិច្ចរបស់ថៃ ដែលជាប្រទេសសេដ្ឋកិច្ចធំទី ២ នៅអាស៊ីអាគ្នេយ៍នឹងកើនយឺតក្នុងឆមាសទីពីរ នៃឆ្នាំនេះ។ ប្រាក់បាតរបស់ថៃបានធ្លាក់ចុះ ០,១% បន្ទាប់ពីការប្រកាសរបស់ធនាគារកណ្តាលខ្លួន ខណៈដែលភាគហ៊ុនរបស់ប្រទេសនេះ មិនមានការផ្លាស់ប្តូរច្រើននោះទេ។
សេដ្ឋកិច្ចថៃបានតស៊ូជាមួយនឹងការប្រើប្រាស់ក្នុងស្រុកធ្លាក់ចុះ បំណុលគ្រួសារកើនខ្ពស់ វិស័យទេសចរណ៍ដើរយឺត ភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម បូករួមទាំងពន្ធគយរបស់សហរដ្ឋអាមេរិកផងដែរ។ ធនាគារកណ្តាលថៃបានអះអាងថា សេដ្ឋកិច្ចថៃ អាចនឹងកើនឡើងប្រហែល ៣% ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ប៉ុន្តែវានឹងមកជាមួយអារម្មណ៍ថាមានផលប៉ះពាល់នៃពន្ធគយរបស់អាមេរិក និងការថយចុះនៃការប្រើប្រាស់នៅចុងឆ្នាំនេះ។
កិច្ចប្រជុំនៅថ្ងៃទី១៣ ខែសីហា គឺជាកិច្ចប្រជុំចុងក្រោយបង្អសរបស់លោក Sethaput Suthiwartnaruput ទេសាភិបាលធនាគារកណ្តាលថៃ ខណៈទេសាភិបាលថ្មីគឺលោក Vitai Ratanakorn នឹងចូលកាន់តំណែងនៅថ្ងៃទី១ ខែតុលា ខាងមុខនេះ ហើយលោកបាននិយាយថា ការកាត់បន្ថយអត្រាការប្រាក់នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ច។ ចំណែកការត្រួតពិនិត្យគោលនយោបាយបន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី៨ ខែតុលា៕

ចែករំលែកព័តមាននេះ