ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅឋានមួយចំនួនធំ ខណៈពលករខ្មែរនៅបន្តចាកចេញពីថៃ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ដោយ​គិត​ត្រឹម​វេលា​ម៉ោង​៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥ ចំនួន​ពលរដ្ឋ​ភៀស​សឹក​ពី​ការ​ឈ្លានពាន​ប្រដាប់​អាវុធ​របស់​យោធា​ថៃ បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​ខ្លួន​ជា​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ។ ទន្ទឹម​នេះ…

រាជធានី​ភ្នំពេញ ៖ ដោយ​គិត​ត្រឹម​វេលា​ម៉ោង​៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥ ចំនួន​ពលរដ្ឋ​ភៀស​សឹក​ពី​ការ​ឈ្លានពាន​ប្រដាប់​អាវុធ​របស់​យោធា​ថៃ បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​ខ្លួន​ជា​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ។ ទន្ទឹម​នេះ ការ​ចាក​ចេញពី​ប្រទេស​ថៃ​របស់​ពលករ​ខ្មែរ​ក៏​នៅ​បន្ត​ចូល​មក​កម្ពុជា​ជា​បន្តបន្ទាប់ តែ​ធូរស្បើយ​ជាង​មុន​ៗ​។ នេះ​បើ​តាម ក្រសួងមហាផ្ទៃ​បាន​ផ្សាយ​នា​មុន​នេះ ។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ សម្របសម្រួល​ជាមួយ​រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធ លោក​បណ្ឌិត ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ឱ្យ​ដឹង​ថា គិត​មក​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥ ខេត្តឧត្តរមានជ័យ ជនភៀសសឹក​មួយ​ចំនួន​ធំ​បាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ ក្នុង​នោះ​ជនភៀសសឹក​មក​ពី​ស្រុក​បន្ទាយ​អំពិល បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​ប្រមាណ​៩៥% (​ផ្សា​របើក​ប្រមាណ​៩៥%)​។ ក្រុង​សំរោង​ប្រមាណ​៩៧% (​ផ្សា​របើក​ប្រមាណ​៩០%)​។ ស្រុក​អន្លង់​វែង​១០០% (​ផ្សា​របើក​ប្រមាណ​១០០%) និង​ស្រុក​ត្រពាំង​ប្រាសាទ​១០០% (​ផ្សា​របើក​ប្រមាណ​៨៥%)​។ តែ​នៅ​ក្នុង​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥ ពុំ​មាន​ជនភៀសសឹក​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​ទេ ។ បច្ចុប្បន្ន​ចំនួន​ជនភៀសសឹក​ស្នាក់​នៅ​មណ្ឌល​សុវត្ថិភាព​រៀបចំ​ដោយ​រដ្ឋបាល​ខេត្ត​នៅ​សល់​តែ​១​ទីតាំង​ប៉ុណ្ណោះ ដែល​មាន​ចំនួន​២៧៩​គ្រួសារ ស្មើនឹង​៦១៥​នាក់ ក្នុង​នោះ​ស្រី​មាន​ចំនួន​៣៦៦​នាក់​។

ចំណែកឯ​ខេត្តព្រះវិហារ ពលរដ្ឋ​ភៀស​សឹក​មួយ​ចំនួន​ក៏​បាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​ដែរ និង​បច្ចុប្បន្ន​នេះ គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥ មាន​ពលរដ្ឋ​ភៀស​សឹក​ស្នាក់​នៅ​មណ្ឌល​សុវត្ថិភាព ដែល​រៀបចំ​ដោយ​រដ្ឋបាល​ខេត្ត​ទាំង​១៥​ទីតាំង មាន​ចំនួន ៦.០៣៧​គ្រួសារ (​ថយ​ចុះ​៨១៦​គ្រួសារ​) ស្មើនឹង​២០.៦៩៥​នាក់ (​ថយ​ចុះ ២.៩៤៦​នាក់​) ក្នុង​នោះ​ស្រី​មាន​ចំនួន​១១.១៣០​នាក់​។ ទោះបី​យ៉ាងណា សាលារៀន​ចំនួន​៩៧​កន្លែង មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព​សរុប​ចំនួន​១៣​កន្លែង ក្នុងស្រុក​ជាំ​ក្សាន្ត​និង​ស្រុក​គូលែន នៅ​បន្ត​បិទ​ជា​បណ្ដោះអាសន្ន​។

ដោយឡែក ខេត្តសៀមរាប ពលរដ្ឋ​ភៀស​សឹក​ពី​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ​មួយ​ចំនួន​បាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ ដោយ​បច្ចុប្បន្ន​នេះ​មាន​ពលរដ្ឋ​ភៀស​សឹក​កំពុង​ស្នាក់​នៅ​តាម​មណ្ឌល​សុវត្ថិភាព​រៀបចំ​ដោយ​រដ្ឋបាល​ខេត្តសៀមរាប និង​ផ្ទះ​សាច់ញាតិ​ទាំង​២៤​ទីតាំង (​ថយ​ចុះ​៧​ទីតាំង​) គិត​ជា​គ្រួសារ​មាន ២.៤៩៤​គ្រួសារ (​ថយ​ចុះ​១៥​គ្រួសារ​) ស្មើនឹង​៨.៤១៥​នាក់ (​ថយ​ចុះ​១.៦៤៣​នាក់​) ក្នុង​នោះ​ស្រី​មាន​ចំនួន​៤.៥៥៣​នាក់​។

ចំពោះ​ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​នេះ ពលរដ្ឋ​ភៀស​សឹក​ដែល​ស្នាក់​នៅ​មណ្ឌល​សុវត្ថិភាព​រៀបចំ​ដោយ​រដ្ឋបាល​ខេត្ត​និង​ស្នាក់​នៅ​តាម​ផ្ទះ​សាច់ញាតិ​បច្ចុប្បន្ន​មាន​ចំនួន​សរុប ១៤៨​គ្រួសារ (​ថយ​ចុះ​៦៧​គ្រួសារ​) ស្មើនឹង​៥៤៤​នាក់ (​ថយ​ចុះ​២៧៤​នាក់​) ក្នុង​នោះ​ស្រី​មាន​ចំនួន​៣២១​នាក់ និង​កុមារ​ចំនួន​១២៨​នាក់​។

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​បន្ត​ថា ទោះជា​ពលរដ្ឋ​ភៀស​សឹក​មួយ​ចំនួន​ធំ បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ក៏​ដោយ ក៏​រដ្ឋបាល​ខេត្ត​ក្រោម​ការ​សម្របសម្រួល​ដឹកនាំ​របស់​ក្រសួងមហាផ្ទៃ នៅ​បន្ត​យកចិត្តទុកដាក់​ពិនិត្យ​ទីតាំង​មណ្ឌល​សុវត្ថិភាព រក្សា​សន្តិសុខ ទឹក កញ្ចប់​អាហារ គ្រឿង​ឧបភោគបរិភោគ ប្រព័ន្ធ​ទឹក​ស្អាត អគ្គិសនី បង្គន់​អនាម័យ ក្រុម​គ្រូពេទ្យ​ថែ​ទាំង​ជំងឺ បន្ត​ទទួល និង​បែងចែក​អំណោយ​របស់​ក្រសួង ស្ថាប័ន និង​សប្បុរសជន​នានា ជូន​ដល់​បងប្អូន​ពលរដ្ឋ​ភៀស​សឹក​នៅ​តាម​មណ្ឌល​សុវត្ថិភាព​ជា​បន្ត ។

ក្រៅពី​ព័ត៌មាន​ជុំវិញ​ពលរដ្ឋ​ភៀស​សឹក យើង​ងាក​មក​កត់សម្គាល់​ចំនួន​ពលករ​ខ្មែរ​ចាក​ចេញពី​ប្រទេស​ថៃ​វិញ​ម្ដង ។ ផ្ដើម​ចេញពី​ខេត្តបាត់ដំបង លោក​បណ្ឌិត ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥ ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ត្រឡប់​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​ក្នុង​ខេត្តបាត់ដំបង​សរុប​ចំនួន​១.៤៤៧​នាក់​(​ស្រី ៤៨២​នាក់ និង​កុមារ ៣១​នាក់​)​។ ខេត្តបន្ទាយមានជ័យ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ចូល​តាម​ច្រកព្រំដែន​មាន​ចំនួន​សរុប​១២៦​នាក់ ស្រី​៤៩​នាក់​។ ខេត្តកោះកុង ប្រជាពលរដ្ឋ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ថៃ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​មាន​ចំនួន​១៥​នាក់​(​ស្រី​៣​នាក់​)​។ ខេត្ត​ប៉ៃលិន ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ចំនួន​សរុប​៦៥៥​នាក់ (​ស្រី ២៣៤​នាក់​) និង​ខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​និង​បាន​ទៅ​ដល់​លំនៅ​ឋាន​វិញ​ចំនួន​១៣៥​នាក់ (​ស្រី ៥៩​នាក់​)​។

ទាក់ទង​នឹង​ការ​គាំពារ​ពលករ​ខ្មែរ​នេះ កាលពី​ម្សិលមិញ រដ្ឋបាល​រាជធានី ខេត្ត​ពាក់ព័ន្ធ​បាន​រៀបចំ​រថយន្ត​ចំនួន​៧៨​គ្រឿង សម្រាប់​ដឹក​ជញ្ជូន​ពលករ​ខ្មែរ ដែល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ទៅ​កាន់​លំនៅ​ឋាន និង​បាន​ឧបត្ថម្ភ​គ្រឿង​ឧបភោគបរិភោគ ព្រមទាំង​សម្ភារ​ប្រើប្រាស់​ចាំបាច់​មួយ​ចំនួន ។ ដូច​គ្នា​ដែរ យោង​តាម​គោលការណ៍​ណែនាំ របស់ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋបាល​ខេត្ត ដែល​មាន​ពលករ​ខ្មែរ​វិល​ចូល​មក​វិញ ក៏​បន្ត​សម្របសម្រួល គាំទ្រ ឧបត្ថម្ភ​ថវិកា រៀបចំ​ផ្ដល់​ឯកសារ​សម្គាល់​អត្តសញ្ញាណ​នានា ពិសេស ឯកសារ​បម្រើ​ដល់​ការ​ស្វែងរក​ការងារ​ធ្វើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ