ខេត្តកំពង់ចាម ៖ គួរឱ្យអាណិតអាសូរជាពន់ពេក បន្ទាប់ពីជីតាព្រមទាំងចៅៗចំនួនបីនាក់ទៀតបានជិះទូកត្នោតទៅរាយមង ចៃដន្យមេឃខ្មៅងងឹតប៉ះខ្យល់កន្ត្រាក់ជាហេតុបណ្ដាលឱ្យលិចទូកត្នោតស្លាប់ទាំងបួននាក់នៅចំណុចមេទឹកថ្មី ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីវេលាម៉ោង៤និង១០នាទី រសៀលថ្ងៃទី១២ សីហា ឆ្នាំ២០២៥ ។
នេះជាសោកនាដកម្មក្នុងគ្រួសារកសិករដែលមានជីវភាពខ្វះខាត ដោយម្ដាយឪពុកបានចេញទៅធ្វើការបាត់ ទុកកូនៗឱ្យជីតាជាអ្នកមើលថែជំនួស។
សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី១៣សីហាថា: ដំបូងជីតាឈ្មោះមាស មឿន អាយុ៥៣ឆ្នាំ រស់នៅភូមិស្ទឹងឆ្វេង បានហូបស្រាបៀរអស់ពីរទៅបីកំប៉ុង នៅផ្ទះរបស់ខ្លួនកាលពីព្រឹកថ្ងៃទី១២សីហាឆ្នាំ២០២៥ ព្រមទាំងបានទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងចៅប្រុសស្រីចំនួន៤នាក់ទៀតផង។
សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថារហូតដល់ពេលរសៀលជីតារូបនេះបានយកមង ដើម្បីទៅរាយចាប់ត្រីនៅចំណុចមេទឹកថ្មីដែលមានចម្ងាយប្រមាណ៦០០ ម៉ែត្រពីផ្ទះរបស់ខ្លួន។ ក្នុងពេលនោះក៏មានចៅស្រីចំនួនបីនាក់ដែលទៅតាមបានឡើងជិះទូកត្នោតទៅជាមួយជីតាផងដែរ។ ចៃដន្យពេលកំពុងតែចេញទូកមិនទាន់នឹងបានរាយមងផងនោះស្រាប់តែមេឃខ្មៅងងឹតហើយខ្យល់កន្ត្រាក់បោកបក់ជាខ្លាំងជាហេតុបណ្ដាលឱ្យលិចទូកត្នោតស្លាប់ទាំងបួននាក់ជីតានិងចៅបីនាក់។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិទាំង៤នាក់ខាលើរួមមាន ១-ឈ្មោះមាស មឿន ភេទប្រុសអាយុ៥៣ឆ្នាំ (ស្លាប់) ២-ឈ្មោះភាព ចរិយា ភេទស្រី អាយុ៥ឆ្នាំ (ស្លាប់) ៣-ឈ្មោះសៅ សុជាតា ភេទស្រីអាយុ៣ឆ្នាំ (ស្លាប់) ៤-ឈ្មោះសៅ កញ្ញា ភេទស្រីអាយុ៣ឆ្នាំ (ស្លាប់) ។
មូលហេតុ: បណ្ដាលមកពីរខ្យល់កន្ត្រាក់បណ្ដាលអោយវ៉ៃទុកលិចតែម្ដង ។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថាបន្ទាប់ពីឪពុកម្ដាយរបស់ក្មេងបានត្រឡប់មកពីធ្វើការងារនៅរោងចក្រវិញពេលមកដល់ផ្ទះបានបាត់កូនព្រមទាំងជីតាមិនឃើញពេលនោះក៏មានការភ្ញាក់ផ្អើលដល់អ្នកភូមិផងរបងជាមួយ បាននាំគ្នាតាមមើលចេញពីកន្លែងមួយទៅកន្លែងមួយ។
គ្រាចុងក្រោយបាននាំគ្នាដើរមកតាមរកនៅចំណុចមេទឹកក៏ប្រទះឃើញទូកត្នោតអណ្ដែតមានការសង្ស័យប្រជាពលរដ្ឋព្រមទាំងក្រុមសាច់ញាតិបាននាំគ្នាចុះទឹករាវរកក៏ប្រទះឃើញសពចៅនៅវេលាប្រមាណ១១យប់ ហើយក៏តាមរកបន្តបន្ទាប់ទៀតឃើញសពទាំងបួននាក់និងបាននាំគ្នាសែងមកផ្ទះទាំងមេឃកំពុងភ្លៀងផង។ ដោយទទួលបានបញ្ជាពីលោកអធិការនគរបាលស្រុកបាធាយហើយបង្កើតគណៈកម្មការចម្រុះពិនិត្យសព្វទាំងបួននាក់ឃើញថាពិតជាបានលង់ទឹកស្លាប់មែន រួចបានប្រគល់ឱ្យសាច់ញាតិដើម្បីរៀបចំធ្វើបន្សប់តាមប្រពៃណី ៕
ចែករំលែកព័តមាននេះ