ក្រោយពេលដែលរដ្ឋាភិបាលដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសាន» កាលពីខែមេសា ឆ្នាំ២០២៥មកនោះ នៅពេលនេះផលនៃការដាក់ចេញនេះ បានបង្ហាញនូវលទ្ធផលគួរឲ្យរីករាយ ។ តាមការប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះបានឲ្យដឹងថា…
ក្រោយពេលដែលរដ្ឋាភិបាលដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសាន» កាលពីខែមេសា ឆ្នាំ២០២៥មកនោះ នៅពេលនេះផលនៃការដាក់ចេញនេះ បានបង្ហាញនូវលទ្ធផលគួរឲ្យរីករាយ ។
តាមការប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះបានឲ្យដឹងថា នៅក្នុងចំណោមគម្រោងសរុប៣៧៣គម្រោង ដែលមានទុនសរុបប្រមាណជា៥,៨ពាន់លានដុល្លារ និងបង្កើតការងារធ្វើសរុបប្រមាណជា២៥៥ពាន់កន្លែង នៅភូមិភាគឦសាន្ត៤ នៅកម្ពុជា គឺសុទ្ធតែបានទាក់ទាញគម្រោងវិនិយោគ ដែលមានតម្លៃលើសពី៥៧០លានដុល្លារឯណោះ ។

ប្រភពដដែលបានឲ្យដឹងថា សម្រាប់ខេត្តស្ទឹងត្រែង គឺអាចទាក់ទាញបាន១គម្រោង ខេត្តរតនៈគីរី បាន១គម្រោង ខេត្តក្រចេះបាន១គម្រោង ហើយខេត្តមណ្ឌលគីរីបាន២គម្រោង ។ គម្រោងដែលធំបំផុត សម្រាប់តំបន់ភូមិភាគឦសាន្តនោះ គឺគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់២គម្រោង ដែលអាចទាញថាមពលបាន៣០០មេហ្គាវ៉ាត់ នៅខេត្តមណ្ឌលគីរី ។
គម្រោងនេះ គឺជាគម្រោងថ្មីបំផុតប្រចាំកម្ពុជា ដោយសារតែកម្ពុជាមិនមែនមានគម្រោងបែបនេះពីមុនមកឡើយ ។ គម្រោងនេះ មានទុនសរុបប្រមាណជា៤៣០លានដុល្លារ ដែលអាចបង្កើតការងារធ្វើបានសរុបដល់ទៅ១៧០កន្លែង ។ គម្រោងធំទី២ នៅខេត្តភាគឦសាន្តនោះ គឺគម្រោងពង្រីកផលិតកម្មកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំដែលមានទីតាំងនៅស្នូល ខេត្តក្រចេះ មានទុនវិនិយោគសរុបប្រមាណជា១២០លានដុល្លារ អាចបង្កើតការងារធ្វើសរុបបាន៩១៥កន្លែង ។

ចំណែកខេត្តស្ទឹងត្រែង ទទួលបានគម្រោងបង្កើតរមណីដ្ឋានទេសចរណ៍សេវាកម្មចម្រុះដែលមានទីតាំងនៅខេត្តស្ទឹងត្រែង មានទុន២០លានដុល្លារ ដែលអាចបង្កើតការងារធ្វើបាន១៤២កន្លែងដែរ ។ ចំណែកខេត្តរតនគីរី ក៏ទទួលបានមួយគម្រោងវិនិយោគផងដែរ ប៉ុន្តែរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមិនបញ្ជាក់ច្បាស់អំពីគម្រោងនេះទេ ។ នេះ គឺជាសមិទ្ធផលដ៏ធំធេងរបស់កម្ពុជាដែលអាចចាប់ផ្តើមធ្វើពិពិធកម្ម និងពង្រាយរោងចក្រឧស្សាហកម្មនៅពាសពេញប្រទេស សំដៅធ្វើយ៉ាងណាបង្ខិត និងបង្កើតរបាយការងារធ្វើជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ។ នេះគឺជាប្រសិទ្ធភាពមួយដែលចាំបាច់ត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យសន្ទុះនៃការអភិវឌ្ឍនៅក្នុងប្រទេសឈានឡើងបន្ថែមទៀត ។
អ្នកជំនាញ និងអ្នកដឹកនាំ នៅខេត្តភូមិភាគឦសាន្តទាំង៤ សូមកុំបញ្ឈប់ ឬមានអារម្មណ៍ឆ្អែតនឹងគម្រោងដែលមាន ។ អស់លោកត្រូវតែបន្តខិតខំរក្សាការពារ និងផ្តល់ការលើកទឹកចិត្តដល់គម្រោងវិនិយោគដែលមានស្រាប់កុំអោយវាស្លា.ប់ទៅវិញ ហើយពូនជ្រុំ ស្វែងរកការទាក់ទាញគម្រោងថ្មីៗ ដើម្បីសកម្មភាពសេដ្ឋកិច្ចក៏ដូចជា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចតាមតំបន់ និងតាមវិស័យឲ្យកាន់តែកើតឡើងបន្ថែមទៀត ។
សរុបទៅ បណ្តាខេត្តនៅភូមិភាគឦសាន្តនៅកម្ពុជានឹងលែងក្លាយជាខេត្តដែលដាច់ស្រយាលនៅកម្ពុជាទៀតហើយ ។ គម្រោងវិនិយោគទាំងនេះនឹងបន្តពូនជ្រុំសកម្មភាពអភិវឌ្ឍន៍នៅខេត្តទាំង៤នេះ ឲ្យកាន់តែរស់រវើក និងសកម្ម ហើយក្លាយជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍មានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងគោលនយោបាយជាតិនានា ។
ជាមួយនឹងគម្រោងនានា ដែលទទួលបាន វា គឺជាគម្រោងមូលដ្ឋានគ្រឹះសម្រាប់ជំរុញចលករនៃសក្តានុពលនៅក្នុងខេត្តទាំងនេះ ឈានទៅអភិវឌ្ឍសេដ្ឋកិច្ចដែលមានលក្ខណៈកាន់តែរស់រវើកឡើងថែមទៀត ៕
ចែករំលែកព័តមាននេះ