ពាណិជ្ជកម្មកម្ពុជាមួយពិភពលោកបានកើនឡើងដល់ជាង៣០ពាន់លានដុល្លារនៅក្នុងកន្លះឆ្នាំ២០២៥ ដោយធ្វើអោយស្ថានភាពប្រាក់ចំណូលពន្ធគយ ដែលហាក់ស្ងប់ស្ងាត់មួយរយៈពេលកន្លងបានកម្រើកឡើងវិញដែរ ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នៅឆមាសទី១ ដើមឆ្នាំ២០២៥នេះប្រទេសកម្ពុជា បានប្រមូលចំណូលពន្ធគយសរុបចំនួន១,៤៧ពាន់លានដុល្លារ…
ពាណិជ្ជកម្មកម្ពុជាមួយពិភពលោកបានកើនឡើងដល់ជាង៣០ពាន់លានដុល្លារនៅក្នុងកន្លះឆ្នាំ២០២៥ ដោយធ្វើអោយស្ថានភាពប្រាក់ចំណូលពន្ធគយ ដែលហាក់ស្ងប់ស្ងាត់មួយរយៈពេលកន្លងបានកម្រើកឡើងវិញដែរ ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នៅឆមាសទី១ ដើមឆ្នាំ២០២៥នេះប្រទេសកម្ពុជា បានប្រមូលចំណូលពន្ធគយសរុបចំនួន១,៤៧ពាន់លានដុល្លារ ពោល គឺកើនឡើង២១ភាគរយ បើធៀបនឹងរយៈពេលដដែល កាលពីឆ្នាំ២០២៤ ។
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ចំណូលពន្ធគយ ដែលអគ្គនាយកដ្ឋានប្រមូលបាននេះ គឺស្មើនឹងជិត៥៩ភាគរយនៃគោលដៅចំណូលដែលបានកំណត់សម្រាប់ឆ្នាំ២០២៥ ។
លោកអះអាងថា ៣៦,២ភាគរយនៃចំណូលគយ ក្នុងអំឡុងខែមករា ដល់ខែមិថុនា គឺបានមកពីយានយន្ត និងគ្រឿងចក្រ,ទំនិញប្រើប្រាស់ចម្រុះមានចំនួន៣២,២ភាគរយ, ប្រេងឥន្ធនៈសរុប២៣,៧ ភាគរយ ហើយសម្ភារសំណង់ គឺ ៧,៩ ភាគរយ ។
ទំហំនៃកំណើនប្រាក់ចំណូលនេះ ត្រូវបានកម្រើកឡើង ខណៈដែលនៅឆមាសទី១ ដើមឆ្នាំទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា គឺបានឈានដល់៣០,៥៧ ពាន់លានដុល្លារ កើនឡើង ១៧ ភាគរយឯណោះ ។
យោងតាមស្ថិតិពីស្ថាប័នដដែល បានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជា គឺមានទំហំរហូតដល់ទៅ១៤,២៩ ពាន់លានដុល្លារ ពោល គឺកើនឡើង១៦ភាគរយ រីឯការនាំចូលសរុប គឺមានតម្លៃរហូតដល់១៦,២៨ ពាន់លានដុល្លារកើនឡើង១៨ ភាគរយ ។
របាយការណ៍បាននិយាយថា ដៃគូពាណិជ្ជកម្មកំពូលទាំង៥ របស់ប្រទេសកម្ពុជា នៅពេលនេះ គឺប្រទេសចិនសហរដ្ឋអាមេរិក វៀតណាម ថៃ និងជប៉ុន ។
ប្រទេសកម្ពុជា បាននាំចេញជាចម្បងនូវផលិតផលកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរកង់កៅស៊ូស្ងួត អង្ករ ចេក ស្វាយចន្ទី ស្វាយជាដើម ហើយនាំចូលមកវិញនូវវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ ប្រេងឥន្ធនៈ សម្ភារៈសំណង់ រថយន្ត និងម៉ូតូ ផលិតផលអេឡិចត្រូនិក ទំនិញប្រើប្រាស់ ផលិតផលឱសថ និងគ្រឿងសំអាង ។
អ្នកវិភាគបានឲ្យដឹងថា ប្រសិនបើកម្ពុជាអាចលៃលកនៅក្នុងការចរចាជាមួយនឹងសហរដ្ឋអាមេរិកដែលបើកឱកាសឲ្យចរចារបញ្ចុះពន្ធគយ ក្រោម៣៦ភាគរយទម្រាំដល់ពេលអនុវត្តនៅថ្ងៃទី០១ ខែសីហាខាងមុខនេះ បន្ថែមទៀតនោះ កំណើននៃការនាំចេញនឹងនៅបន្តមានគួរសម ហើយនៅពេលនោះចំណូលពន្ធគយ និងពន្ធដា ដែលជាប្រភពចំណូលចិញ្ចឹមជាតិនឹងកាន់តែមានស្ថានភាពវិជ្ជមានបន្ថែមទៀត ។
សព្វថ្ងៃនេះ ចំណូលពន្ធគយ និងពន្ធដា នេះគឺជាសរសរស្តម្ភដ៏សំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច ក្រៅពីនោះ គឺនៅមានចំណូលពីទេសចរណ៍ និងវិស័យផ្សេងៗទៀត ៕
ចែករំលែកព័តមាននេះ