ខេត្តបន្ទាយមានជ័យ ៖ គណៈបញ្ជាការឯកភាពស្រុកម៉ាឡៃ លោក ស្វាយ ជា អភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ បានដឹកនាំកម្លាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចុះអនុវត្តបង្ក្រាបករណីការនាំសត្វគោឆ្លងដែនពីប្រទេសថៃចូលដោយខុសច្បាប់ មកប្រទេសកម្ពុជា នៅចំណុចច្រកគោកស្បែង ស្ថិតក្នុងភូមិ សន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ កាលពីវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ។
ជនសង្ស័យ ចំនួន ០២នាក់រួមមាន ៖ ១.ឈ្មោះ ភ័ណ្ឌ ផេង ភេទប្រុស អាយុ៣៥ឆ្នាំ និងទី២.ឈ្មោះ ផេង ផៃ ភេទ ប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្នុងថ្ងៃដដែលនោះដែរ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដឹកនាំដោយលោកអនុសេនីយ៍ឯក ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានទំនាក់ទំនង និងធ្វើការប្រគល់-ទទួលជាមួយកម្លាំងប្រតិបត្តិការយោធាសឹករងបន្ទាយមានជ័យ ដែលប្រចាំការនៅព្រំដែនទិសបឹងត្រកួន ដោយលោកវរសេនីយ៍ទោ ភួន ភារ័ត្ន បានធ្វើការប្រគល់-ទទួល ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ស្រិប នៀត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ពាក់ព័ន្ធ ករណីនាំសត្វគោឆ្លងដែន ពីប្រទេសថៃខុសច្បាប់ នៅចំណុចភូមិតាសី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ផងដែរ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជានាំសត្វគោឆ្លងដែន ពីប្រទេសថៃដោយខុសច្បាប់ពិតប្រាកដមែន ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕







ចែករំលែកព័តមាននេះ