រាជធានីភ្នំពេញ ៖ អ្នកឧកញ៉ា កុក អាន បានបបួលថៃ ប្ដឹងទៅតុលាការអន្តរជាតិ ករណីប្រឌិតចោទលោកថា បានប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន និងបង្កើតមជ្ឈមណ្ឌលឆបោកតាមអនឡាញ (online) នេះបើតាមការស្រង់សម្ដីរបស់សារព័ត៌មានក្នុងស្រុកមួយ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ។
បើតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានលើកឡើងយ៉ាងដូច្នេះថា អ្នកឧកញ៉ា កុក អាន បានឆ្លើយតបយ៉ាងដូច្នេះថា បើចង់ដឹងការពិតប្រាកដថា អ្នកណាល្អ អ្នកណាអាក្រក់ ដោយអ្នកឧញ៉ា បបួលថៃប្ដឹងតតាំងជាមួយគ្នាទៅតុលាការអន្តរជាតិ ដើម្បីរកខុសត្រូវ ដោយកុំយកតុលាការប្រទេសនីមួយៗ មកសម្អាងអី គឺត្រូវយកតុលាការអន្តរជាតិ តែម្ដង ជៀសវាងការលម្អៀង ។
ប្រភពបានបន្តទៀតថា អ្នកឧកញ៉ា កុក អាន បានអះអាងថា ករណីដែលថៃលើកឡើងនេះ គឺជារឿងប្រឌិតសុទ្ធសាធ ព្រោះថា លោកមិនដែលមានផ្ទះ ឬអ្វីៗ នៅក្នុងទឹកដីប្រទេសថៃនោះឡើយ ។
អ្នកឧកញ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា ៖ “អ្នកចង់យកអី យកចុះ រឹបយកអី យកចុះ កុំថា ឡើយប្រាក់ដល់ ២៧លានបាតសូម្បីតែប្រាក់ ៥០ដុល្លារ ក៏លោកគ្មាននៅក្នុងប្រទេសថៃនោះដែរ។ រីឯផ្ទះ ដែលសមត្ថកិច្ចថៃ ថតយកមកផ្សព្វផ្សាយនោះក៏លោកមិនដឹងថា ជាផ្ទះរបស់អ្នកណានោះដែរ គឺលោកគ្មានផ្ទះនៅទីនោះទេ” ។
បើតាមអ្នកកឧកញ៉ា កុក អាន អះអាងទៀតថា ភាគីថៃ បានប្រឌិតរឿងស្មោគគ្រោគ ដើម្បីទំលាក់ទំហុសមកលើប្រទេសកម្ពុជា ។ លោកបន្តថា លោកគឺជាជនជាតិខ្មែរ រស់នៅលើទឹកដីប្រទេសខ្មែរ ចង់អភិវឌ្ឍន៍ទឹកដីប្រទេសកម្ពុជាពោលគឺមិនដូចជាទាហានថៃ ជនជាតិថៃ ឬរដ្ឋាភិបាលដែលជ្រុលនិយម មានមហិច្ឆតា ទុច្ចរិត ចង់ឈ្លានពានយកទឹកដីប្រទេសកម្ពុជា នោះទេ។
សូមជម្រាបថា បើយោងតាមកាសែតក្នុងស្រុកថៃ ដែលចុះផ្សាយ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ថា អ្នកឧញ៉ា កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជា ត្រូវតុលាការថៃចេញដីកាចាប់ខ្លួន បន្ទាប់ពីអាជ្ញាធរថៃ រកឃើញថា ជំនួញជាច្រើនរបស់អ្នកឧញ៉ា ជាប់ពាក់ព័ន្ធនឹងក្រុមបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មលាងលុយកខ្វក់ ។
ក្នុងការចុះផ្សាយរបស់កាសែតថៃ ដីកាចាប់ខ្លួនអ្នកឧញ៉ា កុក អាន នេះធ្វើឡើងដោយសម្អាងលើភស្តុតាងរឹងមាំ បន្ទាប់ពីអាជ្ញាធរថៃ បានឆ្មក់ចូលឆែកឆេរទីតាំងចំនួន ១៩កន្លែង ដែលជាកម្មសិទ្ធិរបស់អ្នកឧញ៉ា ដោយរឹបអូសបានរថយន្តទំនើបៗ និងលុយប្រមាណ ២៧លានបាត និងទីតាំងជិត ២០កន្លែងនោះ ស្ថិតនៅក្នុងទីក្រុងបាងកក ខេត្តសាមុតប្រាកាន និងខេត្តឈុនបុរី របស់ថៃ ដែលត្រូវបានអាជ្ញាធរថៃ ដាក់ការសន្និដ្ឋានបឋមថា ជាមជ្ឈមណ្ឌលលាងលុយកខ្វក់ និងជាកន្លែងឆបោកតាមអនឡាញ ៕



ចែករំលែកព័តមាននេះ